មួយរយៈពេលកន្លងទៅនេះ “ទ្រឹស្តីស្តីពីប្រទេសចិនងើបឡើងដល់កំពូលហើយ” ត្រូវបានផ្សព្វផ្សាយនៅប្រទេសប៉ែកខាងលិច ដែលត្រូវប្រព័ន្ធសារព័ត៌មាននិងគ្រឹះស្ថានហិរញ្ញវត្ថុនានាឃោសនាបំប៉ោងយ៉ាងគឃ្លើនម្ដងហើយម្ដងទៀត ។ អ្នកនយោបាយនិងធនាគារគំនិតមួយចំនួនបានឃោសនាបំប៉ោងពីអ្វីដែលហៅថា “វិបុលភាពត្រូវបានបញ្ចប់” តាមរយៈទិន្នន័យខាងចំនួនប្រជាជននិងឱកាសការងារជាដើម ដែលបណ្តាលឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ។ បើនិយាយត្រង់ៗទៅ “ទ្រឹស្តីស្តីពីប្រទេសចិនងើបឡើងដល់កំពូលហើយ”នៅតែជាពាក្យសម្តីច្រដែលនិងខុសឆ្គងនៃ “ទ្រឹស្តីស្តីពីប្រទេសចិនដួលរលំ”ដដែល ។
បច្ចុប្បន្ននេះ បន្ទាប់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សអស់រយៈពេលរាប់សិបឆ្នាំ ចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក និងបង្កើតអច្ឆរិយនៃកំណើនយូរអង្វែងចាប់ពីការធ្វើឧស្សាហូបនីយកម្មសកលមក ។ ប្រវែងសរុបនៃផ្លូវដែកល្បឿនលឿនកាន់លំដាប់ថ្នាក់ទីមួយលើពិភពលោក ទំហំសរុបនៃការនាំចេញនាំចូលទំនិញកាន់លំដាប់ថ្នាក់ទីមួយលើពិភពលោក ចំនួនអ្នកធ្វើទេសចរណ៍នៅបរទេសនិងការចំណាយលើវិស័យទេសចរណ៍នៅបរទេសកាន់លំដាប់ថ្នាក់ទីមួយលើពិភពលោក ។ល។ ចិនកំពុងធ្វើឱ្យពិភពលោកយល់ដឹងប្រទេសខ្លួនឱ្យបានកាន់តែគ្រប់ជ្រុងជ្រោយ តាមរយៈអច្ឆរិយអភិវឌ្ឍន៍កាន់តែច្រើនឡើងៗ ។