រសៀលថ្ងៃទី ២២ ខែឧសភា ពេលចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាជាក្រុមនៃតំណាងប្រជាជនរបស់ភូមិភាគស្វយ័តជនជាតិភាគតិចម៉ុងហ្គោលីក្នុងដែលអញ្ជើញទៅចូលរួមមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ លោក ស៊ី ជីនភីង អគ្គលេខាធិការបក្សបានគូសបញ្ជាក់ថា បក្សកុម្មុយនិស្តចិនបានចាក់ឬសគល់ក្នុងប្រជាជន បក្សបានធ្វើឱ្យប្រជាជនសាមគ្គីគ្នានិងដឹកនាំប្រជាជនធ្វើបដិវត្ត កិច្ចកសាងនិងធ្វើកំណែទម្រង់ គោលដៅជាឬសគល់គឺចង់ឱ្យប្រជាជនមានជីវភាពធូរធារ ។
ចាប់ពីឆ្នាំ ២០១៤ រហូតដល់ឆ្នាំនេះ លោក ស៊ី ជីនភីងធ្លាប់ចុះទៅត្រួតពិនិត្យការងារនៅភូមិភាគម៉ុងហ្គោលលីក្នុងពីរលើក ហើយបានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាជាក្រុមនៃតំណាងប្រជាជនភូមិភាកម៉ុងហ្គោលីក្នុងបីលើក លោកបានយកចិត្តទុកដាក់វាលស្មៅម៉ុងហ្គោលីជាប់ជានិច្ច ។
លោក ស៊ី ជីនភីង យកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាការលុបបំបាត់ភាពក្រីក្រ និងការអភិវឌ្ឍអេកូបរិស្ថាននៅតំបន់វាលស្មៅ ។ ពេលថ្លែងសុន្ទរកថា លោក ស៊ី ជីនភីង បានលើកឡើងថា បក្សកុម្មុយនិស្តចិនគ្មានផលប្រយោជន៍ខ្លួនជាពិសេសទេ ក្នុងពេលណាៗទាំងអស់ បក្សសុទ្ធតែចាត់ទុកផលប្រយោជន៍របស់ប្រជាជនជាអាទិភាពទីមួយ ។
លោក ស៊ី ជីនភីងបានគូសបញ្ជាក់ទៀតថា បើសិនជាបក្សរបស់ចិនចង់កាន់អំណាចក្នុងរយៈពេលយូរ នោះចាំបាច់ត្រូវរួមសុខរួមទុក្ខ រួមចិត្តរួមថ្លើមជាមួយប្រជាជន ។ ចាំបាច់ត្រូវចាត់ទុកការផ្តល់សុខសុភមង្គលនិងផលប្រយោជន៍ជូនដល់ប្រជាជនជាស្នាដៃសំខាន់ជាងគេ ។ ប្រទេសចិននឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក្នុងគោលបំណងបំពេញតម្រូវការខាងជីវភាពរបស់ប្រជាជនជាបន្តបន្ទាប់ ។ ព្រមនិងខិតខំប្រឹងប្រែងឱ្យប្រជាជនមើលឃើញការកែលម្អ និងទទួលបានផលប្រយោជន៍ជាក់ស្តែង ៕