រសៀលថ្ងៃទី២៦ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោកLee Hsien Loongទីប្រឹក្សារដ្ឋសិង្ហបុរីនៅសណ្ឋាគាររដ្ឋDiaoyutaiក្រុងប៉េកាំង។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinpingបានលើកឡើងថា នៅឆ្នាំ២០២៣ យើងបានរួមគ្នាកំណត់ទំនាក់ទំនងភាពជាដៃគូចក្ខុវិស័យវែងឆ្ងាយដែលប្រកបដោយគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយ ដែលបានតម្រង់ទិសដៅយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ឆ្នាំ២០២៥ជាខួបទី៣៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងសិង្ហបុរី ភាគីទាំងពីរគួរធ្វើឱ្យការប្រាស្រ័យទាក់ទងជាន់ខ្ពស់មានភាពកាន់តែស្អិតល្មួត បង្កើនការបន្ស៊ីគ្នានៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវសុខសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកកាន់តែធំដល់សន្តិភាពនិងវិបុលភាពក្នុងតំបន់។
លោកXi Jinpingបានថ្លែងបន្តថា ប្រទេសចិនប្រកាន់ខ្ជាប់ការដើរតាមផ្លូវសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន បានចាប់ផ្តើមដំណើរថ្មីនៃការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវការកែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន សូមស្វាគមន៍ភាគីសិង្ហបុរីបន្តធ្វើជាអ្នកនាំមុខគេក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន បន្តចារទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងចិននិងសិង្ហបុរីក្នុងយុគសម័យថ្មី។
ជាការឆ្លើយតប លោកLee Hsien Loongបានថ្លែងថា ប្រទេសចិនបានរកឃើញផ្លូវអភិវឌ្ឍន៍បែបទំនើបកម្មដ៏ជោគជ័យ ភាគីសិង្ហបុរីពោរពេញទៅដោយជំនឿចិត្តចំពោះអនាគតរបស់ចិន ជឿជាក់ថា ប្រទេសចិននឹងរក្សាវឌ្ឍនភាពនិងវិបុលភាព ហើយរួមចំណែកកាន់តែធំដល់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក។ ភាគីសិង្ហបុរីនឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ក៏ដូចជាចូលរួមក្នុងដំណើរការទំនើបកម្មតាមបែបផែនចិនយ៉ាងសកម្ម៕