ប្រមុខរដ្ឋចិននិងបារាំង បានផ្តល់ភ្លើងគប់នៃការប្រកួតកីឡាអូឡាំពិកដល់គ្នាទៅវិញទៅមក ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមចំនួន៤ច្បាប់ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីចំនួនជិត២០ច្បាប់ក្នុងវិស័យអភិវឌ្ឍន៍បៃតងអាកាសចរណ៍ ចំណីអាហារផ្នែកកសិកម្ម ធុរកិច្ចនិងផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម។ល។ ថ្ងៃទី៦ខែឧសភាតាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានធ្វើកិច្ចពិភាក្សាជាមួយលោកMacronប្រធានាធិបតីបារាំងនៅទីក្រុងប៉ារីស ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាមួយចំនួន។លោកMacronបានលើកឡើងថា ពិភពលោកនាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការសាកល្បងសំខាន់ៗ ហើយប្រទេសបារាំងនិងសហភាពអឺរ៉ុបកាន់តែត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនជាងពេលណាៗទាំងអស់ រឿងនេះវាជាប់ពាក់ព័ន្ធនឹងអនាគតរបស់អឺរ៉ុប។
ឆ្នាំនេះគឺជាខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង។លោកXi Jinpingប្រធានរដ្ឋចិនបានជ្រើសរើសប្រទេសបារាំងជាប្រទេសដំបូងគេក្នុងដំណើរទស្សនកិច្ចនៅឆ្នាំនេះ ដែលអាចបង្ហាញថា ភាគីចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងចិននិងបារាំង។ រយៈពេល៦០ឆ្នាំកន្លងមក ការប្រាស្រ័យទាក់ទងរវាងចិននិងបារាំងបានបញ្ជាក់យ៉ាងពេញលេញថា ប្រទេសដែលមានប្រព័ន្ធរបបសង្គមខុសៗគ្នាអាចរួមរស់នៅជាមួយគ្នាដោយសន្តិភាព ក៏ដូចជាអាចធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះទាំងស្រុង។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គឺជាក្បាលម៉ាស៊ីនចលករនៃទំនាក់ទំនងរវាងចិននិងបារាំង។ ពេលបច្ចុប្បន្ននេះនៅខាងក្រៅសហភាពអឺរ៉ុប ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំទីមួយរបស់ប្រទេសបារាំង ហើយប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសចិននៅក្នុងសហភាពអឺរ៉ុប។មានសហគ្រាសបារាំងចំនួនជាង២ពាន់បាននិងកំពុងប្រកបអាជីវកម្មយ៉ាងស៊ីជម្រៅនៅទីផ្សារចិន។
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងថា ភាគីចិនរីករាយនាំចូលផលិតផលដ៏មានគុណភាពល្អរបស់បារាំងឱ្យកាន់តែច្រើន ហើយសង្ឃឹមថា ប្រទេសបារាំងនឹងនាំចេញផលិតផលប្រកបដោយបច្ចេកវិទ្យាខ្ពស់និងតម្លៃបន្ថែមខ្ពស់ឱ្យកាន់តែច្រើនទៅកាន់ប្រទេសចិន។ភាគីចិនសន្យាថា នឹងពង្រីកការបើកចំហ និងស្វាគមន៍សហគ្រាសបារាំងកាន់តែច្រើនមកវិនិយោគនៅប្រទេសចិន ក៏ដូចជាចូលរួមក្នុងដំណើរធ្វើទំនើបកម្មតាមបែបផែនចិន។ លោកMacronប្រធានាធិបតីបារាំងបានលើកឡើងថា នឹងមិនដាក់ចេញគោលនយោបាយដែលមានលក្ខណៈរើសអើងចំពោះសហគ្រាសចិនទេ ហើយស្វាគមន៍សហគ្រាសចិន ដែលបូករួមទាំងសហគ្រាសបច្ចេកវិទ្យាខ្ពស់កាន់តែច្រើន ទៅវិនិយោគទុននិងធ្វើកិច្ចសហប្រតិបត្តិការនៅប្រទេសបារាំង។
ភាគីចិនបានលើកឡើងថានឹងគាំទ្រប្រទេសបារាំងក្នុងការរៀបចំឱ្យបានល្អនូវការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស បន្តរៀបចំឱ្យបានល្អនូវសកម្មភាពផ្សេងៗនៃឆ្នាំវប្បធម៌និងទេសចរណ៍ចិន-បារាំង ជំរុញការងាររួមគ្នាអភិរក្សនិងជួសជុលបុរាណវត្ថុ និងជំរុញចំនួននិស្សិតបារាំងដែលមកបន្តការសិក្សានៅប្រទេសចិនឱ្យលើសពី១ម៉ឺននាក់ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ល។ វិធានការទាំងនេះនឹងពន្លឿនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិននិងបារាំង ក៏ដូចជានិងរឹតចំណងមេត្រីភាពរវាងចិននិងបារាំងបន្ថែមទៀត ៕