ថ្ងៃទី១៤ខែឧសភា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានជួបសវនាការជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានៅវិមានសភាប្រជាជនក្រុងប៉េកាំង ។
ថ្លែងក្នុងជំនួបសវនាការ លោកស៊ីជីនភីងបានលើកឡើងថា ប្រទេសចិននឹងបន្តគាំទ្រកម្ពុជាក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួនដូចពេលកន្លងទៅ ក៏ដូចជារួមគ្នាសហការជាមួយកម្ពុជា ដើម្បីជំរុញឲ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាឡើងដល់កម្រិតថ្មីទៀតឥតឈប់ឈរផងដែរ ។ ភាគីទាំងពីរចិននិងកម្ពុជាគួរតែអនុវត្តឲ្យបានល្អនូវផែនកាប្រតិបត្តិស្តីពីការបង្កើតសហគមន៍រួមវាសនាតែមួយរវាងចិននិងកម្ពុជា ក្នុងន័យធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរទទួលបានផលប្រយោជន៍ ក៏ដូចជាបង្កើតជាគំរូនៃការគោរពគ្នាទៅវិញទៅមកចំពោះវប្បធម៌ពិពិធកម្មនិងជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាផ្នែកអរិយធម៌រវាងបណ្តាប្រទេសនានា ។
ជាការឆ្លើយតប ព្រះមហាក្សត្រកម្ពុជាបានមានព្រះរាជបន្ទូលថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនចិនដែលបានផ្តល់ការគាំទ្រនិងជំនួយដ៏ថ្លៃថ្លាដល់ប្រជាជនកម្ពុជា ក្នុងរយៈពេលជាយូរកន្លងមក។ ប្រជាជនកម្ពុជានឹងឈរយ៉ាងមុតមាំជាមួយនឹងប្រជាជនចិនក្នុងគ្រប់កាលៈទេសៈ ។ កម្ពុជាសូមសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍ដ៏ធំធេងរបស់សាធារណរដ្ឋប្រជាមានិតចិនតាំងពីបានបង្កើតអស់រយៈពេល៧០ឆ្នាំមក សូមកោតសរសើរចំពោះឥទិ្ធពលសំខាន់របស់ប្រទេសចិនក្នុងកិច្ចការអន្តរជាតិ កម្ពុជាគាំទ្រយ៉ាងមុតមាំនូវការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ ។ កិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ីដែលផ្តួចផ្តើមដោយលោកប្រធានរដ្ឋចិនស៊ីជីនភីងនឹងដើរតួនាទីសំខាន់ក្នុងការជំរុញការផ្លាស់ប្តូររវាងអរិយធម៌និងការស្វែងយល់ពីគ្នារវាងប្រទេសនានា ៕