ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខ្ញុំបានធ្វើរឿងធំបីយ៉ាងក្នុងជីវិតរបស់ខ្ញុំ(ភាគទី ១)
2022-07-18 12:12:45cri
Share with:

រឿងរ៉ាវរបស់លោក Wang Yongzhi ប្រធានអ្នករចនាដំបូងគេនៃវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ប្រទេសចិន

 

លោក Wang Yongzhi នាយកវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យារ៉ុក្កែតដឹកជញ្ជូនរបស់ប្រទេសចិន កើតនៅឆ្នាំ ១៩៣២ ក្នុងគ្រួសារកសិករក្រីក្រមួយនៅស្រុក Changtu ខេត្ត Liaoning ភាគឦសានប្រទេសចិន។

ដោយសារតែការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ លោក Wang Yongzhi បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងថ្នាក់ ជារៀងរាល់ឆ្នាំ។ គាត់មិនត្រឹមតែខំប្រឹងរៀនប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមផ្សេងៗរបស់បក្ស និងធ្វើបានល្អផងដែរ។

នៅឆ្នាំ ១៩៥៥ លោក Wang Yongzhi ជិតនឹងបញ្ចប់ការសិក្សានៅវិទ្យាល័យ ហើយកំពុងត្រៀមប្រឡងចូលសាកលវិទ្យាល័យ។ មានថ្ងៃមួយ Wang Yongzhi បានទៅរកលោកគ្រូប្រចាំថ្នាក់ ហើយសួរថា៖ "លោកគ្រូ តើសាកលវិទ្យាល័យណាមួយអាចរៀនពីចំណេះដឹង ផលិតយន្តហោះបាន?"

"ទីក្រុងប៉េកាំងមានសាកលវិទ្យាល័យ Tsinghua មានមុខវិជ្ជាវិស្វកម្មអាកាសចរណ៍" ។

លោកWang Yongzhi មិនបាននិយាយអ្វីទាល់តែសោះ ហើយបានសរសេរដេប៉ាតេម៉ង់វិស្វកម្មអាកាសចរណ៍នៃសាកលវិទ្យាល័យ Tsinghua លើតារាងគោលបំណង។

បើនិយាយដល់លោក Wang Yongzhi គាត់ក៏ជាសិស្សពូកែមួយរូបផងដែរ។ សាកលវិទ្យាល័យ Tsinghua គឺជាសាកលវិទ្យាល័យល្អកំពូលមួយនៅក្នុងប្រទេសចិន។ Wang Yongzhi និយាយថាចង់ប្រឡងទៅរៀនទីនោះ គឺប្រឡងជាប់បាន ។

បន្ទាប់ពីសិក្សានៅក្នុងសាកលវិទ្យាល័យ Tsinghua អស់រយៈពេលពីរឆ្នាំ លោកWang Yongzhi បានខិតខំសិក្សាឯកទេសអាកាសចរណ៍ ហើយតាំងចិត្តថានឹងធ្វើជាអ្នករចនាយន្តហោះដ៏ឆ្នើមនាពេលអនាគត និងផលិតយន្តហោះទំនើបសម្រាប់ប្រទេសជាតិ។

នៅឆ្នាំ ១៩៥៥ លោក Qian Xuesen អ្នកជំនាញខាងរ៉ុក្កែតដ៏ល្បីល្បាញបានត្រឡប់មកមាតុប្រទេសចិនវិញ។ គាត់ត្រូវបានទទួលស្វាគមន៍ដោយលោកប្រធានម៉ៅ សេទុង ដែលជាមេដឹកនាំកំពូលរបស់ប្រទេសចិននាពេលនោះ។ លោក Qian Xuesen បានប្រាប់ លោកប្រធានម៉ៅយ៉ាងលម្អិត អំពីគំនិតរបស់ខ្លួនក្នុងការកសាង ប្រតិបត្តិការរ៉ុក្កែតនិងអវកាសសម្រាប់ប្រទេសចិនថ្មី។

ភ្លាមៗនោះ រដ្ឋាភិបាលចិនបានសម្រេចចិត្តជ្រើសរើសនិស្សិតឆ្នើមសិក្សាមុខវិជ្ជាអាកាសចរណ៍ពីសាកលវិទ្យាល័យ ទៅបន្តការសិក្សាមុខវិជ្ជារ៉ុក្កែតនៅសហភាពសូវៀត ។

ហេតុនេះហើយ លោក Wang Yongzhi ដែលដើមឡើយតាំងចិត្តនឹងរចនានិងបង្កើតយន្តហោះ ត្រូវបានជ្រើសរើសតាមតម្រូវការនៃសម័យកាល ហើយបានយកវ៉ាលីចាប់ផ្ដើមដំណើរលើរថភ្លើងឆ្ពោះទៅកាន់ទីក្រុងមូស្គូ នៅភាគខាងជើង។

លោកWang Yongzhiនឹងសិក្សានៅសាលាអាកាសចរណ៍ថ្នាក់ខ្ពស់នៃទីក្រុងមូស្គូ។ បន្ទាប់ពីបញ្ចប់បែបបទចូលរៀនរួច លោក Wang Yongzhi ទើបបានដឹងថា ក្នុងចំណោមមនុស្សដែលសិក្សាផ្នែកវិជ្ជាគ្រាប់រ៉ុក្កែតនៅសាលានេះ  មានតែខ្លួនលោកប៉ុណ្ណោះជាជនជាតិចិនតែម្នាក់ឯង។

នៅក្នុងថ្នាក់រៀន Wang Yongzhi បានស្តាប់ការពន្យល់របស់គ្រូដោយយកចិត្តទុកដាក់ ហើយបានសួរសំណួរប្រសិនបើខ្លួនមិនយល់។ បន្ទាប់ពីចេញពីរៀន លោក Wang Yongzhi បានរំលឹកម្តងហើយម្តងទៀតនូវអ្វីដែលគ្របានបង្រៀននៅក្នុងថ្នាក់ ហើយបានរក្សាទុកនូវខ្លឹមសារសំខាន់ដែលបានសិក្សាទាំងអស់នៅក្នុងជម្រៅនៃការចងចាំរបស់គាត់ ។

បួនឆ្នាំក្រោយមក លោកWang Yongzhi បានទទួលបញ្ជាឱ្យត្រឡប់ទៅប្រទេសចិនវិញ។

នៅថ្ងៃនោះ Wang Yongzhi ពេលលោកកំពុងរៀបចំអីវ៉ាន់របស់គាត់នៅក្នុងអន្តេវាសិកដ្ឋាន សំឡេងកណ្ដឹងទ្វារបានបន្លឺឡើងភ្លាមៗ។ លោក Wang Yongzhi បើកទ្វារ ហើយឃើញគ្រូប្រចាំថ្នាក់កំពុងឈរនៅខាងក្រៅ៖ "លោកWang ខ្ញុំសង្ឃឹមថាឯងអាចស្នាក់នៅ និងបន្តការសិក្សានៅមូស្គូទៀត"។

"លោកគ្រូ ខ្ញុំត្រូវត្រឡប់ទៅប្រទេសចិនវិញ"។

អូ! ឯងមិនបាច់បារម្ភពីរឿងនេះទេ គ្រូអាចសុំនាយកសាលាដើម្បីដាក់ពាក្យស្នើសុំទៅស្ថាប័នពាក់ព័ន្ធ ឱ្យពួកគេទៅទាក់ទងជាមួយស្ថានទូតចិនប្រចាំនៅសហភាពសូវៀត។ ទុកឱ្យនិស្សិតចិនប៉ុន្មាននាក់បន្តសិក្សាស្នាក់នៅសហភាពសូវៀត នេះមិនមានបញ្ហាទេ។

"ខ្ញុំត្រឡប់ទៅប្រទេសចិនវិញ មិនមែនដោយសារតែខ្ញុំបានទទួលការបញ្ជាពីថ្នាក់លើនោះទេ។ បំណងប្រថ្នារបស់ខ្ញុំ គឺខ្ញុំចង់រៀនបច្ចេកវិទ្យាអវកាស ហើយត្រឡប់ទៅកសាងការការពារជាតិដ៏រឹងមាំរបស់មាតុប្រទេសវិញ។ ខ្ញុំគ្រាន់តែធ្វើតាមបេះដូងរបស់ខ្ញុំតែប៉ុណ្ណោះ"។

   លោកគ្រូបានសម្លឹងមើលមុខ Wang Yongzhi មួយភ្លែតហើយនិយាយថា៖ “Wang ថ្ងៃនេះគ្រូមកទីនេះដើម្បីបញ្ចុះបញ្ចូលឯងកុំឱ្យចាកចេញ មិនមែនដោយសារតែការបញ្ជាណាមួយទេ ប៉ុន្តែដោយសារតែមិត្តភាពរវាងគ្រូ និងសិស្ស។ ក្នុងនាមជាអ្នករៀនសូត្រម្នាក់ ឯងអាចទទួលបានលក្ខខណ្ឌសិក្សាស្រាវជ្រាវកាន់តែល្អនៅទីនេះ។ គ្រូសង្ឃឹមថាឯងនឹងមានអនាគតដ៏ល្អប្រសើរ។"

លោកWang Yongzhi ញញឹមហើយនិយាយថា៖ "លោកគ្រូ ខ្ញុំសូមអរគុណចំពោះសេចក្តីសប្បុរសរបស់លោក។ សហភាពសូវៀតគឺល្អណាស់ ប៉ុន្តែខ្ញុំជាភ្ញៀវនៅទីនេះជានិច្ច ខ្ញុំមិនបានឃើញអ្វីដែលខ្ញុំអាចធ្វើបាននៅទីនេះទេ។ ខ្ញុំសឹងតែមិនអាចយកក្រដាសមួយសន្លឹកចេញពីថ្នាក់បានទេ។

"អញ្ចឹង គ្រូមិនអាចរក្សាឯងនៅទីនេះបានទេ។"

"លោកគ្រូ យើងនឹងមានឱកាសជួបនៅពេលក្រោយទៀត។"

បន្ទាប់ពីលោក Wang Yongzhi ត្រឡប់មកប្រទេសចិនវិញ គាត់បានចូលធ្វើការនៅវិទ្យាស្ថានស្រាវជ្រាវទីប្រាំនៃក្រសួងការពារជាតិចិនដែលដឹកនាំដោយលោក Qian Xuesen ។ លោក Wang Yongzhi ធ្វើជាអ្នករចនានៃការិយាល័យរចនាទូទៅ។ ដំណាលគ្នានេះ នៅមាន លោក Wang Dechen ក៏បានមកដល់វិទ្យាស្ថានស្រាវជ្រាវទីប្រាំដែរ ។លោក Wang Dechen ជាប្រធានអ្នករចនាមួយរូបទៀតនាពេលក្រោយមក។

ប្រតិបត្តិការរ៉ុក្កែតអវកាសរបស់ចិន មានប្រភពដើមចេញពីកាំជ្រួចមីស៊ីល។ លោក Qian Xuesen បានដឹកនាំវិស្វករចិនឱ្យចាប់ផ្តើមជាមួយនឹងកាំជ្រួចរយៈចម្ងាយខ្លី ហើយធ្វើឱ្យប្រសើរឡើងបន្តិចម្តងៗពីតូចទៅធំ រហូតដល់បានបង្កើតរ៉ុក្កែតអវកាសដែលមានសមត្ថភាពបាញ់បង្ហោះផ្កាយរណប និងយានអវកាសបាន។

នៅឆ្នាំ១៩៦២ កាំជ្រួចរយៈចម្ងាយមធ្យមនិងខ្លីដំបូងគេដែលសិក្សានិងផលិតដោយប្រទេសចិនត្រូវបានដឹកជញ្ជូនទៅកាន់កន្លែងសាកល្បងនៅភាគពាយព្យប្រទេសចិន ហើយការសាកល្បងបាញ់បង្ហោះខិតជិតមកដល់ហើយ ។ ក្នុងនាមជាអ្នករចនាលោក Wang Yongzhi បានដើរជាមួយក្រុមការងារទៅកាន់ វាលខ្សាច់ដ៏ជ្រៅ។

កាំជ្រួចដ៏ថ្មីសន្លាងឈរត្រង់នៅក្រោមពន្លឺអាទិត្យដ៏ក្ដៅនៃវាលខ្សាច់ភាគពាយ័ព្យ ហើយទាហានរ៉ុក្កែតដែលពាក់ឈុតការពារជាតិគីមីកំពុងធ្វើប្រតិបត្តិការចាក់បញ្ចូលឥន្ធនៈ។

លោកWang Yongzhi និងអ្នកបច្ចេកទេសផ្សេងទៀតក៏កំពុងត្រួតពិនិត្យប្រតិបត្តិការចាក់ឥន្ធនៈនៅនឹងកន្លែងក្រោមពន្លឺអាទិត្យដ៏ក្ដៅគគុកដែរ។ ភ្លាមៗនោះ មានសំឡេងរំជើបរំជួលអ៊ូអរឮពីខាងក្រោមកាំជ្រួច។

មន្ត្រីបច្ចេកទេសទៅមើលភ្លាម ឃើញតែប្រធានក្រុមចាក់សាំងរត់ទៅប្រាប់លោកមេបញ្ជាការថា៖ រាយការណ៍លោកមេបញ្ជាការ ប្រេងចាក់មិនចូលទេ!។

"ហេតុអីក៏អញ្ចឹង?"

"អេក្រង់បង្ហាញថាធុងសាំងពេញ ប៉ុន្តែនៅមានប្រេងឥន្ធនៈរាប់រយគីឡូក្រាមទៀតនៅលើឡានសាំង!"

ចម្លែកមែន! ឯងដាក់សម្ពាធខ្លាំងជាងនេះទៀត ធ្វើយ៉ាងម៉េចក៏ដោយ ត្រូវតែចាក់សាំងចុងក្រោយនេះចូលឱ្យអស់” !

 “បាទ!  ប្រធានក្រុមទទួលបទបញ្ជា ហើយហៀបនឹងងាកក្រោយ ។

 “ ចាំបន្តិច! ”  ស្រាប់តែមានសំឡេងមួយបន្លឺឡើងពីហ្វូងមនុស្ស ហើយប្រធានក្រុមបានស្រឡាំងកាំងមួយសន្ទុះ ប៉ុន្តែគាត់មិនឈប់ទេ គាត់ពាក់ម៉ាស់ហ្គាស ហើយរត់សំដៅទៅរកមីស៊ីល។

"ដោយសារការរីករួមមាឌ!" អាកាសធាតុក្តៅពេក ដូចនេះហើយឥន្ធនៈក៏រីកមាឌ ហើយចំណុះធុងផ្ទុកមីស៊ីលនៅដដែល ដូច្នេះឯងមិនអាចចាក់បន្ថែមទៀតបានទេ! មិនអាចបន្ថែមសម្ពាធបានទេ! មិនត្រូវបង្ខំដាច់ខាត!"

 

អគ្គមេបញ្ជាការខឹងយ៉ាងខ្លាំង ក៏បែរមកសួរវិញថា៖ នរណា?នរណា? ”

លោក Wang Yongzhi ដើរចេញពីហ្វូងមនុស្ស ចូលមកជួបអគ្គមេបញ្ជាការ គោរពធ្វើគារវកិច្ច ហើយនិយាយថា៖ " រាយការណ៍អគ្គមេបញ្ជាការ ខ្ញុំឈ្មោះ Wang Yongzhi អ្នករចនានៅការិយាល័យកិច្ចការទូទៅ"។

" អ្នករចនា លោកបាននិយាយមកមើល តើយើងគួរធ្វើដូចម្តេចប្រសិនបើប្រេងឥន្ធនៈបញ្ចូលមិនគ្រប់ ហើយមីស៊ីលមិនអាចហោះហើរបាន? "

"យើងអាចទម្លាក់ឥន្ធនៈបន្ថែមទៀតចេញពីមីស៊ីល ដើម្បីធ្វើឱ្យទម្ងន់របស់មីស៊ីលកាន់តែស្រាល ប៉ុន្តែកម្លាំងម៉ាស៊ីននៅដដែល ហើយល្បឿនដំបូងក៏កើនឡើង អាចហោះបានកាន់តែឆ្ងាយកាន់តែខ្ពស់ ។ "

អគ្គមេបញ្ជាការមើលចុះក្រោម មើលទៅអនុសេនីយ៍ទោជាអ្នករចនានៅពីមុខគាត់ ហើយសួរថា ៖ "ប្រធានការិយាល័យកិច្ចការទូទៅចេញមក! តើលោកគិតថាផែនការរបស់ Wang Yongzhi អាចធ្វើទៅបានទេ?"

ប្រធានការិយាល័យកិច្ចការទូទៅបានងាកទៅ Wang Yongzhi ហើយសួរដោយសំឡេងតិចៗថា "តើផែនការរបស់ឯងមានទិន្នន័យសំអាងទេ?"

"នេះជាគំនិតដំបូងរបស់ខ្ញុំ ហើយខ្ញុំអាចគណនាទិន្នន័យទាំងយប់នេះបាន ។"

លោកអគ្គមេបញ្ជាការ ទុកពេលឱ្យពួកខ្ញុំមួយយប់ទៀតបានទេ?” លោកប្រធានការិយាល័យបានសាកល្បងសួរលោកអគ្គមេបញ្ជាការ ។

អគ្គមេបញ្ជាការក្រឡេកមើលនាឡិកាខ្លួន ហើយនិយាយថា៖ មួយយប់ និយាយដូចស្រួលណាស់ យើងអាចឲ្យលោកតែបីម៉ោងទេ បីម៉ោងក្រោយ បើលោកមិនមានលទ្ធផលចេញមកតេ យើងនឹងចាក់ប្រេងបន្តទៀត។ "

Wang Yongzhi បានត្រឡប់ទៅក្នុងអន្តេវាសិកដ្ឋាន ហើយចាប់ផ្តើមការគណនាជាបន្ទាន់។

លោក Wang Yongzhi នៅចុងបញ្ចប់បានប្រើបន្ទាត់ដើម្បីគណនាទិន្នន័យចុងក្រោយ។ ទោះជាយ៉ាងនេះក្តី ពេលវេលា យឺតបាត់ទៅហើយ ដោយបានលើសពេលកំណត់រយៈពេល៥នាទី!

"ត្រូវធ្វើម៉េចទៅ?"

Wang Yongzhi ដើរទៅដើរមកក្នុងអន្តេវាសិកដ្ឋាន ដោយមានក្តីព្រួយបារម្ភ ហើយគាត់ស្រាប់តែនឹកឃើញមនុស្សម្នាក់។ 

"រាយការណ៍!"

សូមអញ្ជើញចូលមកសំឡេងស្រទន់ បន្លឺឡើងពីចំហៀងទ្វារ។

Wang Yongzhi ដើរចូល បន្ទប់មានពន្លឺភ្លឺខ្លាំង។ បុរសម្នាក់ក្នុងឈុតអាវក្រណាត់ពណ៌ខៀវក្រោកពីកៅអី ហើយសម្លឹងមក Wang Yongzhi ដោយពន្លឺភ្នែកភ្លឺ។

" ជំរាបសួរ អគ្គនាយក Qian។ ខ្ញុំឈ្មោះ Wang Yongzhi"

"ជំរាបសួរ លោកWang Yongzhi សូមអង្គុយចុះ"

ទោះបីជាគាត់បានធ្វើការនៅក្នុង វិទ្យាស្ថានទីប្រាំ ក៏ដោយ ប៉ុន្តែនៅក្នុងក្រសែភ្នែករបស់ Wang Yongzhi នៅពេលនោះ លោក Qian Xuesen គឺដូចជាតារា ដែលគួរឱ្យសម្លឹងមើលអ៊ីចឹង។ Wang Yongzhi មិនដែលគិតថាថ្ងៃណាមួយគាត់នឹងជួប Qian Xuesen តែពីរនាក់ ដើម្បីប្រាប់ពីទស្សនៈរបស់គាត់ទេ។

Qian Xuesen អង្គុយនៅតុ ហើយមើលទៅ Wang Yongzhi រួចនិយាយថា៖ "សូមបញ្ចេញយោបល់របស់លោកមក។"

លោក Wang Yongzhi បានយកឯកសារទិន្នន័យគណនាផ្ទាល់ខ្លួនរបស់គាត់ចេញមក ហើយព្យាយាមបង្ហាញទស្សនៈរបស់គាត់ដោយសង្ខេបបំផុត។

Qian Xuesen សម្លឹងមើល Wang Yongzhi យ៉ាងយកចិត្តទុកដាក់ ហើយនៅពេលដែលគាត់បានឮចំណុចសំខាន់ៗ គាត់បានសួរយកចម្លើយម្តងម្កាល។ បន្ទាប់ពីមើលទិន្នន័យរួច Qian Xuesen បានគិតមួយសន្ទុះ ។ នៅចុងបញ្ចប់ Qian Xuesen បានក្រោកឈរឡើង ហើយដើរនៅមុខ Wang Yongzhi ដោយប្រគល់ឯកសារទិន្នន័យទៅគាត់វិញ រួចនិយាយថា "លោកមានសមត្ថភាពក្នុងការគិតខុសពីគេ។ " 

បន្ទាប់ពីនិយាយរួច Qian Xuesen បានដើរត្រឡប់មកតុវិញ ហើយលើកទូរស័ព្ទ និយាយថា៖ "ជំរាបសួរ សូមជួបជាមួយអគ្គមេបញ្ជាការ ។ លោកអគ្គមេបញ្ជាការ ខ្ញុំឈ្មោះ Qian Xuesen សូមបញ្ឈប់ការចាក់ប្រេងជាបណ្តោះអាសន្ន។"

នៅពេលល្ងាច លោក Qian Xuesen បានរៀបចំកិច្ចប្រជុំមួយសម្រាប់បុគ្គលិកបច្ចេកទេសសំខាន់ៗ ហើយបានស្នើឱ្យ Wang Yongzhi បង្ហាញពីគំនិតរបស់គាត់ម្តងទៀត។ នៅក្នុងសុន្ទរកថាចុងក្រោយ Qian Xuesen បាននិយាយត្រង់ៗថា "ខ្ញុំគិតថាផែនការរបស់លោក Wang Yongzhi គឺអាចធ្វើទៅបាន ដូច្នេះខ្ញុំនឹងធ្វើតាមផែនការរបស់គាត់។"

នៅថ្ងៃបន្ទាប់ មីស៊ីលបានទម្លាក់ឥន្ធនៈ ៦០០ គីឡូក្រាម នេះបើយោងតាមការគណនារបស់លោក Wang Yongzhi ។ មីស៊ីលដែលបន្ថយទម្ងន់បានហោះឡើងលើមេឃហើយហោះត្រង់សំដៅទៅកន្លែងបាញ់ ចំគោលដៅយ៉ាងត្រឹមត្រូវ ។

ពេលវេលាជាង២០ឆ្នាំបានកន្លងផុតទៅ ប្រទេសចិននៅពេលនេះកំពុងកសាងសេដ្ឋកិច្ចដោយគ្រប់ជ្រុងជ្រោយ។

ឆ្នាំ១៩៨៤ បន្ទាប់ពីផ្កាយរណបទី១របស់ប្រទេសចិន ដែលមានគន្លងតារាវិថីជាមួយភពផែនដីបានបាញ់បង្ហោះដោយជោគជ័យ។ប្រទេសចិនពុំមានកម្មវិធីអវកាសថ្មីជាច្រើនឆ្នាំជាប់ៗគ្នា។

លោកWangYongzhiនៅពេលនេះ បានកាន់មុខតំណែងជាប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវបច្ចេកវិទ្យារ៉ុក្កែតដឹកជញ្ជូនចិន។ នៅពេលនោះ ការផ្តល់មូលនិធិរបស់វិទ្យាស្ថាន

បច្ចេកវិទ្យារ៉ុក្កែត គឺមានត្រឹមតែ 40% នៃអ្វីដែលធ្លាប់មានកាលពីពេលមុន។ Wang Yongzhi បារម្ភពីជីវភាពរបស់កម្មាភិបាលនិងបុគ្គលិករាប់ម៉ឺននាក់ជារៀងរាល់ថ្ងៃ។

ព្រឹកនេះ Wang Yongzhi មានការព្រួយបារម្ភនៅចំពោះមុខគំនរគំនូសតាងនៅក្នុងការិយាល័យ។ នៅពេលនោះ  សំឡេងគោះទ្វារបានបន្លឺឡើង។

 

"សូមអញ្ជើញចូល។"

"លោកប្រធាន Wang ជំរាបសួរ ខ្ញុំឈ្មោះ Huang Zuoyi"

ទ្វារបានបើក ហើយមានវិស្វករវ័យក្មេងម្នាក់កាន់ក្រដាសនៅក្នុងដៃ។

ដោយឃើញស្ថានភាពបែបនេះ ការចងចាំរបស់Wang Yongzhi បានត្រឡប់ទៅដល់ទិដ្ឋភាពលោកជួបជាមួយលោក Qian Xuesenលើកដំបូង នាពេលថ្ងៃត្រង់ដ៏ក្តៅគគុកកាលពីជាង២០ឆ្នាំមុន។ លោកក៏បាននិយាយឃ្លានេះដូចគ្នា។

"ជំរាបសួរ Huang Zuoyi សូមអង្គុយចុះ"

គេមើលទៅមានការភ័យខ្លាចបន្តិច អង្គុយដោយគោរពទល់មុខតុរបស់Wang Yongzhi ហើយហុចក្រដាសក្នុងដៃនោះឱ្យគាត់។

Wang Yongzhi បានយកមកមើល។ វាគឺជាគំនូសព្រាងគូរដោយដៃមួយសន្លឹក។ គំនូសព្រាងនៅលើក្រដាសនោះ គឺជាគ្រាប់រ៉ុក្កែតដែលមានរូបរាងថ្មី ប៉ុន្តែមានអារម្មណ៍ថាដូចជាធ្លាប់បានឃើញ។

"នេះគឺជា?"

"លោកប្រធានWang នេះជាគំនិតរបស់ខ្ញុំសម្រាប់រ៉ុក្កែតបែបថ្មីដែលមានកម្លាំងជំរុញខ្លាំង។ ដោយប្រើដំណាក់កាលស្នូលនៃយានអវកាស Long March 2C ដ៏ពេញលក្ខណៈរបស់យើង ឧបករណ៍ជំរុញតូចៗចំនួន៤ត្រូវបានបន្ថែមនៅជុំវិញ ដើម្បីបង្កើតជាបណ្តុំរចនាសម្ព័ន្ធ ដូច្នេះពួកយើងអាចបង្កើនកម្លាំងជំរុញការហោះហើរ ហើយអាចបាញ់បង្ហោះផ្កាយរណបធ្ងន់ជាងមុនបាន

 “ត្រូវហើយ ប៉ុន្តែហេតុអ្វីពួកយើងត្រូវផលិតរ៉ុក្កែតបែបនេះ?”

 “ដោយសារនេះជាក្តីសង្ឃឹមតែមួយគត់ដែលវិទ្យាស្ថានរ៉ុក្កែតយើងអាចរក្សានៅបន្តទៀតនាពេលអនាគត

"អូ?"

Wang Yongzhi ងើបមុខសម្លឹងមើលយុវជនម្នាក់នេះដោយភ្ញាក់ផ្អើល ហើយលើកទឹកចិត្តគាត់ឱ្យបន្តនិយាយ ដោយប្រើកែវភ្នែកទន្ទឹងរង់ចាំ។

"លោកប្រធានWang បច្ចុប្បន្ន ប្រទេសយើងមិនបានទម្លាក់ភារកិច្ចមកទេ ប្រសិនបើវិទ្យាស្ថានរបស់យើងចង់ជួយខ្លួនឯង យើងត្រូវចេះសម្លឹងទៅខាងក្រៅ ហើយទៅទទួលប្រតិបត្តិការបាញ់បង្ហោះផ្កាយរណបពាណិជ្ជកម្មអន្តរជាតិ។ ប៉ុន្តែឥឡូវនេះ បច្ចេកវិទ្យាផ្កាយរណបអន្តរជាតិកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស មុខងារនៃផ្កាយរណបកាន់តែខ្លាំងឡើងៗ ទំហំក៏កាន់តែធំឡើងៗ។ រ៉ុក្កែតពីមុនរបស់យើងមិនអាចបាញ់បង្ហោះផ្កាយរណបពាណិជ្ជកម្មនៅលើទីផ្សារអន្តរជាតិបច្ចុប្បន្ននេះបានទៀតទេ។ ដើម្បីទទួលបានការបញ្ជាទិញប្រតិបត្តិការពីអន្តរជាតិ យើងត្រូវតែអភិវឌ្ឍប្រភេទរ៉ុក្កែតថ្មីដែលមានកម្លាំងខ្លាំង។

"និយាយតទៅទៀត"

"ខ្ញុំជាអ្នករចនាទូទៅម្នាក់។ យោងទៅតាមការគណនារបស់ខ្ញុំ ដរាបណាយើងធ្វើការកែលម្អបន្តិចបន្តួចលើគ្រាប់រ៉ុក្កែតដែលយើងមានស្រាប់ ហើយបន្ថែមឧបករណ៍ជំរុញចំនួន៤ នោះកម្លាំងរុញចេញអាចកើនឡើងទ្វេដង ហើយទម្ងន់របស់ផ្កាយរណបដែលអាចដឹកជញ្ជូនបាន ក៏អាចកើនឡើងទ្វេដងបានដែរ។ វាគ្រប់គ្រាន់សម្រាប់យើងក្នុងការបាញ់បង្ហោះផ្កាយរណបបរទេសបាន។ គម្រោងផែនការរបស់ខ្ញុំមានការវិនិយោគតិច និងទទួលបានលទ្ធផលឆាប់រហ័ស។

"ប៉ុន្តែពួកយើងមិនដែលទទួលប្រតិបត្តិការបាញ់បង្ហោះពាណិជ្ជកម្មបរទេសពីមុនមកទេ ហេតុអ្វីអតិថិជនគួរជឿជាក់ពួកយើង?"

"បាទ។ បើគំនិតទទួលប្រតិបត្តិការបាញ់បង្ហោះផ្កាយរណបនៅឆ្នាំមុនៗ អាចនិយាយបានថា ជាការគិតមិនអាចទៅរួច។ ប៉ុន្តែឆ្នាំនេះគឺឆ្នាំ១៩៨៦! បើយើងបាត់ឱកាសនេះ ប្រាកដជាស្ដាយ ក្រោយជាក់ជាមិនខានឡើយ!"

នៅពេលដែល Huang Zuoyi និយាយបែបនេះ ភ្នែករបស់ Wang Yongzhi បានភ្លឺឡើង។

នៅពេលHuang Zuoyiបញ្ជាក់ពីទស្សនៈរបស់គាត់ អារម្មណ៍របស់ Wang Yongzhi ហាក់ដូចជាកំពុងជិះសេះ ហើយបានហោះទៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រ

លោកប្រធាន Wang, លោកប្រធាន Wang?"

"អូ" ការហៅរបស់ Huang Zuoyiបានរំខានដល់ការគិតរបស់ Wang Yongzhi "គំនិតរបស់ឯងល្អណាស់ យើងនឹងទាក់ទងជាមួយអនុរដ្ឋមន្ត្រី Liu ជាបន្ទាន់ ឯងអាចកែលម្អគម្រោងផែនការរបស់ឯងបន្ថែមទៀត ហើយរង់ចាំដំណឹងពីយើង" ។

បន្ទាប់ពីលោក Huang Zuoyiចាកចេញ លោក Wang Yongzhiបានលើកទូរស័ព្ទនៅលើតុ រួចនិយាយថា "ជំរាបសួរ លោករដ្ឋមន្ត្រី Liu ខ្ញុំឈ្មោះ Wang Yongzhi"

ថ្ងៃនេះ  រឿងរ៉ាវរបស់ Wang Yongzhi ដែលយើងខ្ញុំកំពុងរៀបរាប់សូមចប់តែប៉ុណ្ណេះសិន សូមរង់ចាំតាមដានភាគបន្ត។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស