ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនរិះគន់និងច្រានចោលសុន្ទរកថាស្តីពីគោលនយោបាយពាក់ព័ន្ធប្រទេសចិនរបស់លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកថា គឺផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ
2022-05-28 13:35:39cri
Share with:

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើថ្ងៃទី២៧ខែឧសភា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានរិះគន់និងច្រានចោលសុន្ទរកថាស្តីពីគោលនយោបាយពាក់ព័ន្ធប្រទេសចិនដែលចេញផ្សាយដោយលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនាពេលថ្មីៗកន្លងទៅនេះ ។ លោកបានលើកឡើងថា ធាតុពិតនៃសុន្ទរកថានេះគឺផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឃោសនាបំប៉ោងពីការគំរាមកំហែងរបស់ចិននិងមួលបង្កាច់គោលនយោបាយទាំងក្នុងនិងក្រៅប្រទេសរបស់ចិន ក្នុងគោលដៅទប់ស្កាត់ការអភិវឌ្ឍរបស់ចិននិងគាំពារអនុត្តរភាពនិងអំណាចផ្តាច់មុខរបស់សហរដ្ឋអាមេរិក ។ ភាគីចិនមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងជាដាច់ខាតចំពោះការនេះ ។

លោក Wang Wenbin បានលើកឡើងថា សហរដ្ឋអាមេរិកបានប្រព្រឹត្តទង្វើអាក្រក់ជាច្រើនក្នុងវិស័យប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស គ្មានលក្ខណសម្បត្តិអីមកធ្វើជាអ្នកការពារសិទ្ធិមនុស្សនោះទេ ហើយក៏កាន់តែគ្មានលក្ខណសម្បត្តិអីមកនិយាយឆ្ការដៃឆ្ការជើងទៅលើប្រទេសដទៃទៀតនោះដែរ ។

លោក Wang Wenbin បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងអាមេរិកកំពុងស្ថិតក្នុងផ្លូវបំបែកដ៏សំខាន់ ។ តើនឹងបដិបក្ខគ្នា ឬក៏សន្ទនាគ្នានិងធ្វើកិច្ចសហប្រតិបត្តិការ?តើនឹងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ឬក៏ទស្សនផលបូកសូន្យ?ភាគីអាមេរិកគួរតែគិតពិចារណាពីផលប្រយោជន៍រួមរបស់ប្រជាជនចិននិងអាមេរិកក៏ដូចជាប្រជាជនទូទាំងពិភពលោក ដើម្បីធ្វើជម្រើសដ៏ត្រឹមត្រូវ ។

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស