ពេលឆ្លើយតបនឹងករណីដែលក្នុងអំឡុងពេលឃោសនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក លោកត្រាំបានអះអាងពីផែនការដំឡើងពន្ធគយ ៦០% ចំពោះផលិតផលនាំចូលពីប្រទេសចិន លោក Wang Shouwen តំណាងចរចាពាណិជ្ជកម្មអន្តរជាតិ និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានរំលេចពីភាពធន់ដ៏រឹងមាំ សក្ដានុពលដ៏ធំ និងកម្លាំងរស់រវើកយ៉ាងខ្លាំង ។ យើងមានសមត្ថភាពក្នុងការដោះស្រាយនិងកាត់បន្ថយផលប៉ះពាល់ពីខាងក្រៅ។ នៅទីបំផុត ពន្ធគយគឺត្រូវបង់ដោយអ្នកប្រើប្រាស់នៃប្រទេសនាំចូល ដែលវានឹងនាំឱ្យមានការកើនឡើងនៃតម្លៃទំនិញ និងបណ្តាលឱ្យកើតមានអតិផរណា។
លោក Wang Shouwen បានសង្កត់ធ្ងន់ថា ប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាអង្គភាពសេដ្ឋកិច្ចធំបំផុតទាំងពីរនៅលើពិភពលោក ហើយសេដ្ឋកិច្ចនៃប្រទេសទាំងពីរប្រកបដោយភាពបំពេញបន្ថែមគ្នាយ៉ាងខ្លាំង ។ ប្រការដែលប្រទេសចិន និងសហរដ្ឋអាមេរិកអាចរក្សាបាននូវនិន្នាការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រកបដោយស្ថិរភាព និងនិរន្តរភាព វាមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិន និងប្រជាជនអាមេរិកប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសនានាជុំវិញពិភពលោកផងដែរ។ យើងមានឆន្ទៈជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីវិវឌ្ឍទៅមុខប្រកបដោយស្ថិរភាព តែទន្ទឹមនឹងនេះ ចិនក៏នឹងការពារយ៉ាងមុតមាំនូវអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួនផងដែរ ។