pause
音量+
Play
音量-

វីដេអូ

វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​វិសេស​របស់​ក្រុង​ស៊ីអាន
2013-08-24 18:02:03   cri  Web Editor:Xu Zhen

       បេតិកភ័ណ្ឌ​វប្បធម៌   ​ជា​ទ្វារ​ធំ​មួយ​សម្រាប់​មនុស្ស​ជាតិ​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​


ហើយ​ក៏​បាន​កត់ត្រា​ពី​រឿង​រស់នៅ​និង​លេខ​សម្ងាត់​អភិវឌ្ឍន៍​របស់​មនុស្ស​ជាតិ​ផងដែរ ។​   ក្នុង​ថានៈ​ជា​រាជ​ធានី​របស់​រជ្ជកាល​ចំនួន​១៣​នៃ​បុរាណ​ប្រទេស​ចិន   ក្រុង​ស៊ីអាន​មាន​ប្រវត្ត​កសាង​ទីក្រុង​រយៈពេល​ជាង​៣០០០​ឆ្នាំ​  មាន​ប្រវត្ត​កសាង​រាជធានី​រយៈពេល​ជាង​១១០០​ឆ្នាំ   ​ជា​រាជធានី​១​ក្នុង​ចំណោម​រាជធានី​ដែល​មាន​រយៈពេល​កសាង​យូរ​ជាង​គេ​ ជា​រជ្ជកាល​មាន​រាជធានី​ច្រើន​ជាង​គេ   ​និង​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ចិន ។​  បេតិកភ័ណ្ឌ​វប្បធម៌​ក្រុង​ស៊ីអាន​  មាន​អត្ថរស​និង​អត្ថន័យ​ដ៏​សំបូរ​និង​របស់​របរ​ជា​ច្រើន​ប្រ​ភេទ​។​   ថ្ងៃនេះ​យើង​ខ្ញុំ​សូម​នាំ​អារម្មណ៍​លោក​អ្នក​ទៅ​ក្រុង​ស៊ីអាន​  ដើម្បី​រួម​គ្នា​ផ្តោត​អារម្មណ៍​ទៅ​លើ​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​វិសេស​របស់​ក្រុង​ស៊ីអាន ។


       ជា​បឋម​យើង​ខ្ញុំ​នឹង​ផ្តល់​សំណួរ​៣​ជូន​អស់​លោក​អ្នក​ស្តាប់​ក្នុង​កម្មវិធី​ថ្ងៃ​នេះ​។


       ទី​១​៖ តើ​ឧបករណ៍​ភ្លេង​ដែល​ធ្វើ​កំណាយ​នៅ​ស្ថានីយ៍​បុរាណ​ដែល​ស្ថិត​នៅ​បុរាណដ្ឋាន​ប៉ាន់ភ​ស្រាន់ស៊ី​ឈ្មោះ​អ្វី​  ?


       ទី​២​៖  ​រូប​ស្មូនដីឥដ្ឋ​ក្នុង​ផ្នូរ​ស្តេច​ឈីងស៊ី​  តើ​អ្នកណា​រក​ឃើញ​មុន​គេ​  ?


       ទី​៣​៖  ​តើ​រតនៈ​វត្ថុ​ប្រ​ចាំ​នៅ​ក្នុង​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ស៊ីអាន​មាន​ឈ្មោះ​អ្វី​  ?


        ទំនុក​ភ្លេង​ដែល​លោក​អ្នក​កំពុង​ស្តាប់​នេះ   ជា​ទំនុក​ភ្លេង​ផ្លុំប្រគំ​ដោយ​ឧបករណ៍​ភ្លេងម្យ៉ាង​ឈ្មោះ​ស៊ីន  ​។   តាម​ការ​បញ្ជាក់​របស់​បុរាណ​វត្ថុ​វិទូ   ​ឧបករណ៍​ភ្លេង​ស៊ីន​គឺ​មាន​តាំង​ពី​យុគសម័យ​បុរេប្រវត្តិ​   ការ​រក​ឃើញ​និង​កកាយ​ចេញ​ពី​ដី​លើក​ដំបូង​គឺ​នៅ​បុរាណដ្ឋាន​ប៉ាន់ភ​   បុរាណ​ដ្ឋាន​នេះ​  បាន​បង្ហាញ​ពី​អរ្យធម៌​មនុស្ស​ជាតិ​នៃ​សង្គម​មតេយ្យ​ដ៏​រុងរឿង​ប្រមាណ​៧០០០​ឆ្នាំ​មុខ ។​   ស្នូរ​ភ្លេង​នៃ​ឧបករណ៍​ភ្លេងស៊ីន​កំសត់​លន្លង់​លន្លោច​   មាន​គុណភាព​ស្នូរភ្លេង​ដ៍​ពិសេស ។​   មនុស្ស​បុរាណ​បាន​ប្រៀបធៀប​ស្នូរភ្លេង​នៃ​ឧបករណ៍​ភ្លេងស៊ីន​  ជា​ស្នូរភ្លេង​ក្នុង​រដូវ​ស្លឹកឈើជ្រុះ​   ពេល​ស្តាប់​ស្នូរភ្លេង​នៃ​ឧបករណ៍​ភ្លេងស៊ីន​ប្រហែល​អាច​បើក​ទ្វារ​សម្រាប់​មនុស្ស​ទំនាក់ទំនង​ជាមួយ​ធម្មជាតិ​   អ្នកផង​ស្ទើតែ​អាច​លូកដៃ​ពី​ដួងចិត្ត​ទៅ​ស្ទាប​រដូវ​ស្លឹកឈើជ្រុះ​   រដូវ​ស្លឹកឈើជ្រុះ​ជា​រដូវ​ព៌ណមាស​  មាន​ភាព​ស្ងប់ស្ងាត់​   ហើយ​ក៏​គួរឲ្យ​អ្នកផង​រិះគិត​យ៉ាង​ម៉ត់ចត់​ដែរ​ ។   មាន​សំឡេង​ស្រងេះ​ស្រងោច​ដូចជា​ស្ថិត​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ ដែល​មាន​ស្លឹកឈើ​រុះរោយ​ពេញដី​ ។


        មកទល់​នឹង​បច្ចុប្បន្ន​  រចនា​បថវប្បធម៌​និង​យូរ​អង្វែង​ដ៏​ពិសេស​នៃ​ឧបករណ៍​ភ្លេងស៊ីន​នៅតែ​នាំឲ្យ​អ្នកផង​មិនអាច​បំភ្លេច​បាន​ ។​   បច្ចុប្បន្ន​ឧបករណ៍​ភ្លេងស៊ីន​ដែល​ធ្វើដោយ​ដីឥដ្ឋ​បាន​ប្រើប្រាស់​ជា​ទូទៅ​ក្នុង​ក្រុមភ្លេង​ជនជាតិ​ចិន​ហើយ​  មាន​តន្ត្រីករ​ដ៏​ល្បីឈ្មោះ​មិនតិចទេ​បាន​តែង​ទំនុកភ្លេង​សម្រាប់​ឧបករណ៍​ភ្លេងស៊ីន​  បាន​ធ្វើឲ្យ​ឧបករណ៍​ភ្លេង​ដ៏​បុរាណ​នេះ​ពេល​បច្ចុប្បន្ន​នេះ​  នៅតែ​បញ្ចេញ​ពន្លឺ​ដដែល​ ។


        ពិតមែនហើយ​  របស់​ដែល​មានឈ្មោះ​ជាងគេ​នៅ​ក្រុង​ស៊ីអាន​  ជា​រូបស្មូន​ដីឥដ្ឋ​ទាហាន​និង​សេះ​ក្នុង​ផ្នូរ​ស្តេចឈីង​  ដែល​បាន​ត្រូវគេ​ហៅថា​ជា​អច្ឆរិយវត្ថុ​ធំ​ទី៨​លើ​ពិភព​លោក​ ។​   ចេញ​ដំណើរ​ពី​ក្រុង​ស៊ីអាន​តាម​ផ្លូវថ្នល់​ល្បឿនលឿន​ទៅកាន់​ទឹស​ភាគ​ខាងកើត​ប្រមាណ​រយៈពេល​៣០​នាទី​   ក៏​អាច​មើលឃើញ​ភ្នំ​លីសាន​  ដែល​មាន​ទេសភាព​ស្រស់​ប្រិមប្រិយ​ ។​   នៅ​ព្រៃ​ខាងជើង​ភ្នំ​លីសាន​   ក្នុង​ព្រៃជ្រៅ​មាន​សំណង់​ដ៏​ធំ​វិសេស​និង​មាន​ក្បាច់​រចនា​ពី​ខាងក្រៅ​នេះ​  គឺ​ជា​សារមន្ទីរ​រូបស្មូន​ដីឥដ្ឋ​ទាហាន​និង​សេះ​ក្នុង​ផ្នូរ​ស្តេច​ឈីង​ដែល​មាន​ឈ្មោះល្បី​លើ​ពិភពលោក​ ។


        ស្ទើរតែ​រាល់ថ្ងៃ​   សុទ្ធតែ​មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​យ៉ាងច្រើន​ទៅ​ទស្សនា​រូប​ស្មូន​ដីឥដ្ឋ​ទាហាន​និង​សេះ​របស់​ស្តេចឈីង​ ។​   កាលពី​ឆ្នាំ​២២១​មុន​គ្រឹះសករាជ​   ស្តេច​ឈីង​ឈ្មោះ​អ៊ីងចឹង​   បាន​​បង្កើត​ប្រទេស​របប​មជ្ឈការ​មាន​ច្រើន​ជនជាតិ​  ដែល​បង្រួប​បង្រួម​ទី១​ក្នុង​ប្រទេស​ចិន​   ហើយ​នៅបាន​កសាង​ផ្នូរ​ដ៏​ធំ​វិសេស​១​សម្រាប់​ខ្លួនឯង​ផង​ ។  ​នៅ​កន្លែង​ខាងកើត​ឃ្លាតពី​ផ្នូរ​ស្តេចឈីង​ចំងាយ​១.៥​គីឡូម៉ែត្រ​   មាន​ភូមិ​ស៊ីយ៉ាង​ដែល​ជា​ភូមិ​តូច១​ ។


ដើមឡើយ​  ខាងត្បូង​ភូមិ​ស៊ីយ៉ាង​មាន​ចំការ​ផ្លែទន្លាប់​  នៅ​ទីនោះ​មាន​ផ្នូរ​បុរាណ​ជាច្រើន​និង​មាន​ដុំថ្ម​គរ​ជា​គំនរ​ ។   កាលពី​ខែ​មិនា​ឆ្នាំ​១៩៧៤​   អ្នកភូមិ​ឈ្មោះ​យ៉ាងចឺហ្វា​និង​យ៉ាងភៃអ៊ាន​  និង​អ្នកភូមិ​ផ្សេងទៀត​ប្រមាណ​ជា​ជាង​១០នាក់​  បាន​នាំគ្នា​ជីក​អណ្តូង​នៅ​ក្នុង​ចំការ​ទន្លាប់​   ដើម្បី​យកទឹក​ប្រើប្រាស់​   នៅពេល​ដែល​ពួកគេ​ជីក​បាន​ជម្រៅ​ប្រហែល​៤​ទៅ​៥​ម៉ែត្រ​  ពួកគេ​ប្រទះឃើញ​កម្រាលឥដ្ឋ​   ក្បាលព្រួញស្ពាន់​   ធ្នូរស្ពាន់​   ព្រមទាំង​បំណែក​ស្មូន​ដីឥដ្ឋ​ចំនួន​៨​ ។​   បន្ទាប់​ពីនោះ​   ផ្នែក​បុរាណ​វិទ្យា​ជាតិ​ធ្វើ​កំណាយ​ដោយ​មាន​ការ​ចាត់តាំង​   រូបស្មូន​ដីឥដ្ឋ​ទាហាន​និង​សេះ​របស់​ស្តេចឈីង​  ដែល​នាំឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​   បាន​បង្ហាញ​នៅ​ចំពោះមុខ​អ្នក​ចូលរួម​ជា​បន្ត​បន្ទាប់​ ។


        រូបស្មូន​ដីឥដ្ឋ​ទាហាន​ និង​សេះ​ក្នុង​ផ្នូរ​ស្តេចឈីង​   មិន​ត្រឹមតែ​មាន​ទ្រង់ទ្រាយ​ធំ​សម្បើម​និង​មាន​សេចក្តី​ក្លៀវក្លា​ដ៏​មហិមា​ប៉ុណ្ណោះទេ​  ហើយ​បុរាណ​វត្ថុ​ដែល​បាន​ធ្វើ​កំ​ណាយ​ចេញពី​ដី​កាន់តែ​ប្រសើរ​អស្ចារ្យ​ទៅទៀត​ ។​   រូបស្មូន​ដីឥដ្ឋ​ទាហាន​និង​សេះ​ទាំងនេះ​មាន​មាឌធំ​និង​ខ្ពស់​  ប៉ុនគ្នា​នឹង​ទាហាន​និង​សេះពិត​   អ្នកស្មូន​បាន​ធ្វើ​មុខ​រូប​ទាហាន​ខុស​ប្លែកៗ​ពីគ្នា​   ហើយ​បាន​បង្ហាញ​នូវ​ភាព​រស់រវើក​ពី​មុខមាត់​ពិត​របស់​កងទ័ព​ក្នុង​សម័យ​រជ្ជកាល​ឈីង​  បង្ហាញ​ពី​ប្រភេទ​នៃ​ទាហាន​  អាវុធ​និង​របៀប​រៀបចំ​កងទ័ព​  ក្នុង​សម័យ​រជ្ជកាល​ឈីង​កាលពី​២០០០​ឆ្នាំមុន​ ។​   ពេលដែល​ភ្ញៀវ​ទេសចរណ៍​បាន​ទស្សនា​រូបស្មូន​ដីឥដ្ឋ​ទាហាន​និង​សេះ​របស់​ស្តេចឈីង​   បីដូចជា​ត្រួតមើល​កងទ័ព​ឈីង​ដ៏​អង់​អាច​ក្លាហាន​និង​ប៉ិន​ប្រសប់​ធ្វើ​ចម្បាំង​ ។​   ក្រោយពេល​ទស្សនា​រូបស្មូន​ដីឥដ្ឋ​ទាហាន​និង​សេះ​របស់​ផ្នូរ​ស្តេចឈីង​ហើយ​   ភ្ញៀវ​ទេសចរណ៍​នៃ​ប្រទេស​វេណេហ្សុយអេឡា​លាន់មាត់​ថា៖​


        ស្អាតណាស់​   ស្អាតណាស់​   ពេល​មើលឃើញ​រូបស្មូន​ដីឥដ្ឋ​ទាហាន​និង​សេះ​របស់​ផ្នូរ​ស្តេចឈីង​   ហាក់បី​ដូចជា​បាន​ទាញ​អារម្មណ៍​មនុស្ស​ឲ្យ​ត្រឡប់​ទៅដល់​បុរាណកាល​វិញ​ ។


      ជារៀងរាល់ឆ្នាំ​សារមន្ទីរ​រូបស្មូន​ដីឥដ្ឋ​ទាហាន​និង​សេះ​របស់​ស្តេចឈីង​  បាន​ទទួល​ភ្ញៀវ​ទេសចរណ៍​ទាំងក្នុង​ និង​ក្រៅ​ប្រទេស​ចំនួន​ប្រមាណ​២​លាននាក់​   អ្នកផង​បាន​ភ្ញាក់ផ្អើល​ពី​ភាព​គគ្រឹក​គគ្រេង​នៃ​ក្បួន​ទាហាន​ឈីង​   ហើយ​មាន​ការ​កោត​ស្ញប់ស្ញែង​ចំពោះ​រទេះសេះ​ស្ពាន់​ដ៏​តូច​ល្អ​ប្រណិត​ ។   បុរាណ​វត្ថុ​ទាំងនេះ​បាន​បង្ហាញ​ពី​ភាព​វៃឆ្លាត​និង​ប្រាជ្ញា​របស់​អ្នកស្មូន​ និង​បង្ហាញ​ពី​កម្រិត​វិទ្យាសាស្ត្រ​   បច្ចេក​វិទ្យា​និង​សិល្បៈ​របស់​មនុស្ស​សម័យ​ស្តេចឈីង​  កាន់តែ​ធ្វើឲ្យ​ភ្ញៀវ​ទេសចរណ៍​មាន​ការ​កោត​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង​   រហូត​ដល់​មានការ​ដំណាល​ថា៖​  បើសិនជា​មកលេង​ប្រទេស​ចិន ​ ហើយ​មិនបាន​ឃើញ​រូបស្មូន​ដីឥដ្ឋ​ទាហាន​និង​សេះទេ​    គឺ​ហាក់ដូចជា​មិនបាន​មកដល់​ប្រទេស​ចិន​ដូច្នោះ​ដែរ​ ។


        ការ​សន្សំ​ទុក​នូវ​សម្បត្តិ​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ច្រើន​មហាសាល​  និង​ការ​បន្សល់ទុក​បុរាណ​វត្ថុ​និង​ស្ថានីយ៍​បុរាណ​  ដែល​មាន​វិសាលភាព​ធំធេង​  បាន​ធ្វើឲ្យ​ក្រុង​ស៊ីអាន​មាន​ឈ្មោះល្អ​វិសេស​វិសាល​  ថាជា​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ ។​   នៅ​ក្រុង​ស៊ីអាន ​លើកលែងតែ​រូបស្មូន​ដីឥដ្ឋ​ទាហាន​និង​សេះ​របស់​ស្តេចឈីង​    នៅ​មាន​កន្លែង​១​ទៀត​ដែល​មិនអាច​ទៅបាន​   នោះ​គឺជា​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ស្រាន់ស៊ី​ ។   នៅ​ក្នុង​សារមន្ទីរ​នេះ​មាន​លាក់ទុក​នូវ​បុរាណ​វត្ថុ​ដល់ទៅ​ជាង​៣សែន​៧ម៉ឺន​គ្រឿង​  មាន​តាំងពី​ឧបករណ៍​ធ្វើ​អំពី​ថ្ម​ដោយ​សង្ខែប​  ដែល​មនុស្ស​សម័យ​បុព្វកាល​ប្រើប្រាស់​   រហូត​ដល់ទៅ​ឧបករណ៍​គ្រប់​បែបយ៉ាង​ក្នុង​ជីវភាព​សង្គម​ប្រទេស​មុនឆ្នាំ​១៨៤០​មុន​គ្រិះសករាជ​   មាន​ពេលវេលា​ដល់ទៅ​ជាង​ ១លាន​ឆ្នាំ​ ។​   បុរាណ​វត្ថុ​ទាំងនោះ​រួមមាន​ថូសំរឹទ្ធ​   មាន​គ្រឿង​ធ្វើ​អំពីមាស​និង​ប្រាក់​ក្នុង​រជ្ជកាល​ហាន់​និង​ថាំង​  និង​រូបគំនូរ​នៅ​លើជញ្ជាំង​ផ្នូរ​ស្តេច​រជ្ជកាល​ថាំង​។ល។​  សុទ្ធសឹង​ជា​វត្ថុ​ដ៏​ល្អ​ប្រណិត​ ។


        ក្នុង​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ខេត្ត​ស្រាន់ស៊ី​   ត្រឹមតែ​វត្ថុ​ថ្នាក់​រតនៈ​ជាតិ​  ក៏​មាន​ចំនួន​ដល់ទៅ​១៨​គ្រឿង​   តែ​មាន​២គ្រឿង​គឺ​មិនដែល​យកទៅ​តាំងនៅ​បរទេស​ទេ​  ក្នុងនោះ​មាន​១គ្រឿង​  ជា​ពែងថ្មកែវ​ក្បាល់សត្វ​ក្រូមេ​ដោយមាស​   ហើយ​ក៏​ហៅថា​ពែងថ្មកែវ​ក្បាល់សត្វ​រជ្ជកាល​ថាំង​ដែរ​ ។​   វត្ថុ​១គ្រឿង​នេះ​គឺ​បាន​ធ្វើ​កំណាយ​ចេញពី​ភូមិ​ហឺជា​  ដែល​ស្ថិតនៅ​ជាយក្រុង​ខាងត្បូង​នៃ​ក្រុង​ស៊ីអាន​កាលពី​ឆ្នាំ​១៩៧០​មក​   ពែងនេះ​គឺ​បាន​ធ្វើតាម​រូប​ស្នែងសត្វ​នៅ​ខាងមុខពែង​មាន​ឆ្លាក់​រូបក្បាលសត្វគោ​  ដែល​មាន​ភ្នែក២​ធំ​ក្រឡោត​បញ្ចេញ​មហិទ្ធិប្ញទិ្ធ​ដ៏​អស្ចារ្យ​ ។


        លោកស៊ីហាង​អ្នក​ឧទ្ទេសនាម​នៃ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ខេត្ត​ស្រាន់ស៊ី​  បាន​មាន​ប្រសាសន៍​ថា៖​              
        វត្ថុ​នេះ​ក៏​បាន​ត្រូវគេ​ប្រសិទ្ធិនាម​ថាជា​រតនៈ​វត្ថុ​ប្រចាំ​សារមន្ទីរ​របស់​សារមន្ទីរ​ប្រវត្តិ​សាស្ត្រ​ខេត្តស្រាន់ស៊ី​ដែរ​   ពែងថ្មកែវ​រូបក្បាលសត្វ​ស្រោប​ដោយ​មាស​  វត្ថុធាតុ​ដើម​របស់​ពែង​គឺ​ផ្សំឡើង​ដោយ​ថ្មកែវ​សសៃឆ្នូត​   យើង​អាច​ដឹង​ពី​អត្តសញ្ញាណ​របស់​អ្នក​ប្រើ​ប្រាស់​របស់​នេះ​  ក៏​មាន​មាឌធំ​ដែរ​   អ្នក​ដែល​មាន​លទ្ធភាព​ប្រើ​របស់​នេះ​អាចជា​ត្រកូល​អភិជន​ក្នុង​រាជវង្សានុវង្ស​  រហូត​ដល់ទៅ​ស្តេច​អង្គឯង​ ។​   ដូច្នេះ​កាលពី​ឆ្នាំ​២០០២​  នាយក​ដ្ឋាន​ជាតិ​ខាង​បុរាណ​វត្ថុ​  បាន​ប្រកាស​នូវ​ឯកសារ​១​   គឺជា​មាតិកា​នៃ​វត្ថុ​លើកទី១​  ដែល​ប្រទេស​ចិន​ហាមមិន​ឲ្យ​យកទៅ​ដាក់តាំង​នៅ​បរទេស​  មាន​បម្រាមថា​វត្ថុ​បុរាណ​ចំនួន​៦៤គ្រឿង​ សុទ្ធតែ​មិនអាច​យកទៅ​ដាក់តាំង​នៅ​បរទេស​ជា​រៀងរហូត​   នេះ​គឺជា​លេខរៀង​ទី​៤៤​ក្នុង​ចំណោម​វត្ថុ​បុរាណ​   ហើយ​ត្រូវ​បាន​ភ្ញៀវ​ទេសចរណ៍​ប្រសិទ្ធិនាម​ថាជា​រតនៈ​វត្ថុ​ប្រចាំ​សារមន្ទីរ​ក្នុង​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ខេត្ត​ស្រាន់ស៊ី​ ។


        បច្ចុប្បន្ន  មជ្ឈដ្ឋាន​អ្នក​សិក្សា​វិជ្ជា​ទូទៅ​  នៅតែ​មានការ​ជជែកគ្នា​ពី​កន្លែង​ផលិត​ពែងថ្មកែវ​១​គ្រឿង​នេះ​ដែល​ពែងនេះ​  ជា​ពែងស្រា​របស់​អ្នក​បច្ចឹម​ប្រទេស​ម៉្យាង​ហៅថា​ឡៃថុង​  ជា​មតិរួម​របស់​អ្នក​ជំនាញការ​និង​វិទ្យាករ ​។​   ឡៃថុង​ជា​សម្លេង​នៃ​ភាសាក្រិច​មានន័យ​ថា​ហូរចេញ​   ភាគច្រើន​ធ្វើដូច​រូបស្នែងសត្វ​ ។​   ជា​ធម្មតា​នៅ​បាតពែងស្រា​មាន​រន្ធ​សម្រាប់​បង្ហូរ​ចេញ​នូវ​អង្គធាតុរាវ​    ហើយ​មុខងារ​របស់​វា​  ហាក់ដូច​ជា​ជីឡាវ  ​សម្រាប់​យកមក​ចាក់ស្រា​ថ្វាយ​ទេវតា​  ពេលនោះ​អ្នកផង​មាន​ជំនឿ​ថា​ប្រើ​របស់​នោះ​សម្រាប់​ចាក់ស្រា​អាច​បង្ការ​ជាតិពុល​  លើក​ឡៃថុងឡើង​ផឹកស្រា​គឺជា​ការ​គោរព​បូជា​ចំពោះ​ទេវតា​ដូច្នេះ​គេ​តែងតែ​ប្រើ​ក្នុង​សកម្មភាព​ធ្វើ​ពិធីកា​និង​ប្រើ​ក្នុង​ពិធី​បុណ្យ​ប្រពៃ​ណី​ ។​   រតនៈ​សម្បត្តិ​ជាតិ​១​នេះ​   ជា​និមិត្តរូប​នៃ​ទ្រព្យសម្បត្តិ​ដ៏​ស្តុកស្តម្ភ​និង​អំណាច​   ហើយ​ក៏ជា​គ្រឿង​សិល្បៈ១​ដ៏​ប្រសើរ​ថ្លៃថ្លា​   ព្រមជាមួយនេះ​  គ្រឿងសិល្បៈនេះ​ក៏​ប្រហែល​ជា​គ្រឿង​ដង្វាយជាតិ​ដែល​ប្រទេស​នៅ​អាស៊ី​កណ្តាល​និង​ខាងលិច​ក្នុង​សម័យ​បុរាណ​ថ្វាយ​ចំពោះ​រជ្ជកាល​ថាំង​  ដែល​មាន​អត្ថន័យ​មិន​ធម្មតា​ទេ​   ជា​បុរាណ​វត្ថុ​សំខាន់​១​ដែល​បាន​ប្រតិស្ឋាន​ក្នុង​ការ​ផ្លាស់ប្តូរ​អរ្យធម៌​បូព៌ា​ប្រទេស​និង​បច្ចឹម​ប្រទេស​ ៕


       ប្រិយមិត្ត​អ្នកស្តាប់​ជាទីមេត្រី​  កម្មវិធី​ថ្ងៃនេះ​ជិតបញ្ចប់ហើយ​  យើង​ខ្ញុំ​នឹង​ផ្តល់​សំណួរ៣​ជូន​អស់​លោក​អ្នក​ស្តាប់​ក្នុង​កម្មវិធី​ថ្ងៃ​នេះ​ម្តងទៀត​ ។


       ទី​១​៖ តើ​ឧបករណ៍​ភ្លេង​ដែល​ធ្វើ​កំណាយ​នៅ​ស្ថានីយ៍​បុរាណ​ដែល​ស្ថិត​នៅ​បុរាណ


ដ្ឋាន​ប៉ាន់ភ​ស្រាន់ស៊ី​ឈ្មោះ​អ្វី​ ?


       ទី​២​៖ ​រូបស្មូន​ដីឥដ្ឋ​ក្នុង​ផ្នូរ​ស្តេច​ឈីងស៊ី​តើ​អ្នកណា​រក​ឃើញ​មុន​គេ​ ?


       ទី​៣​៖ ​តើ​រតនៈ​វត្ថុ​ប្រ​ចាំ​នៅ​ក្នុង​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ស៊ីអាន​មាន​ឈ្មោះ​អ្វី​ ?

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040