ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនសង្ឃឹមថាកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនឹងអាចវិលត្រឡប់ទៅរកការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងមានស្ថិរភាពវិញក្នុងពេលឆាប់ៗ
2022-11-25 14:39:13cri
Share with:


 

កាលពីថ្ងៃទី២៤ខែវិច្ឆិកា ក្រសួងពាណិជ្ជកម្មចិនបានរៀបចំសន្និសីទសារព័ត៌មានជាប្រចាំ។ក្នុងសន្និសីទសារព័ត៌មានលើកនេះ លោកស្រី Shu Juetingអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានប្រាប់អំពីសភាពការណ៍ដែលលោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនជួបពិភាក្សាការងារជាមួយលោកស្រីKatherine Taiតំណាងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃទី១៨ខែវិច្ឆិកាតាមការណាត់ក្នុងអំឡុងពេលចូលរួមសន្និសីទក្រៅផ្លូវការនៃមេដឹកនាំAPECនៅក្រុងបាងកកប្រទេសថៃ។  លោកស្រី Shu Jueting បានថ្លែងថា កិច្ចពិភាក្សានេះគឺធ្វើឡើងដោយស្មោះត្រង់ ឯកទេសនិងប្រកបដោយលក្ខណៈស្ថាបនា។ភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក  កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មពហុភាគីនិងក្នុងតំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។

 

លោកស្រី Shu Jueting បន្តថា នៅក្នុងកិច្ចពិភាក្សានេះ លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ភាគីទាំងពីរគួរតែគោរពគ្នាទៅវិញទៅមក ស្វែងរកគំនិតឯកភាពរួមនិងរក្សាទុកមតិយោបល់ខុសគ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយលក្ខណៈស្ថាបនានិងស្វែងរកដំណោះស្រាយជាក់លាក់លើមូលដ្ឋានជឿទុកចិត្តគ្នាទៅវិញទៅមក។ ប្រទេសចិនសម្គាល់ឃើញថា ការផ្លាស់ប្តូរទល់មុខគ្នារវាងភាគីទាំងពីរមានអំណោយផលដល់ភាគីទាំងពីរក្នុងការបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកនិងពង្រឹងការសម្របសម្រួល។

 នៅជំហានបន្ទាប់ យើងនឹងអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ។ សង្ឃឹមថាសហរដ្ឋអាមេរិកនឹងរួមជាមួយចិនជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកឱ្យវិលត្រឡប់ទៅរកការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងមានស្ថិរភាពវិញក្នុងពេលឆាប់ៗ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស