pause
音量+
Play
音量-

វីដេអូ

តាំង ស៊ីឡេង
2011-11-22 15:33:05  cri  Web Editor:cambodian

 

វិទ្យុមិត្តភាពស្ពានមេត្រី                   រឹតចំណងថ្មីចិន-​‍ខេមរា

មិត្តភាពអមតៈសែនថ្លៃថ្លា               បន្តរក្សាថ្នាក់ថ្នមថែ ។

វិទ្យុមិត្តភាពបុបា្ផស្រស់                   បង្អួតសម្រស់លើដីខ្មែរ

ភ្នំពេញសៀមរាបទាំងក្រុងស្រែ      មិនថាចិនខ្មែរស្តាប់កំសាន្ត ។

ផ្សាយសំឡេងពហុភាសា               ស្របតម្រូវការគ្រប់មជ្ឈដ្ឋាន

ផ្តល់ចំណេះនិងការកំសាន្ត             ប្រិយមិត្តរាប់អានជាមិត្តភ្ងា ។

កម្មវិធីប្លែកគួរសណ្តាប់                   សារសព្ទរាយរាប់មានខ្លឹមសារ

ប្រិយមិត្តក្មេងចាស់គាប់ចិន្តា          ស្បើយអស់ទុក្ខាថ្លាអារម្មណ៍ ។

 

ខ្ញុំបាទតាំង ស៊ីឡេង ពិធីករនៃនាទីព័ត៌មាន នាទីនិទានរឿង នាទីធ្វើដំណើរជាមួយអ្នក
និងនាទីចំណេះដឹងទូទៅ ។ ការដែលខ្ញុំបានមកបម្រើការងារនៅវិទ្យុអន្តរជាតិចិននាក្រុង ប៉េកាំងអាចនិយាយថាជាព្រេងនិស្ស័យមួយ ដោយហេតុថាខ្ញុំ ជាអ្នកមាន និស្ស័យចូល ចិត្តការងារផ្សាយសំឡេងនិងការងារខាងផ្ែនកអក្សរសាស្រ្តស្រាប់ ម្យ៉ាងវិញទៀត ​
ប្រទេសចិនជា​ស្រុកកំណើតរបស់ដូនតាខ្ញុំ ហើយខ្ញុំក៏ចេះភាសាចិនផង ដូច្នេះមិនមាន
ការលំបាក ក្នុងការប្រស្រ័យទាក់ទងជាមួយជនជាតិចិនទេ ជាពិសេស គឺអាចប្រើប្រាស់
ខេមរភាសា ដែលជាភាសាជាតិកំណើតរបស់ខ្ញុំនៅលើទឹកដីបរទេស ។ អាស្រ័យហេតុ
នេះ ខ្ញុំក៏សម្រេច ចិត្តមកបម្រើការងារនៅផ្នែកភាសាខ្មែរនៃវិទ្យុអន្តរជាតិចិននេះ ។

ពីឆ្នាំ ២០០៨ ដល់បច្ចុប្បន្ន វិទ្យុអន្តរជាតិចិនបានបើកស្ថានីយផ្សាយសំឡេងជារលក
FMចំនួនពីរនៅកម្ពុជាគឺFM៩៦.៥មេហ្គាហឺត និងFM១០៥មេហ្គាហឺត។ ការនេះបាន
បង្រួញនូវគម្លាតរវាងវិទ្យុ និងប្រិយមិត្តគ្រប់រូប ញ៉ាំងឲ្យខ្ញុំមានអារម្មណ៍ ហាក់បីដូចជា បាននឹងកំពុងផ្សាយសំឡេងនៅកម្ពុជាអ៊ឹចឹង ពោលគឺកាន់តែមានទឹកចិត្តរំភើបរីករាយ និងកាន់តែសកម្មក្នុងការបម្រើជូនប្រិយមិត្តគ្រប់រូបដែលបានគាំទ្រដល់វិទ្យុនេះ ហើយ នឹងខិតខំឲ្យវិទ្យុនេះទទួលបានប្រជាប្រិយភាពកាន់តែច្រើនពីសំណាក់ប្រិយមិត្តនៅ
កម្ពុជា ។

នាទីព័ត៌មានគឺជាកម្មវិធីមួយដែលផ្តល់ជូនប្រិយមិត្តនូវព្រឹត្តិការណ៍ថ្មីៗលើទូទាំងសកល
លោក ញ៉ាំងឲ្យប្រិយមិត្តទទួលបាននូវព័ត៌មានដែលថ្មីបំផុត និងទាន់ហេតុការណ៍បំផុត ។ ការផ្សាយព័ត៌មានគឺមិនដូចជាកម្មវិធីកំសាន្តទេ ត្រូវតែប្រើសំឡេងម៉ឺងម៉ាត់បន្តិច ជា
ពិសេសគឺព័ត­៌មានខាងសោកនាដកម្មផ្សេងៗ ហេតុនេះ ការអានព័ត៌មានច្រើន គឺអាច បណ្តុះបណ្តាលឲ្យខ្ញុំចេះលើកដាក់សំឡេងទៅតាមកាលៈទេសៈ ។

 នាទីនិទានរឿងអាចនិយាយថាជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលប្រិយមិត្តផ្តល់
ការគាំទ្រនិងនិយមចូលចិត្តបំផុត ។ ការនិទានរឿងគឺជារឿងគួរឲ្យចាប់អារម្មណ៍ណាស់ ព្រោះខ្ញុំអាចប្រើសំឡេងខុសៗគ្នា ព្រមនិងបញ្ចូលមនោសញ្ចេតនាក្នុងការសម្តែងជាតួ អង្គក្នុងសាច់រឿងដែលអាចញ៉ាំងឲ្យប្រិយមិត្តជក់ចិត្តដិតអារម្មណ៍ទៅតាមអត្ថន័យនៃ
រឿង ។ មានប្រិយមិត្តជាច្រើនបានផ្ញើសារអេឡិចត្រូនិចនិងហៅទូរស័ព្ទមកកាន់យើង
ខ្ញុំ ដើម្បីសំណូមពរឲ្យបន្ែថមម៉ោងនិទានរឿង ទាំងនេះគឺជាការគាំទ្រនិងលើកទឹកចិត្ត ដល់កម្មវិធីក៏ដូចជាពិធីករនិងពិធីការិនីនៃវិទ្យុយើងខ្ញុំ ក៏ជាពលានុភាពដែលជម្រុញឲ្យ ខ្ញុំកាន់តែមានទឹកចិត្តក្នុងការសែ្វងរករឿងល្អៗមកនិទានជូនប្រិយមិត្ត ដើម្បីកំដរអារម្មណ៍ របស់ប្រិយមិត្តបន្ទាប់ពីទំនេរពីការងារ ឬការសិក្សា ។

ក្នុងការថតនាទីធ្វើដំណើរជាមួយអ្នកជាមួយពិធីការិនីចិនគឺជារឿងដ៏មានន័យមួយ ឆ្លងតាមការសំណេះសំណាលពីប្រធានបទប្លែកៗ ដែលគួរឲ្យចាប់អារម្មណ៍ ហើយទន្ទឹម នឹងការឧទ្ទេសនាមជូនប្រិយមិត្ត សម្រាប់ខ្លួនខ្ញុំផ្ទាល់ក៏កាន់តែអាចយល់ដឹងពីប្រពៃណី
ទំនៀមទម្លាប់ អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្រ្តជាដើមនៃគ្រប់ជាតិសាសន៍លើសកល
លោក បូករួមទាំងដំណើរវិវឌ្ឍន៍នៃពិភពលោក ព្រមទាំងបញ្ហាជាចំណុចក្តៅផ្សេងៗ
ដែលពិភពលោកទាំងមូលយកចិត្តទុកដាក់ ។ ក្រៅពីនេះ មុននឹងសំណេះសំណាលពី
រមណីយដ្ឋាន និងតំបន់ទេសភាពល្បីៗទាំងក្នុងប្រទេសចិន និងពិភពលោក កន្លែងដែល
អាចមានលទ្ធភាពទៅទស្សនាបាន ខ្ញុំក៏បានទៅទស្សនាជាមុន ដើម្បីធ្វើការស្វែងយល់ឲ្យ
បានស៊ីជម្រៅសម្រាប់ឧទ្ទេសនាមជូនប្រិយមិត្តឲ្យបានកាន់តែក្បោះក្បាយ ហើយវាក៏សម
ប្រកបនឹងចំណូលចិត្តរបស់ខ្ញុំដែលចូលចិត្តទស្សនាសម្រស់ធម្មជាតិផងដែរ ។  
     កម្មវិធីមួយទៀតដែលខ្ញុំចូលចិត្តធ្វើនិងផ្សាយជូនប្រិយមិត្តគឺនាទីចំណេះដឹងទូទៅ ។ កម្មវិធីនេះបានឧទ្ទេសនាមពីចំណេះដឹងដែលទាក់ទិននឹងជីវភាពប្រចាំថ្ងៃ ដូចជាខាងសុខ
ភាព បច្ចេកទេស និងវិធីដោះស្រាយក្តីកង្វល់មួយចំនួនក្នុងជីវភាពជាដើម ។ ដូចដែល
យើងទាំងអស់គ្នាបានដឹងជាស្រេចហើយថា សុខភាពគឺ សំខាន់បំផុតសម្រាប់មនុស្ស
យើងរាល់រូប ជាពិសេសគឺដូចជាខ្លួនខ្ញុំដែលបានមកបម្រើការងារនៅបរទេសតែខ្លួនមួយ
គឺរឹតតែចាំបាច់តម្រូវឲ្យចេះថែរក្សាសុខភាពខ្លួនឲ្យបានល្អ ដូច្នេះអាចនិយាយថា ខ្ញុំបាន
ធ្វើកម្មវិធីណែនាំជូនប្រិយមិត្តផង ឯខ្លួនឯងក៏ប្រតិបត្តិតាមដំបូន្មានល្អៗផងដែរ ។ សង្ឃឹម
ថាឯកសារអំពីសុខភាព ដែលយើងខ្ញុំបានសម្រាំងជូន នឹងអាចផ្តល់ជាជំនួយខ្លះៗដល់
ប្រិយមិត្ត ដើម្បីឲ្យលោកអ្នកមានទិចនិកក្នុងការហូបចុក និងយល់ដឹងពីវិធីថែបំប៉នសុខ
ភាព ជាពិសេសគឺស្រ្តីមេផ្ទះអាច ទទួលបាននូវទិចនិកខ្លះៗក្នុងការដោះស្រាយកង្វល់
ដែលជួបប្រទះក្នុងពេលបំពេញកិច្ចការផ្ទះ ។

រាល់កម្មវិធីទាំងអស់ដែលផលិតនិងផ្សាយជូនដោយវិទ្យុមិត្តភាពកម្ពុជា-ចិន គឺខិតខំ
ធ្វើយ៉ាងណាតម្រូវទៅតាមសេចក្តីត្រូវការរបស់ប្រិយមិត្ត អាស្រ័យហេតុនេះ សូម
ស្វាគមន៍ប្រិយមិត្តសកម្មលើកមតិដ៏មានតម្លៃ ដើម្បីបន្ថែមរសជាតិ និងខ្លឹមសារដល់កម្ម
វិធីនៃវិទ្យុយើងខ្ញុំឲ្យកាន់តែសម្បូរបែប និងកាន់តែមានសារប្រយោជន៍ ក្នុងន័យឲ្យកាន់
តែសមស្របទៅតាមតម្រូវការរបស់ប្រិយមិត្ត ។

​វិទ្យុមិត្តភាពកម្ពុជា-ចិន កល្យាណមិត្តរបស់លោកអ្នក ! ឋិតនៅក្បែរលោកអ្នកជានិច្ច !

 

© China Radio International.CRI. All Rights Reserved. 16A Shijingshan Road, Beijing, China. 100040