ព្រឹកថ្ងៃទី១៩ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Macron ប្រធានាធិបតីបារាំងក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលG20នៅក្រុងRio de Janeiro ប្រទេសប្រេស៊ីល។
លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិននិងបារាំងសុទ្ធតែជាប្រទេសធំដែលមានភាពឯករាជ្យ ភាពចាស់ទុំនិងទំនួលខុសត្រូវ ទំនាក់ទំនងរវាងប្រទេសទាំងពីរប្រកបដោយគុណតម្លៃជាយុទ្ធសាស្រ្តនិងអត្ថន័យជាសកលដ៏ពិសេស ។ ភាគីទាំងពីរគួរធ្វើឱ្យស៊ីជម្រៅនូវការប្រាស្រ័យទាក់ទងផ្នែកយុទ្ធសាស្រ្ត បង្កើនការគាំទ្រគ្នាទៅវិញទៅមក រក្សានិន្នាការទំនាក់ទំនងដែលប្រកបដោយស្ថិរភាពនិងការអភិវឌ្ឍយ៉ាងសកម្ម ដើម្បីរួមចំណែកកាន់តែធំចំពោះការអភិវឌ្ឍទំនាក់ទំនងវិជ្ជមានរវាងចិននិងអឺរ៉ុបនិងសន្តិភាពព្រមទាំងស្ថិរភាពពិភពលោក។
ជាការឆ្លើយតប លោក Macron បានថ្លែងថា ភាគីបារាំងរីករាយធ្វើការជាមួយភាគីចិនក្នុងការអនុវត្តយ៉ាងម៉ត់ចត់នូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បន្តធ្វើឱ្យការប្រាស្រ័យទាក់ទងជាន់ខ្ពស់មានភាពកាន់តែជិតស្និទ្ធ បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន បន្តវេនចំណងមិត្តភាពប្រពៃណី បង្កើតទំនាក់ទំនងរវាងប្រទេសនិងប្រទេសបែបថ្មី ។ ប្រទេសបារាំងរីករាយប្រកាន់ខ្ជាប់នូវស្មារតីគោរពគ្នាទៅវិញទៅមកដើម្បីធ្វើកិច្ចសហប្រតិបត្តិការនិងកិច្ចសន្ទនាជាមួយភាគីចិន ដោះស្រាយជម្លោះសេដ្ឋកិច្ចនិងពាណិជ្ជកម្មដោយសមរម្យ គាំពារទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរឱ្យអភិវឌ្ឍប្រកបដោយភាពល្អប្រសើរនិងមានស្ថិរភាព៕