ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការរីករាលដាលនៃជំងឺកូវីដ១៩នៅប្រទេសជប៉ុនមានភាពកាន់តែខ្លាំងក្លា
2022-09-05 11:02:50cri
Share with:

      តាមស្ថិតិថ្មីបំផុតនៃប្រព័ន្ធសារព័ត៌មានNHKជប៉ុនបានឱ្យដឹងថា នៅថ្ងៃទី១ខែកញ្ញា ជប៉ុនបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១សែន៤ម៉ឺន៩ពាន់៩រយ៦ករណី ដែលរកឃើញករណីឆ្លងសរុបជិត២០លានករណី ក្នុងនោះមានចំនួនពាក់កណ្តាកគឺបានរាយការណ៍ចាប់ពីចូលខែកក្កដាឆ្នាំនេះមក។ ទិន្នន័យស្ថិតិដែលអង្គការសុខភាពពិភពលោកបានចេញផ្សាយកាលពីថ្ងៃទី៣១ខែសីហាបង្ហាញថា ក្នុងរយៈពេលមួយសបា្តហ៍គិតមកទល់ថ្ងៃទី២៨ខែសីហា ជប៉ុនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីលើសពី១លាន២សែន៥ម៉ឺន៨ពាន់នាក់ ដែលមានចំនួនច្រើនបំផុតលើពិភពលោកក្នុងរយៈពេល៦អាទិត្យជាប់ៗគ្នា។

      ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ដែលមានភាពកាន់តែធ្ងន់ធ្ងរ ដោយមកពីមានការគិតគូរពីវិស័យសេដ្ឋកិច្ចជាដើម បានជាតាំងពីផ្ទុះការឆ្លងរាលដាលរលកទី៧មក រដ្ឋាភិបាលជប៉ុនមិនបានចាត់វិធានការបង្ការជំងឺឆ្លង ដូចជាការដាក់កំហិតលើការធ្វើដំណើរជាដើម។ ជាងនេះទៅទៀត រដ្ឋាភិបាលជប៉ុនក៏បានសាកល្បងបន្ធូរបន្ថយវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងជាបន្តបន្ទាប់ផងដែរ។

      ឥស្សរជនមួយចំនួននៃប្រទេសជប៉ុនបានរិះគន់ថា គោលនយោបាយអសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងបាននាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ដោយសម្គាល់ថា គំនិតដែលរួមរស់នៅជាមួយវីរុសកូវីដ១៩បែបនេះ ធ្វើឱ្យការរីករាលដាលនៃជំងឺឆ្លងមានភាពកាន់តែខ្លាំងក្លាបន្ថែមទៀត ក៏ដូចជាធ្វើឱ្យមនុស្សចាស់ជរានិងក្រុមមនុស្សទន់ខ្សោយដែលមានជំងឺមូលដ្ឋានកាន់តែងាយក្លាយជាអ្នករងគ្រោះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស