បច្ចុប្បន្ន ទំនាក់ទំនងរវាងចិននិងអាស៊ានកំពុងស្ថិតក្នុងរយៈកាលថ្មីដែលកើនឡើងឥតឈប់ឈរដែលបានបង្ហាញឲ្យឃើញនៅលើវិស័យជាអាទិ៍៖
ទី១គឺការបង្កើនល្បឿន។នៅខែតុលាឆ្នាំទៅ លោកស៊ីជីនភីងប្រធានរដ្ឋចិននិងលោកលីខឺឈាំង នាយករដ្ឋមន្រ្តីចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ដែលបានប្រើអស់រយៈ២អាទិត្យ ការរៀបចំចាត់ចែងខាងផ្លូវទូតដែលកម្រមានបែបនេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយអាស៊ានរបស់ប្រទេសចិន និងបានលើកកម្ពស់កិច្ចការទូតជាមួយប្រទេសជិតខាងឲ្យកើនដល់លំដាប់ថ្នាក់ដែលពុំធ្លាប់មានពីមុន។
ទី២គឺបានលើកឡើងនូវគំនិតផ្តួចផ្តើមជាច្រើន។ តាំងពីឆ្នាំទៅរៀងមក ភាគីចិនបានផ្តួចផ្តើមគំនិតដ៏សំខាន់មួយចំនួន ដូចជាការកសាងសហគមន៍ជោគវាសនាតែមួយរវាងចិននិងអាស៊ាន ការកសាងផ្លូវសូត្រលើសមុទ្រក្នុងសតវត្សន៍ទី២១ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ២បូក៧ជាដើម ដែលទទួលបានការឆ្លើយតបយ៉ាងសកម្មពីបណ្តាប្រទេសអាស៊ាន។ ការវិវឌ្ឍន៍ថ្មីបំផុតគឺការផ្តួចផ្តើមគំនិតរបស់ប្រទេសចិនស្តីពីការរៀបចំបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីដែលបានទទួលនូវការគាំទ្រយ៉ាងទូលំទូលាយ។