ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្រ្តីចិននិងលោក Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់រួមគ្នាជួបសំណេះសំណាលជាមួយអ្នកតំណាងនៃមជ្ឈដ្ឋានសេដ្ឋកិច្ចចិននិងអាល្លឺម៉ង់
2022-11-06 14:53:04cri
Share with:

 នាល្ងាចថ្ងៃទី ៤ ខែវិច្ឆិកា លោក Li Keqiang នាយករដ្ឋមន្រ្តីចិននិងលោក Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានរួមគ្នាជួបសំណេះសំណាលជាមួយអ្នកតំណាងនៃមជ្ឈដ្ឋានសេដ្ឋកិច្ចចិននិងអាល្លឺម៉ង់ ដើម្បីស្តាប់សំណើរបស់ពួកគេអំពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាល្លឺម៉ង់ ព្រមនិងធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់គ្នា។ សហគ្រិនជិត ៣០រូបដែលមកពីប្រទេសចិននិងអាល្លឺម៉ង់បានចូលរួមពិធីសំណេះសំណាលលើកនេះ។

ក្នុងកិច្ចជំនួប លោក Li Keqiang បានលើកឡើងថា ប្រទេសចិននិងអាល្លឺម៉ង់ គឺជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់ក្នុងពិភពលោក ហើយជាដៃគូសហប្រតិបត្តិការដ៏សំខាន់រវាងគ្នាផងដែរ។ សហគ្រាសរបស់ប្រទេសទាំងពីររក្សាទំនាក់ទំនងសហប្រតិបត្តិការក្នុងរយៈពេលយូរមក ហើយទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មមិនអាចផ្តាច់បានទេ ។ ភាគីចិនមានឆន្ទៈរួមសហការជាមួយភាគីអាល្លឺម៉ង់ដើម្បីធ្វើឱ្យ "នំខេក" នៃកិច្ចសហប្រតិបត្តិការកាន់តែពង្រីកធំ បង្កើតបរិយាកាសល្អសម្រាប់ការអភិវឌ្ឍរបស់សហគ្រាស និងគាំទ្រសហគ្រាសនៃប្រទេសទាំងពីរក្នុងការធ្វើកិច្ចសហប្រតិបត្តិការ សំដៅទទួលបានការវិវឌ្ឍរីកចម្រើនជាមួយគ្នាក្នុងកិច្ចសហប្រតិបត្តិការ។ នេះមិនត្រឹមតែមានអំណោយផលដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ហើយក៏ផ្តល់ផលប្រយោជន៍ដល់ស្ថិរភាពនិងលំហូរយ៉ាងរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពិភពលោកផងដែរ។

ជាការឆ្លើយតប លោក Scholz បានថ្លែងថា សកលភាវូបនីយកម្មបាននាំមកនូវភាពមានធូរធារនិងវិបុលភាព ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសអាឡឺម៉ង់និងចិនទទួលបានសមិទ្ធផលយ៉ាងច្រើនសម្បូរ ការប្រាស្រ័យទាក់ទងនិងការផ្លាស់ប្តូរដោយស្មោះត្រង់រវាងភាគីទាំងពីរមានអត្ថប្រយោជន៍ណាស់ គួរតែរក្សាឱ្យបានល្អនូវទំនាក់ទំនងជាដៃគូបែបនេះ។ ភាគីអាល្លឺម៉ង់មានឆន្ទៈរួមសហការជាមួយប្រទេសចិនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលប្រកបដោយស្មើភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ព្រមនិងបង្កើតបរិយាកាសទីផ្សារដោយយុត្តិធម៌សម្រាប់សហគ្រិននៃប្រទេសទាំងពីរក្នុងការធ្វើអាជីវកម្មក្នុងប្រទេសគូភាគី ក្នុងន័យធ្វើឱ្យភាគីទាំងពីរទទួលបានផលប្រយោជន៍ពីរឿងនេះ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស