ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖បញ្ហាលំបាក់ខាងសេដ្ឋកិច្ចដែលរដ្ឋាភិបាលអាមេរិកបាននិងកំពុងប្រឈមគឺជាលទ្ធផលមិនទទួលខុសត្រូវរបស់ខ្លួន
2022-08-08 06:53:08cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានប្រកាសថា ដំឡើងអត្រាការប្រាក់ ០,៧៥ ភាគរយដែលបានសម្របសម្រួលគោលដៅអត្រាការប្រាក់ជាមូលដ្ឋាននៃសហព័ន្ធអាមេរិកក្នុងចន្លោះពី ២,២៥ ភាគរយដល់ ២,៥ ភាគរយ ។ នេះជាលើកទីបួនហើយដែលប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកដំឡើងអត្រាការប្រាក់តាំងពីចូលឆ្នាំនេះមក ហើយក៏ជាលើកទីពីរជាប់ៗគ្នាដែលបានដំឡេងអត្រាការប្រាក់ ០,៧៥ ភាគរយផងដែរ ដើម្បីទបទល់នឹងអតិផរណាដែលមានភាពកាន់តែខ្លាំងឡើងៗ ។

    បន្ទាប់មក គណៈកម្មការទីផ្សារចំហររបស់សហព័ន្ធអាមេរិកដែលជាស្ថាប័នសម្រេចគោលនយោបាយរបស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានចេញផ្សាយសេចកី្តថ្លែងការណ៍ថា អត្រាអតិផរណាខ្ពស់មិនធ្លាក់ចុះបានបង្ហាញពីអតុល្យភាពរវាងការផ្គត់ផ្គង់និងតម្រូវការ ការឡើងថ្លៃនៃតម្លៃថាមពលនិងសម្ពាធខាងតម្លៃដ៏មានភាពកាន់តែទូលំទូលាយដែលពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ក្រៅពីនេះ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននិងព្រឹតិ្តការណ៍ពាក់ព័ន្ធនឹងរឿងនេះបានបង្កបង្កើតជាកម្លាំងសម្ពាធថែមមួយកម្រិតទៀតទៅលើអតិផរណា ។ ដូច្នេះ គណៈកម្មការនេះ"យកចិត្តទុកដាក់ខ្ពស់ទៅលើហានិភ័យនៃអតិផរណា"ព្រមទាំងនឹងបន្តកាត់បន្ថយទ្រង់ទ្រាយនៃតារាងតុល្យការយ៉ាងខ្លាំង ។

    អ្នកជំនាញមួយចំនួនបានថ្លែងថា ដើម្បីទប់ស្កាត់អតិផរណាខ្ពស់ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានចាប់ផ្តើមដំឡើងអត្រាការប្រាក់ហួសហេតុពេក ប៉ុន្តែឥទ្ធិពលអវិជ្ជមានរបស់ទង្វើនេះ គឺ បង្កើនហានិភ័យថមថយចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ចអាមេរិក ។

    គួររំលឹកថា នៅពេលមុននេះមិនជាយូរប៉ុន្មាន លោក Larry Summers អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកនិងលោក Harry Domash អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចរបស់សកលវិទ្យាល័យ Harvard អាមេរិកបានរួមគ្នានិពន្ធអត្ថបទដោយអះអាងថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ៥០ នៃសតវត្សរ៍ទី ២០ មក រាល់ពេលដែលអតិផរណាលើសពី ៤ ភាគរយនិងអត្រាបាត់ការងារទាបជាង ៥ ភាគរយ សេដ្ឋកិច្ចអាមេរិកក៏នឹងធ្លាក់ក្នុងភាពថមថយចុះក្នុងរយៈពេល ២ ឆ្នាំផងដែរ ។ បច្ចុប្បន្ននេះ អត្រាអតិផរណារបស់អាមេរិក គឺ ៩.១ ភាគរយនិងអត្រាបាត់ការងារ គឺ ៣.៦ ភាគរយ ដូច្នេះ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកចង់សម្រេចបាននូវភាពនឹងនរខាងសេដ្ឋកិច្ចតាមរយៈការដំឡើងអត្រាការប្រាក់ គឺ ស្ទើរតែមិនអាចទៅរួចនោះទេ ផ្ទុយទៅវិញ ប្រហែលនឹងបណ្តាលឱ្យសេដ្ឋកិច្ចកាន់តែថមថយចុះ ។

    យោងតាមការព្យាករណ៍ថ្មីបំផុតដែលចេញផ្សាយដោយធនាគារបម្រុងសហព័ន្ធអាត្លង់តារបស់អាមេរិកនាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបជាក់ស្តែងនៅត្រីមាសទីពីរឆ្នាំ ២០២២ របស់អាមេរិកនឹងធ្លាក់ចុះ ១,២ ភាគរយបើប្រៀបធៀបនឹងត្រីមាសទី ១ បើគិតតាមអត្រាប្រចាំឆ្នាំ ។ ប្រសិនបើការព្យាករណ៍របស់ធនាគារបម្រុងសហព័ន្ធអាត្លង់តាក្លាយជាការពិត នោះ វាមានន័យថា សេដ្ឋកិច្ចអាមេរិកប្រហែលនឹងធ្លាក់ក្នុងការថមថយចុះបែបបច្ចេកទេស ពោលគឺ នឹងលេចចេញកំណើនអវិជ្ជមានពីរត្រីមាសជាប់ៗគ្នា ។

    នៅពេលដែលអ្នកសារព័ត៌មានសួរថា តើសេដ្ឋកិច្ចអាមេរិកបានធ្លាក់ក្នុងភាពថមថយចុះឬអត់ លោក Jerome Powell ប្រធានប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានឆ្លើយតបថា ទោះបីជាកំណើនសេដ្ឋកិច្ចអាមេរិកបានបង្អង់ល្បឿនក៏ដោយ ក៏ប៉ុន្តែទីផ្សារការងាររបស់អាមេរិកនៅតែមានកម្លាំងរស់រវើកយ៉ាងខ្លាំងដដែល ដូច្នេះហើយ លោកមិនយល់ឃើញថា អាមេរិកបានធ្លាក់ក្នុងការថមថយចុះខាងសេដ្ឋកិច្ចនោះទេ ។ ប៉ុន្តែ សេដ្ឋវិទូមួយចំនួនបានសម្គាល់ឃើញថា ភាពមិនប្រាកដប្រជាកាន់តែធំដែលសេដ្ឋកិច្ចអាមេរិកប្រឈមមុខ គឺ តើអ្នកបាត់បង់ការងារអាចរកបានឱកាសការងារថ្មីក្នុងពេលឆាប់ៗឬអត់ ។

    សូមបញ្ជាក់ថា តាមទិន្នន័យដែលក្រសួងការងារអាមេរិកប្រកាសនាពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា នៅខែឧសភា ឆ្នាំនេះ អត្រាបាត់បង់ការងាររបស់អាមេរិកបានរក្សាកម្រិត ៣,៦ ភាគរយក្នុងរយៈពេល ៣ ខែជាប់ៗគ្នា ដែលនៅតែខ្ពស់ជាងកម្រិតមុនពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ ដដែល ។ ទិន្នន័យនេះបានបង្ហាញឱ្យឃើញថា បើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ ២០២០ ដែលមិនទាន់ផ្ទុះការរីករាលដាលនៃជំងឺឆ្លងនៅអាមេរិក អត្រាបាត់បង់ការងាររបស់អាមេរិកបានកើនឡើង ០,១ ភាគរយ ហើយចំនួនអ្នកបាត់បង់ការងារបានកើនឡើង ៣០ ម៉ឺននាក់ ។ ព្រមពេលជាមួយគ្នានេះ ចំនួនអ្នកបាត់បង់ការងារក្នុងរយៈពេលយូរដែលពេលវេលាបាត់បង់ការងារលើសពី ២៧ សប្តាហ៍បានកើនឡើង ២ សែន ៣ ម៉ឺន ៥ ពាន់នាក់បើប្រៀបធៀបពេលមិនទាន់ផ្ទុះការរីករាលដាលនៃជំងឺឆ្លង ។

    គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ប្រជាជនអាមេរិកកំពុងជួបប្រទះនឹងអតិផរណដ៏ខ្ពស់បំផុតក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ ។ តាមការគណនារបស់អ្នកវិភាគនៃអង្គការ Moody's បានឱ្យដឹងថា បើប្រៀបធៀបនឹងឆ្នាំមុនៗ គ្រួសារអាមេរិកគិតជាមធ្យមក្នុងមួយខែត្រូវបន្ថែមចំណាយប្រហែល ៤៦០ ដុល្លារអាមេរិកទៀត ។ អតិផរណាខ្ពស់បាន"លេបយក"ចំនួនប្រាក់ខែដែលកើនឡើងរបស់ជនជាតិអាមេរិកទាំងអស់ ថែមទាំងនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ។ មនុស្សជាច្រើននាក់បានធ្លាក់ចូលក្នុងភាពទទីសទទាសដែលប្រាក់ខែបន្តកើនឡើង តែទំនិញបែរជាទិញបានកាន់តែតិចទៅៗ ។មនុស្សដែលគ្មានប័ណ្ណប្រាក់ខែនិងក្រុមមនុស្សដែលមានចំណូលទាប គឺមានជីវភាពរស់នៅកាន់តែលំបាក ។

    អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ទីផ្សារភាគហ៊ុនបានកើនឡើង ក៏ដូចជាថ្លៃជួលផ្ទះ ថ្លៃសាំងនិងថ្លៃស្បៀងអាហារបានឡើងថ្លៃព្រមៗគ្នា ពួកអ្នកមានដែលស្ថិតនៅកំពូលខ្សែសង្វាក់ទ្រព្យសម្បត្តិទាំងនោះបែរជាមានទ្រព្យសម្បត្តិកាន់តែស្តុកស្តម្ភ ។ នាពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តីForbesនៃអាមេរិកបានជ្រើសរើសមហាសេដ្ឋីវាល់លានចំនួន ១០ នាក់ដែលទ្រព្យសម្បត្តិកើនឡើងច្រើនបំផុតនៅលើទូទាំងពិភពលោកនៅឆ្នាំ ២០២១ ក្នុងនោះ មានមហាសេដ្ឋី ៦ នាក់មកពីសហរដ្ឋអាមេរិក ។ គិតត្រឹមដំណាច់ឆ្នាំ ២០២១ ប្រាក់ទុនសរុបរបស់ពួកគេបានកើនឡើង ៣ សែន ៤ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២១ ទ្រព្យសុទ្ធគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនឡើង ៥១ ភាគរយ ហេតុនេះហើយ គម្លាតរវាងអ្នកមាននិងអ្នកក្រីក្ររបស់អាមេរិកបានពង្រីកធំយ៉ាងឆាប់រហ័ស ។

    មិនថា អត្រាការប្រាក់សូន្យនិងគោលនយោបាយ QE បានបណ្តាលឱ្យតម្លៃទំនិញឡើងថ្លៃយ៉ាងខ្លាំងកាលពីមុនឬក៏គោលនយោបាយរូបិយវត្ថុតឹងរ៉ឹងក៏ដោយ ក៏អាមេរិកសុទ្ធតែបានបង្វែរវិបត្តិទៅកាន់ពិភពលោកតាមរយៈអនុត្តរភាពផែ្នកប្រាក់ដុល្លារអាមេរិករបស់ខ្លួន ។ ប្រការទាំងនេះបានបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីលើពិភពលោកដែលកំពុងខិតខំសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩ ។

    អ្វីដែលគួរឱ្យប្រុងប្រយ័ត្ននោះគឺ មួយផ្នែក ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានដំឡើងអត្រាការប្រាក់ដើម្បីលើកកម្ពស់កម្លាំងទាក់ទាញនៃទ្រព្យសម្បតិ្តជាប្រាក់ដុល្លារអាមេរិកដែលបានបន្ថែមហានិភ័យក្នុងការហូរទៅកាន់ក្រៅប្រទេសនៃមូលធនទីផ្សារងើបឡើងថ្មីនិងការចុះថ្លៃនៃរូបិយវត្ថុ ក៏ដូចជាបណ្តាលឱ្យហានិភ័យខាងប្រាក់បំណុលនៃប្រទេសជាច្រើនកើនឡើងយ៉ាងខ្លាំង ។ មួយផ្នែកទៀត ការចុះថ្លៃនៃរូបិយវត្ថុផ្សេងទៀតដែលបណ្តាលមកពីការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកក៏នឹងកម្សោយសមត្ថភាពទិញទំនិញរបស់ប្រជាជននៃប្រទេសដទៃទៀតនិងបំផ្លាញដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់អង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ដែលបាននិងកំពុងប្រឈមនឹងភាពលំបាកលំបិន ។

    តាមការពិត បន្ទាប់ពីបានបង្កើតជាអនុត្តរភាពផ្នែកប្រាក់ដុល្លារអាមេរិក "ឧបាយកលចាស់"ដែលប៉ុនប៉ងឆក់យកទ្រព្យសម្បត្តិពិភពលោកទាំងមូលនេះ អាមេរិកបានលេងជាច្រើនលើកហើយ ពោលគឺ ខណៈពេលដែលអាមេរិកបានអនុវត្តគោលនយោបាយ QE ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានបញ្ចុះអត្រាការប្រាក់ធ្វើឱ្យទីផ្សារងើបឡើងថ្មីខ្ចីបំពុលអាមេរិកជាច្រើន មើលទៅ ការនេះបានបណ្តាលឱ្យសេដ្ឋកិច្ចវិវឌ្ឍរីកចម្រើនទៅមុខ ហើយបានបង្កើតឡើងនូវពពុះទ្រព្យសម្បតិ្តក្នុងកម្រិតទីទៃគ្នា ។ ល្គឹកណាដែលប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានដំឡើងអត្រាការប្រាក់ នោះ មូលធនដ៏ច្រើនសន្ធឹករបស់ប្រទេសទីផ្សារងើបឡើងថ្មីក៏បានហូរទៅខាងក្រៅដែលបណ្តាលឱ្យអត្រាប្តូរប្រាក់មានការផ្លាស់ប្តូរយ៉ាងខ្លាំងនិងពពុះរហែករហុយ រហូតដល់បានបណ្តាលឱ្យកើតមានវិបត្តិផ្នែករូបិយវត្ថុនិងហិរញ្ញវត្ថុ ។

    ក្នុងរយៈពេលដំបូងដែលអតិផរណបានកើនឡើងជុំនេះ ប្រតិបត្តិការរបស់រដ្ឋាភិបាលអាមេរិកមានភាពយឺតយ៉ាវ គ្រាន់តែស្រែកថា អតិផរណាគ្រាន់តែជា"បណ្តោះអាសន្ន"ប៉ុណ្ណោះ ក៏ដូចជាប្រកាន់ខ្ជាប់គោលនយោបាយរូបិយវត្ថុរលុងកម្រិតខ្ពស់ដែលបានបណ្តាលឱ្យកម្រិតអតិផរណាកើនឡើងជាបន្តបន្ទាប់ ។ ហេតុនេះហើយ បញ្ហាលំបាក់ខាងសេដ្ឋកិច្ចដែលរដ្ឋាភិបាលអាមេរិកបាននិងកំពុងប្រឈមគឺជាលទ្ធផលមិនទទួលខុសត្រូវរបស់ខ្លួន ។

    លើសពីនេះទៅទៀត បន្ទាប់ពីផ្ទុះវិបត្តិអ៊ុយក្រែន សហរដ្ឋអាមេរិកបានអនុវត្តការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីឥតឈប់ឈរដែលបានបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ថាមពល សន្តិសុខស្បៀងអាហារនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មជាសកល ក៏ដូចជាធ្វើឱ្យសម្ពាធខាងអតិផរណារបស់ប្រទេសខ្លួនកើនឡើងយ៉ាងខ្លាំង ។ ព្រមពេលជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិកអាណត្តិបច្ចុប្បន្នបានបន្តអនុវត្តគោលនយោបាយខុសឆ្គងស្តីពីការយកពន្ធលើផលិតផលចិនរបស់រដ្ឋាភិបាលអាណត្តិមុនក្នុងរយៈពេលយ៉ាងយូរវាក៏បានបន្ថែមបន្ទុកជាច្រើនដល់វិក័យប័ត្រគ្រប់ប្រភេទរបស់ប្រជាជនអាមេរិកផងដែរ ។

    បច្ចុប្បន្ននេះ គោលនយោបាយរូបិយវត្ថុរបស់អាមេរិកមានការកែប្រែយ៉ាងខ្លាំងហើយ ប៉ុន្តែ ជំនឿចិត្តចំពោះទីផ្សារនៅតែមានទុទិដ្ឋិនិយមដដែល ។ លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានថ្លែងថា "បរិយាកាសនាពេលបច្ចុប្បន្នបានបង្ហាញថា តាមការពិត លទ្ធភាពនៃការដែលសេដ្ឋកិច្ចអាមេរិកអាចចៀសវាងពីភាពថមថយចុះ គឺតិចតួចណាស់" ។ លោកបានព្រមានថា ទោះបីជា"ការវាយប្រហារដ៏តូចមួយ"ក្តី ក៏មានលទ្ធភាពនាំឱ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ក្នុងភាពថមថយចុះដែរ ។ យោងតាមការព្យាករណ៍ថ្មីបំផុតនៃទីភ្នាក់ងារសារព័ត៌មាន Bloomberg ឱ្យដឹងថា បន្ទាប់ពីសន្ទស្សន៍ជំនឿចិត្តអ្នកប្រើប្រាស់អាមេរិកបានបំបែកកំណត់ត្រាទាបបំផុតនិងអត្រាការប្រាក់ត្រូវបានដំឡើង ក្នុងរយៈពេល ១ ឆ្នាំខាងមុខនេះ លទ្ធភាពដែលសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះប្រហែលនឹងឡើងដល់ ៣៨ ភាគរយ ។

    ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក ដរាបណាដែលសេដ្ឋកិច្ចអាមេរិកបានធ្លាក់ក្នុងការថមថយចុះ នោះ វាក៏មុខជានឹងនាំមកនូវហានិភ័យរីករាលដាលយ៉ាងខ្លាំងដែរ ។ នេះគឺជាហានិភ័យដែលពិភពលោកទាំងមូលត្រូវរក្សាភាពប្រុងប្រយ័ត្នគ្រប់ពេលវេលា ។

    ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ ខណៈពេលដែលសេដ្ឋកិច្ចអាមេរិកបានធ្លាក់ក្នុងសភាពទាល់ច្រក អ្នកនយោបាយនៅទីក្រុងវ៉ាស៊ីនតោនមួយចំនួនមិនបានគិតពិចារណាពីការធ្វេសប្រហែសនឹងទំនួលខុសត្រូវរបស់ពួកគេក្នុងការឆ្លើយតបនឹងវិបត្តិនោះទេ ប៉ុន្តែបែរជាបានលេងល្បែងចាស់ៗនៃការទម្លាក់កំហុសដើម្បីបង្វែរទំនាស់ទៅខាងក្រៅ ។ ទង្វើបែបនេះជាការមិនទទួលខុសត្រូវចំពោះប្រជាជនអាមេរិក ហើយក៏ជាការមិនទទួលខុសត្រូវចំពោះពិភពលោកផងដែរ ។ អ្នកនយោបាយនៅទីក្រុងវ៉ាស៊ីនតោនដែលចចេសអនុវត្តគំនិត"សហរដ្ឋអាមេរិកជាអាទិភាព"ទាំងនោះគួរតែបញ្ឈប់ប្រព្រឹត្តិទង្វើដែលបំភាន់ភ្នែកអ្នកផង បង្វែរវិបត្តិទៅខាងក្រៅនិងទម្លាក់កំហុសតាមតែទំនើងចិត្ត ក៏ដូចជាអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលកាន់តែមានទំនួលខុសត្រូវ សូមដាស់តឿនពួកគេឱ្យអនុវត្តវិធានការណ៍ជាក់ស្តែងដើម្បីជួយសេដ្ឋកិច្ចសកលឱ្យងើបឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងពេលឆាប់ៗ !

អ្នកបកប្រែ:魏伟
ប្លុកពិសេស