ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនចុះផ្សាយអត្ថបទចុះហត្ថលេខាលើប្រព័ន្ធសារព័ត៌មានបារាំង
2024-05-06 00:19:48cri
Share with:

    ថ្ងៃទី៥ ខែឧសភា ក្នុងឱកាសដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង លោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទចុះហត្ថលេខាក្រោមចំណងជើងថា «ការបន្តវេនស្មារតីនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង ការរួមគ្នាជំរុញសន្តិភាព និងការអភិវឌ្ឍពិភពលោក» នៅលើកាសែត« Le Figaro »របស់បារាំង។

    ខ្លឹមសារដែលដកស្រង់ចេញពីអត្ថបទមានដូចខាងក្រោម៖

    តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Macron ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកទី៣នៅប្រទេសបារាំង។

    ខ្ញុំមកដល់ប្រទេសបារាំងនៅពេលនេះ ដោយបាននាំយកនូវព័ត៌មានចំនួន៣ពីប្រទេសចិន ពោលគឺ៖

    ទី ១ ៖ប្រទេសចិនមានឆន្ទៈក្នុងការបន្តវេនស្មារតីនៃការបង្កើតទំនាក់ទំនងការទូតជាមួយបារាំង និងជំរុញទំនាក់ទំនងរវាងចិននិងបារាំងបន្តវេនអតីតកាលនិងត្រួសត្រាយអនាគតកាល

ឆ្នាំនេះគឺជាខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង។ ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងចិន-បារាំងតែងតែដើរតាមនិន្នាការអភិវឌ្ឍន៍នៃយុគសម័យជានិច្ច។ នៅក្នុងចំណោមទំនាក់ទំនងរបស់ប្រទេសចិនជាមួយបណ្តាប្រទេសលោកខាងលិច ប្រទេសចិននិងបារាំងបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមុនគេ ព្រមនិងចាប់ផ្តើមកិច្ចសន្ទនាជាយុទ្ធសាស្ត្រតាមយន្តការ។

  ទី ២ ៖ ប្រទេសចិននឹងពង្រីកការបើកចំហកម្រិតខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសបារាំងផងដែរ។ ប្រទេសចិននឹងបន្តផ្តល់កម្លាំងចលករដល់កំណើនពិភពលោក និងនាំមកនូវកាលានុវត្តភាពដល់ប្រទេសជុំវិញពិភពលោក។

  ទី ៣ ៖ ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបារាំង ដើម្បីគាំពារសន្តិភាព និងស្ថិរភាពពិភពលោក។ ប្រទេសចិនមិនមែនជាអ្នកបង្កើតវិបត្តិអ៊ុយក្រែននោះទេ ហើយក៏មិនមែនជាសាមីភាគី ឬភាគីចូលរួមផងដែរ ប៉ុន្តែប្រទេសចិនបាននិងកំពុងដើរតួនាទីដែលមានលក្ខណៈស្ថាបនាក្នុងការជំរុញការដោះស្រាយវិបត្តិដោយសន្តិវិធី។ ខ្ញុំបានអំពាវនាវជាច្រើនលើកច្រើនសារ ដោយបញ្ជាក់ថា អាវុធនុយក្លេអ៊ែរមិនអាចប្រើបានទេ ហើយសង្គ្រាមនុយក្លេអ៊ែរក៏មិនត្រូវធ្វើដែរ។ ប្រទេសចិន និងបារាំងមានគំនិតឯកភាពរួមជាច្រើនលើបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែល ហើយគួរតែពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកក្នុងការស្តារសន្តិភាពឡើងវិញនៅតំបន់មជ្ឈិមបូព៌ា។

   ចូរយើងពួតដៃគ្នាបន្តឆ្ពោះទៅមុខ ដើម្បីជំរុញទំនាក់ទំនងចិន-បារាំងឱ្យសម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀត និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោកផងដែរ!

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស