ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ស្វាគមន៍រាល់គំនិតផ្តួចផ្តើមស្តីពីការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធជាសកល ប្រឆាំងនឹងពាក្យសម្តីនិងទង្វើដែលលាបពណ៌និងមួលបង្កាច់គំនិតផ្តួចផ្តើម"ខ្សែក្រវាត់ និងផ្លូវ"
2022-06-28 15:29:30cri
Share with:

      ជាការឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមស្តីពីការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដែលលើកឡើងដោយប្រទេស G7 លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៧ ខែមិថុនាថា ជានិច្ចកាល ប្រទេសចិនតែងតែស្វាគមន៍រាល់គំនិតផ្តួចផ្តើមដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធជាសកល ហើយគ្មានបញ្ហាដែលថាគំនិតផ្តួចផ្តើមពាក់ព័ន្ធគ្រប់ប្រភេទនឹងជំនួសគ្នាទៅវិញទៅមកនោះទេ។ ប្រទេសចិនប្រឆាំងនឹងពាក្យសម្តី និងទង្វើដែលលាបពណ៌និងមួលបង្កាច់លើគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”ដោយយកការកសាងហេដ្ឋារចនាសម្ព័ន្ធធ្វើជាលេស ឬដើម្បីជំរុញកលល្បិចផ្នែកភូមិសាស្ត្រនយោបាយ។

      លោក Zhao Lijian បានលើកឡើងថា ចាប់តាំងពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”បានលើកឡើងកាលពី ៩ ឆ្នាំមុនមក គឺប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីការពិគ្រោះពិភាក្សាជាមួយគ្នា ការរួមគ្នាកសាង និងការចែករំលែកគ្នា ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសពាក់ព័ន្ធ។ យោងតាមការព្យាករណ៍របស់ធនាគារពិភពលោក ប្រសិនបើគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទាំងអស់ក្រោមក្របខណ្ឌ “ខ្សែក្រវាត់និងផ្លូវ”ត្រូវបានអនុវត្ត នោះបើតាមការរំពឹងទុក នៅឆ្នាំ២០៣០ នឹងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំចំនួន ១,៦ ទ្រីលានដុល្លារអាមេរិកសម្រាប់ពិភពលោក ដែលស្មើនឹង ១.៣% នៃ GDP ពិភពលោក។ ក្នុងនោះ ចំនួន ៩០% ត្រូវបានផ្តល់ដល់កប្រទេសជាដៃគូ ប្រទេសដែលមានចំណូលទាបនិងប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស