ព្រឹកថ្ងៃទី១៩ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Scholzនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលG20នៅក្រុងRio de Janeiro ប្រទេសប្រេស៊ីល។
លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទី២និងទី៣លើពិភពលោកនិងជាប្រទេសធំដែលមានឥទ្ធិពលដ៏សំខាន់ ចិននិងអាល្លឺម៉ង់គួរតែប្រកាន់ខ្ជាប់នូវការពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអាល្លឺម៉ង់តាមចក្ខុវិស័យយូរអង្វែងនិងជាយុទ្ធសាស្រ្ត ដើម្បីបន្តកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
លោក Xi Jinping បានគូសបញ្ជាក់ទៀតថា គោលនយោបាយរបស់ប្រទេសចិនចំពោះអាល្លឺម៉ង់មានលក្ខណៈស្ថិរភាពនិងភាពជាប់លាប់កម្រិតខ្ពស់ ចិនរីករាយធ្វើការជាមួយភាគីអាល្លឺម៉ង់ដោយប្រកាន់ខ្ជាប់នូវការគោរពផលប្រយោជន៍ជាស្នូលនិងក្តីកង្វល់ដ៏សំខាន់របស់គូភាគី ប្រកាន់ខ្ជាប់នូវការស្វែងរកគំនិតឯកភាពរួមនិងរក្សាទុកគំនិតខុសគ្នា ធ្វើការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមក ។
ជាការឆ្លើយតប លោក Scholz បានថ្លែងថា ភាគីអាល្លឺម៉ង់សង្ឃឹមអាចអភិវឌ្ឍទំនាក់ទំនង់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀតជាមួយភាគីចិន ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការនិងកិច្ចសន្ទនាពហុភាគីដោយឈរលើស្មារតីសមភាព ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក និងដោះស្រាយការខ្វែងគំនិតដោយសមរម្យ ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ក្នុងន័យរួមចំណែកដល់ការងើបឡើងវិញនិងកំណើនសេដ្ឋកិច្ចពិភពលោកនិងវិបុលភាពរួម។ រំពឹងទុកថា អឺរ៉ុបនិងចិនអាចដោះស្រាយបញ្ហារថយន្តអគ្គិសនីឱ្យបានឆាប់ៗតាមរយៈការចរចា ភាគីអាល្លឺម៉ង់មានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងរឿងនេះ៕