រសៀលថ្ងៃទី ២៦ ខែវិច្ឆិកា នៅសណ្ឋាគាររដ្ឋDiaoyutai ក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Fiame នាយករដ្ឋមន្ត្រីប្រទេសសាម័រ ដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រទេសសាម័រជាប្រទេសមួយក្នុងចំណោមប្រទេសដែនកោះប៉ាស៊ីហ្វិកដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនមុនគេ ។ ប្រទេសចិនប្រកាន់ខ្ជាប់គោលការណ៍ “គោរពយ៉ាងពេញលេញចំនួន៤”ចំពោះប្រទេសដែនកោះប៉ាស៊ីហ្វិក ផ្តល់ជំនួយដល់ប្រទេសដែនកោះប៉ាស៊ីហ្វិកដោយ គ្មានអមល័ក្ខខ័ណ្ឌនយោបាយណាមួយ មិនបង្ខំឱ្យគេធ្វើតាមគំនិតរបស់ខ្លួន មិននិយាយបានតែមាត់ ។ គោលនយោបាយរបស់ប្រទេសចិនចំពោះប្រទេសដែនកោះប៉ាស៊ីហ្វិក គឺមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនសំដៅចំពោះភាគីទីបី ហើយមិនប្រជែងខាងភូមិសាស្ត្រនិងមិនដណើ្តមក្របខ័ណ្ឌអំណាច ។ ប្រទេសចិនរីករាយចាត់ទុកការជួយប្រទេសដែនកោះប៉ាស៊ីហ្វិកឱ្យលើកកម្ពស់សមត្ថភាពឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាវិស័យសហប្រតិបតិ្តការជាអាទិភាព ក្នុងន័យជំរុញការអនុវត្តប្រកបដោយគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាពនូវ «អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ »និង «កិច្ចព្រមព្រៀងក្រុងប៉ារីស» គាំពារគោលការណ៍ស្តីពីទំនួលខុសត្រូវរួមតែមានលក្ខណៈពិសេសផ្សេងគ្នា ដើម្បីពួតដៃគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។
ជាការឆ្លើយតប លោកស្រី Fiame បានថ្លែងថា ប្រទេសសាម័រសូមកោតសរសើរខ្ពស់ចំពោះប្រទេសចិនដែលប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយផ្តល់ជំនួយដល់ប្រទេសដែនកោះប៉ាស៊ីហ្វិកដោយ គ្មានអមល័ក្ខខ័ណ្ឌនយោបាយណាមួយ ។ ប្រទេសសាម័រប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ រំពឹងថានឹងចាត់ទុកខួបទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំក្រោយ ជាឱកាសមួយ ដើម្បីជំរុញឱ្យទំនាក់ទំនងនៃប្រទេសទាំងពីររីកចម្រើនទៅមុខថែមមួយកម្រិតទៀត ៕