លោកលីខឹឈាង នាយករដ្ឋមន្ត្រីចិនបានថ្លែងនៅថ្ងៃទី៥ខែមីនាថា ឆ្នាំ២០១៨ជាឆ្នាំដំបូងនៃការអនុវត្តភារកិច្ចរបស់រដ្ឋាភិបាលចិនអាណត្តិនេះ ។ ទោះបីជាប្រឈមមុខនឹងស្ថានការណ៍ដ៏លំបាកលំបិនដែលកម្រមានក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅនេះក៏ដោយ ប្រទេសចិនសម្រេចបាននូវគោលដៅសំខាន់នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឆ្នាំ២០១៨យ៉ាងរលូន ហើយការតស៊ូដើម្បីភាពជោគជ័យក្នុងការកសាងសង្គមដែលប្រជាជនមានភាពធូរធារដោយគ្រប់ជ្រុងជ្រោយបានទទួលការវិវឌ្ឍដ៏ធំសំខាន់ ។
ក្នុងឆ្នាំ២០១៨ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង៦ចុច៦ភាគរយ ហើយទឹកប្រាក់សរុបបានលើសពី៩០ទ្រីលានយាន់ប្រាក់ចិន ។ ចំនួនការងារថ្មីនៅតំបន់ទីក្រុងនិងជនបទបានកើនឡើង១៣លាន៦សែន១ម៉ឺននាក់ ហើយប្រជាជនក្រីក្រនៅជនបទបានកាត់បន្ថយ១៣លាន៨សែន៦ម៉ឺននាក់ ។