កិច្ចប្រជុំទូលាយរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១១ បានបើកធ្វើនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ។ លោក Dong Jun រដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានអញ្ជើញចូលរួម ព្រមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ។
លោក Dong Jun បានលើកឡើងថា បច្ចុប្បន្ននេះ ពិភពលោកមានភាពរង្គោះរង្គើនិងបម្រែបម្រួលខ្លាំង ហើយប្រជាជននៃប្រទេសនានាមានការរំពឹងទុកនិងសេចក្តីប្រាថ្នាកាន់តែខ្លាំងឡើងៗចំពោះសន្តិភាព និងការអភិវឌ្ឍ។ ភាគីចិនមានឆន្ទៈរួមសហការជាមួយគ្រប់ភាគីដើម្បីពង្រឹងមជ្ឈភាពអាស៊ាន ការពារយ៉ាងម៉ឺងម៉ាត់ចំពោះសាមគ្គីភាពរបស់ប្រទេសក្នុងតំបន់ ព្រមនិងប្រឆាំងនឹងការនាំយកការធ្វើនយោបាយជាក្រុម និងការប្រឈមមុខដាក់គ្នាជាក្រុមចូលមកក្នុងតំបន់ ក៏ដូចជាពង្រឹងយ៉ាងមុតមាំនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ ជំរុញការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកលនៅក្នុងតំបន់ ដើម្បីកសាងសហគមន៍រួមវាសនាផ្នែកសន្តិសុខឱ្យកាន់តែជិតស្និទ្ធ។ ជាពិសេស ប្រទេសចិន និងអាស៊ានគួរតែមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីពង្រីកផលប្រយោជន៍រួមផ្នែកសមុទ្រ អនុវត្តកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខដែនសមុទ្រតាមគ្រប់ទម្រង់ និងលើកកម្ពស់សមត្ថភាពរួមគ្នាគាំពារសន្តិសុខដែនសមុទ្រ ដើម្បីរួមចំណែកដល់ការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងពិភពលោក៕