ថ្ងៃទី ២៤ ខែវិច្ឆិកា នៅក្រុងDamascus លោក Geir Pedersen បេសកជនពិសេសទទួលបន្ទុកបញ្ហាស៊ីរីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើប្រតិបតិ្តការ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ដ៏តានតឹងនៃមជ្ឈិមបូព៌ា ក៏ដូចជាចៀសវាងកុំធ្វើឱ្យស៊ីរីធ្លាក់ក្នុងការប៉ះទង្គិចក្នុងតំបន់ ។
បន្ទាប់ពីបញ្ចប់កិច្ចជំនួបជាមួយលោក BASSAM SABBAGH រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចការអាណិកជននៃប្រទេសស៊ីរីនៅថ្ងៃដដែល លោក Geir Pedersen បានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានថា បច្ចុប្បន្ន ស៊ីរីកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើន ត្រូវមានវិធានការគ្រប់ជ្រុងជ្រោយដើម្បីស្តារស្ថិរភាពនៃប្រទេសនេះ ក្នុងនោះបូករួមទាំងការដោះស្រាយដោយសមរម្យនូវស្ថានការណ៍នយោបាយ ស្ថានការណ៍សន្តិសុខ ការស្តារអធិបតេយ្យភាពនិងឯករាជ្យភាព ការស្តារសេដ្ឋកិច្ច ការបញ្ចប់ការដាក់ទណ្ឌកម្ម ការកសាងប្រទេសឡើងវិញនិងបញ្ហាជនភៀសខ្លួនរបស់ប្រទេសស៊ីរីជាដើម ។ លោកអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនកម្លាំងផ្តល់ជំនួយដល់ស៊ីរីក្នុងបរិបទដែល “មានសភាពគ្រោះថ្នាក់ក្រៃលែងនាពេលបច្ចុប្បន្ន ” ។
សូមបញ្ជាក់ថា តាមស្ថិតិថ្មីបំផុតរបស់អង្គការសហប្រជាជាតិឱ្យដឹងថា ចាប់ពីខែកញ្ញាឆ្នាំនេះមក មានមនុស្សលើសពី៥សែននាក់បានជៀសខ្លួនចេញពីលីបង់ទៅកាន់ស៊ីរី ។ បច្ចុប្បន្ននេះ នៅប្រទេសស៊ីរី មានប្រជាជនលើសពី៧០ភាគរយ (ប្រហែល១៦លាន៧សែននាក់)ត្រូវការជំនួយមនុស្សធម៌ ៕