ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ភាគីអង់គ្លេសចាំបាច់ត្រូវគោរពសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដោយសងប្រជុំកោះMalvinasឱ្យអាហ្សង់ទីនវិញក្នុងពេលឆាប់ៗ!
2023-04-04 11:13:02cri
Share with:



      ថ្ងៃទី០២ខែមេសាតាមម៉ោងក្នុងតំបន់  គឺជាខួបអនុស្សាវរីយទី៤១នៃការផ្ទុះសង្រ្គាមប្រជុំកោះMalvinas។ គ្រប់តំបន់នៅទូទាំងប្រទេសអាហ្សង់ទីនបានរំលឹកដល់អ្នកដែលបានពលីជីវិតក្នុងសង្រ្គាមប្រជុំកោះMalvinas តាមវិធីច្រើនបែបយ៉ាងដូចជាដាក់គម្រងផ្កា  តាំងពិព័រណ៍ ដង្ហែក្បួន  យាមនៅពេលអធ្រាត្រនិងរៀបចំការប្រគុំតន្ត្រីជាដើម។

     សង្រ្គាមប្រជុំកោះMalvinas ដែលបានអូសបន្លាយអស់រយៈពេល៧៤ថ្ងៃ  គឺជាសង្រ្គាមដ៏ធំបំផុតនៅអាមេរិកខាងត្បូងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ នៅពេលនោះ  ប្រទេសអាហ្សង់ទីនបានធ្វើសង្រ្គាមជាមួយអង់គ្លេសដោយសារបញ្ហាអធិបតេយ្យភាពលើប្រជុំកោះMalvinas ហើយនៅទីចុងបំផុត អង់គ្លេសទទួលបានជ័យជំនះ។ ប៉ុន្តែ អាហ្សង់ទីនមិនដែលបោះបង់ចោលការទាមទាររបស់ខ្លួនចំពោះអធិបតេយ្យភាពលើប្រជុំកោះMalvinas ទេ។ នៅថ្ងៃគម្រប់ខួបនេះលោកFernandezប្រធានាធិបតីអាហ្សង់ទីន បានចែករំលែកវីដេអូខ្នាតខ្លីមួយ ហើយបានបង្ហោះសារ ដើម្បីគូសបញ្ជាក់ថាប្រជុំកោះMalvinas គឺជាផ្នែកមួយរបស់ប្រទេសអាហ្សង់ទីន"សូមឱ្យយើងស្តារអធិបតេយ្យភាពរបស់ប្រជុំកោះMalvinas ឡើងវិញដោយសន្តិវិធី"។ អាហ្សង់ទីនបានសម្តែងជាថ្មីម្តងទៀតនូវការទាមទារស្របច្បាប់របស់ខ្លួនសម្រាប់ដំណោះស្រាយបញ្ហាប្រជុំកោះMalvinas ដោយអនុលោមតាមសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។ ចំពោះការនេះ  អ្នកនយោបាយអង់គ្លេសមិនអាចបន្តធ្វើគធ្វើថ្លង់បានទេ។

      ទាក់ទិននឹងបញ្ហាប្រជុំកោះMalvinas ប្រវត្តិសាស្ត្រគឺច្បាស់ណាស់: នៅឆ្នាំ១៨១៦ នៅពេលដែលអាហ្សង់ទីនទទួលបានឯករាជ្យពីអេស្ប៉ាញ បានប្រកាសថាខ្លួននឹងទទួលមរតកអធិបតេយ្យភាពរបស់អេស្ប៉ាញលើកោះនៅឆ្នេរសមុទ្រអាហ្សង់ទីន  ក្នុងនោះបូករួមទាំងប្រជុំកោះMalvinas ។  ប៉ុន្តែ  នៅឆ្នាំ១៨៣៣  អង់គ្លេសបានចាត់បញ្ជូននាវាចម្បាំងទៅកាន់កាប់ប្រជុំកោះMalvinasដោយកម្លាំងអាវុធ ហើយបានអនុវត្តការត្រួតត្រាអាណានិគម។ វាអាចមើលឃើញថា  ជាធាតុពិត បញ្ហាប្រជុំកោះMalvinas គឺជាបញ្ហាដែលបន្សល់ទុកពីប្រវត្តិសាស្ត្រនៃអាណានិគមនិយម។

      តើហេតុអ្វីបានជាជនជាតិអង់គ្លេសមិនព្រមចាកចេញពីប្រជុំកោះMalvinas ? នេះមានមូលហេតុជាច្រើន។ ជាបឋម  ទោះបីជាប្រជុំកោះMalvinas ស្ថិតនៅឆ្ងាយពីអង់គ្លេសក៏ដោយ  ក៏ប៉ុន្តែវាបានការពារកន្លែងសំខាន់ៗនៃនាវាចរណ៍មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងនិងមហាសមុទ្រអាត្លង់ទិកខាងត្បូង  ដោយត្រូវបានគេដាក់ឈ្មោះថាជា"ច្រកផ្លូវនៃមហាសមុទ្រអាត្លង់ទិកខាងត្បូង" ដែលមានទីតាំងយុទ្ធសាស្ត្រសំខាន់ណាស់។ ក្រៅពីនេះទៀត  ជនជាតិអង់គ្លេសក៏មិនចង់បោះបង់ចោលធនធានដ៏មានតម្លៃនៅលើប្រជុំកោះMalvinasទៀតផង។

      ការកាន់កាប់ ការដណ្ដើមយកនិងការប្រើប្រាស់។ល។  ទង្វើគ្រប់បែបយ៉ាងរបស់អង់គ្លេសនៅលើប្រជុំកោះMalvinas  បានដើរបញ្ច្រាសនឹងនិន្នាការនៃការបំបាត់ចោលអាណានិគម។ ប្រទេសភាគច្រើនដាច់ខាតដែលបូករួមទាំងប្រទេសចិន សុទ្ធតែគាំទ្រសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាប្រជុំកោះMalvinas ។ អង្គការក្នុងតំបន់ដូចជាអង្គការរដ្ឋអាមេរិកនិងសហគមន៍អាមេរិកឡាទីនបានអនុម័តសេចក្តីសម្រេចចិត្តជាច្រើនដង ដើម្បីការពារសិទ្ធិស្របច្បាប់របស់ប្រទេសអាហ្សង់ទីនចំពោះប្រជុំកោះMalvinas ក៏ដូចជាអំពាវនាវឱ្យភាគីអង់គ្លេសដោះស្រាយវិវាទតាមរយៈការចរចាដោយសន្តិវិធី។

      សម័យអាណានិគមបានកន្លងផុតទៅជាយូរមកហើយ។ អតីតពួកអាណានិគមមិនអាចបន្តធ្វើគធ្វើថ្លង់  ប៉ុនប៉ងចង់ទទួលផលប្រយោជន៍ពីអាណានិគមនិយមដោយគ្មានទីបញ្ចប់នោះឡើយ។ភាគីអង់គ្លេសចាំបាច់ត្រូវគោរពសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ  ឆ្លើយតបជាវិជ្ជមានចំពោះការទាមទារស្របច្បាប់របស់ប្រជាជនអាហ្សង់ទីន ហើយសងប្រជុំកោះMalvinasឱ្យអាហ្សង់ទីនវិញក្នុងពេលឆាប់ៗ!

អ្នកបកប្រែ:冯辉
ប្លុកពិសេស