តាមទិន្នន័យផ្លូវការថ្មីបំផុតរបស់រដ្ឋាភិបាលចិនបង្ហាញឱ្យឃើញថា PMI សន្ទស្សន៍សកម្មភាពធុរកិច្ចមិនមែនមុខរបរផលិតកម្ម និងសន្ទស្សន៍PMIចម្រុះនៅខែមីនាឆ្នាំនេះគឺ៥០.៨ភាគរយ ៥៣ភាគរយនិង៥២.៧ភាគរយ បានកើនឡើង១.៧ភាគរយ១.៦ភាគរយនិង១.៨ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងខែមុន ដែលសុទ្ធតែស្ថិតនៅ ចន្លោះកើនឡើងលើសពី៥០ភាគរយ។ ក្នុងចំណោមនោះ សកម្មភាពផលិតកម្មនៅខែមីនាបានកើនឡើងជាលើកដំបូងក្នុងរយៈពេលកន្លះឆ្នាំកន្លងមក ហើយបានបំបែកកំណត់ត្រាថ្មីក្នុងមួយឆ្នាំកន្លងទៅ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេសដូចជាទីភ្នាក់ងារសារព័ត៌មានបារាំងជាដើមឱ្យដឹងថា ទិន្នន័យដែលហួសពីការរំពឹងទុកទាំងនេះគឺជាតម្រុយថ្មីបំផុតនៃការពន្លឿនល្បឿនងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។វាមិនត្រឹមតែ"ធ្វើឱ្យអ្នកផងទាំងពួងទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង"ប៉ុណ្ណោះទេ ថែមទាំងក៏បានបំពេញបន្ថែមកម្លាំងចលករថ្មីដល់សេដ្ឋកិច្ចពិភពលោកផងដែរ។
ហេតុអ្វីបានជាសេដ្ឋកិច្ចចិនទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់បែបនេះ? អ្នកវិភាគបានលើកឡើងថា ក្រៅពីការស្ទុះងើបឡើងវិញនៃតម្រូវការក្នុងស្រុក និងការជំរុញនៃតម្រូវការខាងក្រៅ វាក៏ទទួលបានផលប្រយោជន៍ពីការបន្តដើរតួនាទីនៃគោលនយោបាយលំនឹងសេដ្ឋកិច្ច ពង្រីកតម្រូវការក្នុងស្រុកនិងលំនឹងពាណិជ្ជកម្មចំពោះបរទេស របស់រដ្ឋាភិបាលចិនផងដែរ។
បើមើលកាន់តែល្អិតល្អន់អាចឃើញថា ទិន្នន័យលើកនេះនៅមានលក្ខណៈពិសេសមួយចំនួនទៀត។ឧទាហរណ៍ ក្នុងខែមីនា PMIនៃមុខរបរផលិតកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មទំនិញប្រើប្រាស់និងមុខរបរផលិតគ្រឿងបរិក្ខារនៃប្រទេសចិនគឺ៥៣.៩ភាគរយ៥១.៨ភាគរយនិង៥១.៦ភាគរយ ដែលសុទ្ធតែកើនឡើងជាងខែមុន។ ក្នុងចំណោមនោះ សន្ទស្សន៍ផលិតកម្មនៃមុខរបរផលិតកម្មបច្ចេកវិទ្យាខ្ពស់និងសន្ទស្សន៍នៃការបញ្ជាទិញថ្មី សុទ្ធតែខ្ពស់ជាង៥៥ភាគរយដែលបង្ហាញថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចប្រទេសចិនបាននិងកំពុងត្រូវជំរុញយ៉ាងប្រាកដប្រជា។ ម្យ៉ាងទៀត សន្ទស្សន៍រំពឹងទុកសម្រាប់សកម្មភាពផលិតកម្មនិងអាជីវកម្មគឺ៥៥.៦ភាគរយ បានកើនឡើងដល់ចន្លោះអាជីវកម្មខ្ពស់ ដែលបង្ហាញថាសហគ្រាសបានបង្កើនជំនឿចិត្តលើការអភិវឌ្ឍនៃទីផ្សារប្រទេសចិននៅពេលថ្មីៗនេះ។
គ្មានអ្វីគួរឱ្យសង្ស័យឡើយ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទី២លើពិភពលោក ស្ថិរភាពនិងការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចប្រទេសចិន ពិតជាព័ត៌មានល្អសម្រាប់ពិភពលោក។ លោក Tang Ruisi អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសមាគមន៍Brookings របស់អាមេរិកបានលើកឡើងថា ការពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីរបស់ប្រទេសចិននឹងធ្វើឱ្យសមិទ្ធិផលប្រកបដោយភាពច្នៃប្រឌិតថ្មីមួយចំនួន"ផ្តល់ផលប្រយោជន៍ដល់ពិភពលោក" និងបំពេញបន្ថែមចលករថ្មីដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ សេដ្ឋកិច្ចចិនមានសក្ដានុពលអភិវឌ្ឍន៍ដ៏ធំធេង វាមិនត្រឹមតែមានអំណោយផលដល់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ពិភពលោកទៀតផង៕