នៅថ្ងៃទី១៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល Flag Bearer បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ។ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការផលិតកម្មវិធីផ្សាយ ការប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍ថ្មីៗ និងការផ្លាស់ប្តូរបុគ្គលិកជាដើម។លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងប្រធានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល Flag Bearerបានតំណាងឱ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀង។
លោក Shen Haixiong បានថ្លែងថា កិច្ចប្រជុំកំពូល G20 លើកទី១៩បានប្រារព្ធឡើងនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូប្រទេសប្រេស៊ីល ស្របនឹងខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រេស៊ីល ប្រការដែលអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល Flag Bearer បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដែលជាវិធានការសំខាន់ក្នុងការអនុវត្តយ៉ាងសកម្មនូវគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ យើងទន្ទឹងរង់ចាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល Flag Bearer និងធ្វើការជាមួយគ្នាដើម្បីពិពណ៌នាអំពីរឿងរ៉ាវនៃចំណងមិត្តភាពចិន-ប្រេស៊ីលទៅកាន់ពិភពលោក៕