ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រជាជនជប៉ុនដាក់ពាក្យបណ្តឹងប្ដឹងរដ្ឋាភិបាលជប៉ុនអំពីការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ គ្រាន់តែជាមួយជ្រុងតូចប៉ុណ្ណោះ
2023-09-09 15:27:12cri
Share with:

 

កាលពីថ្ងៃទី៨ខែកញ្ញា ប្រជាជនជប៉ុនជាង១០០នាក់បានដាក់ពាក្យបណ្តឹងទៅតុលាការតំបន់ Fukushima ដើម្បីប្តឹងរដ្ឋាភិបាលជប៉ុននិងក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនដែលបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រតាមតែទំនើងចិត្ត ហើយទាមទារឱ្យតុលាការកាត់ក្តីបញ្ឈប់ទង្វើនេះ ។ នេះជាពាក្យបណ្តឹងផ្លូវច្បាប់ដំបូងដែលពាក់ព័ន្ធនឹងការទាមទារឱ្យបញ្ឈប់ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន ហើយក៏ជាការដែលប្រជាជនជប៉ុនប្រើអាវុធច្បាប់ការពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួនម្តងទៀតបន្ទាប់ពីក្រុមប្រជាជនរស់នៅទីក្រុងជប៉ុនប្តឹងលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនផងដែរ ។

ពាក្យបណ្តឹងលើកឡើងថា មុនពេលបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ រដ្ឋាភិបាលជប៉ុនមិនដែលធ្វើតេស្តពាក់ព័ន្ធដើម្បីបញ្ជាក់ពីការបំពុលបរិស្ថាននិងផលប៉ះពាល់ទៅលើអេកូឡូស៊ីជាដើម ហើយក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូរបស់ជប៉ុនមានសមត្ថភាពបន្ថែមស៊ីទែនផ្ទុកទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ដែលមិនចាំបាច់បង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រទេ ។ ដូច្នេះ ប្រជាជនជប៉ុនយល់ឃើញថាទង្វើរបស់ចុងចោទបានបំពុលបរិស្ថាន និងបំពានសិទ្ធិនេសាទនិងសិទ្ធិរស់នៅប្រកបដោយស្ថិរភាពរបស់ប្រជាជនជប៉ុន គឺជាទង្វើល្មើសច្បាប់ ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺ រដ្ឋាភិបាលជប៉ុនដែលក្នុងនាមជាចុងចោទ បានក្លែងខ្លួនជា ដើមបណ្តឹង ដែលប្តឹងប្រទេសចិនទៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីទាមទារឱ្យចិនលុបចោលវិធានការដាក់កំហិតទៅលើការនាំចូលផលិតផលជលផលរបស់ជប៉ុន ។

អ្នកជំនាញជាច្រើនរូបបានថ្លែងថា ទង្វើរបស់ភាគីជប៉ុនគឺខុសឆ្គងទាំងស្រុង ភាគីចិនចាត់វិធានការឆ្លើយតបគឺមានភស្តុតាងច្បាប់យ៉ាងពេញលេញ ។

បើមើលពីច្បាប់របស់ចិន យោងតាមការកំណត់នៃច្បាប់សុវត្ថិភាពចំណីអាហារសាធារណរដ្ឋប្រជាមានិតចិនបានឱ្យដឹងថា ចំណីអាហារនាំចូលគួរតែសមស្របតាមស្តង់ដារជាតិអំពីសុវត្ថិភាពចំណីអាហាររបស់ចិន ប្រសិនបើមិនសមស្របឬក៏មានភស្តុតាងអាចបញ្ជាក់ថា ប្រហែលនឹងបំផ្លាញសុខភាពមនុស្ស ត្រូវបញ្ឈប់ការនាំចូលភ្លាមនិងអនុវត្តការយកមកវិញ ។ ក្រៅពីនេះ វិធីគ្រប់គ្រងសុវត្ថិភាពចំណីអាហារនាំចេញនាំចូលនៃសាធារណរដ្ឋប្រជាមានិតចិនក៏បានកំណត់ថា ប្រសិនបើប្រព័ន្ធសុវត្ថិភាពចំណីអាហារនៃប្រទេសឬតំបន់នាំចេញកើតបម្រែបម្រួលយ៉ាងខ្លាំង ដែលមិនអាចធានាប្រកបដោយប្រសិទ្ធភាពនូវសុវត្ថិភាពចំណីអាហារទេ នោះ អាចចាត់វិធានការផ្អាកឬហាមឃាត់ការនាំចូល ។

លើឆាកអន្តរជាតិ យោងតាមការកំណត់នៃកិច្ចព្រមព្រៀងស្តីពីការចាត់វិធានការសុខភាពនិងសុខាភិបាលរុក្ខជាតិនៃអង្គការពាណិជ្ជកម្មពិភពលោកឱ្យដឹងថា រដ្ឋសមាជិកមានសិទ្ធិចាត់វិធានការដ៏ចាំបាច់ដើម្បីការពារសុខភាពអាយុជីវិតរបស់មនុស្សជាតិ សត្វនិងរុក្ខជាតិ ។ ដោយសារមានការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា ជប៉ុនបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រវាមានហានិភ័យសត្យានុម័តក្នុងការបំពុលផលិតផលជលផលរបស់ជប៉ុន ដូច្នេះ រដ្ឋសមាជិកមានសិទ្ធិចាត់វិធានការបណ្តោះអាសន្នដោយឈរលើមូលដ្ឋាននៃ គោលការណ៍បង្ការ ។

អាចឃើញថា ភាគីចិនចាត់វិធានការឆ្លើយតបគឺសមហេតុផលនិងចាំបាច់ ។ ទង្វើរបស់ជប៉ុនដែលប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក គឺជាការបន្ត លាងជម្រះទង្វើបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ ។

ប៉ុន្មានថ្ងៃមុន នៅលើមូលដ្ឋានផ្តល់មូលនិធិឧបត្ថម្ភកធនពិសេសលើរបរនេសាទក្នុងតម្លៃ៨ម៉ឺនលានប្រាក់យ៉េន រដ្ឋាភិបាលជប៉ុនបានប្រកាសបន្ថែមថវិកាចំនួន២ម៉ឺន៧រយលានប្រាក់យ៉េនសម្រាប់ ឆ្លើយតបនឹងប្រទេសចិន ដើម្បីបង្កើតបរិយាកាសមតិសាធារណៈដែលមានអំណោយផលដល់ទង្វើបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរទៅក្នុងសមុទ្រ ។ ក្រៅពីនេះ ជប៉ុនក៏បានអូសទាញសម្ព័ន្ធមិត្តយ៉ាងសកម្ម ក្នុងនោះបូករួមទាំងអញ្ជើញអ្នកនយោបាយដូចជាលោក Kevin McCarthy ប្រធានសភាតំណាងរាស្ត្រអាមេរិកជាដើមឱ្យញ៉ាំអាហារសមុទ្រ Fukushima ដើម្បីផ្តល់ការគាំទ្រដល់ទង្វើបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ។

មិនថារដ្ឋាភិបាលជប៉ុន ទម្លាក់កំហុសយ៉ាងណានិងសំដៅចំពោះប្រទេសចិនយ៉ាងណាក៏ដោយ តើអ្នកណាជាមេក្លោងបង្កការខូចខាតដល់របរនេសាទនិងសេដ្ឋកិច្ចជប៉ុននិងនាំមកនូវហានិភ័យយ៉ាងខ្លាំងដល់អេកូបរិស្ថានសមុទ្រសកលនិងសុខភាពប្រជាជន ប្រជាជនជប៉ុននិងប្រជាជនទូទាំងពិភពលោកសុទ្ធតែដឹងច្បាស់គ្រប់គ្នា ហើយភាគីនានាចោទប្រកាន់ខាងផ្លូវច្បាប់ចំពោះជប៉ុនក៏ជាភស្តុតាងបញ្ជាក់ដ៏ល្អបំផុតដែរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស