ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទតុមូលនៃប្រព័ន្ធសារព័ត៌មានចិននិងរុស្ស៊ីក្រោមប្រធានបទ “ការធ្វើទំនើបកម្មតាមបែបផែនចិននិងកាលានុវត្តភាពថ្មីរបស់ពិភពលោក” ប្រារព្ធធ្វើដោយជោគជ័យនៅក្រុងមូស្គូ
2023-03-22 19:34:22cri
Share with:

ថ្ងៃទី២២ ខែមីនា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនសាជីវកម្មប្រព័ន្ធសារព័ត៌មានអន្តរជាតិRussia Today បានរួមគ្នារៀបចំធ្វើសន្និសីទតុមូលនៃប្រព័ន្ធសារព័ត៌មានចិននិងរុស្ស៊ីក្រោមប្រធានបទ “ការធ្វើទំនើបកម្មតាមបែបផែនចិននិងកាលានុវត្តភាពថ្មីរបស់ពិភពលោក” នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិក្រុងមូស្គូ ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រួមជាមួយអ្នកទទួលខុសត្រូវនៃប្រព័ន្ធសារព័ត៌មានសំខាន់ៗ និងសាលាឧត្តមសិក្សារបស់រុស្ស៊ី ព្រមនិងមន្ត្រីរដ្ឋាភិបាល អ្នកជំនាញនិងបញ្ញវន្តរបស់ប្រទេសទាំងពីរចិននិងរុស្ស៊ីជាដើម បានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីប្រធាបទស្តីពី “ផ្លូវធ្វើទំនើបកម្មដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ប្រទេសខ្លួន” ព្រមទាំងបានចែករំលែកការយល់ដឹងនិងចក្ខុវិស័យជាមួយគ្នាផងដែរ ។ អង្គប្រជុំបានឯកភាពគ្នាថា ប្រទេសចិនបាននិងកំពុងដើរតាមផ្លូវធ្វើទំនើបកម្មដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ប្រទេសខ្លួន ដែលបានផ្តល់ជាគំរូដ៏ជោគជ័យសម្រាប់ការស្វែងរកផ្លូវអភិវឌ្ឍន៍របស់ប្រទេសដទៃទៀត ព្រមទាំងបានត្រួសត្រាយផ្លូវថ្មីនៃអរិយធម៌មនុស្សជាតិផងដែរ ។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong បានលើកឡើងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងខិតខំប្រឹងប្រែងជំរុញពិពិធកម្មនិងភាពយុត្តិធម៌នៃរចនាសម្ព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក៏ដូចជាខិតខំប្រឹងប្រែងរួមចំណែកជាកម្លាំងក្នុងការគ្រោងផែនទីបង្ហាញផ្លូវថ្មីនៃការធ្វើទំនើបកម្មសង្គមមនុស្សជាតិដែលមានភាពសម្បូរបែប ។ លោកបានលើកឡើងគំនិតផ្តួចផ្តើមបីចំណុចអំពីករណីនេះ ៖ទីមួយ ធ្វើការច្នៃប្រឌិតថ្មីនូវរបៀបបញ្ចេញមតិ បកស្រាយការអនុវត្តជាក់ស្តែងនៃការធ្វើទំនើបកម្មតាមរយៈការពិពណ៌នាបែបថ្មី ។ ទីពីរ រ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួន រៀបរាប់រឿងរ៉ាវអំពីការធ្វើទំនើបកម្មដ៏សម្បូរបែបឱ្យបានល្អ និងទីបី បង្កើនកិច្ចសហប្រតិបតិ្តការនៃប្រព័ន្ធសារព័ត៌មាន ជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នានូវវប្បធម៌មនុស្សជាតិ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តពួតដៃគ្នាជាមួយប្រព័ន្ធសារព័ត៌មានសកល ដើម្បីធ្វើការផ្លាស់ប្តូរកាន់តែច្រើន និងត្រួសត្រាយវិធីសហប្រតិបត្តិការថ្មី ជំរុញការយល់ដឹងគ្នានិងភាពស្និទ្ធស្នាលគ្នារវាងប្រជាជននៃបណ្តាប្រទេសនានា ដើម្បីរួមគ្នាជំរុញវឌ្ឍនភាពនិងការរីកចម្រើនរបស់អរិយធម៌មនុស្សជាតិ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស