កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ឆ្នាំ២០២៤នេះគឺជាខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ី ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសរុស្ស៊ី បង្កើនកិច្ចសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់គ្នា ដើម្បីជំរុញឱ្យទំនាក់ទនងភាពជាដៃគូសម្របសម្រួលនិងសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ីបញ្ចេញកម្លាំងរស់រវើកថ្មីជាបន្តបន្ទាប់ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍនិងការស្តារឡើងវិញនៃប្រទេសរៀងៗខ្លួន និងកំណែទម្រង់អភិបាលកិច្ចសកល។ លោក Wang Yi បានបន្តថា បច្ចុប្បន្ននេះ ប្រទេសចិនគឺជាប្រធានផ្លាស់វេននៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ហើយចិនមានឆន្ទៈធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីរុស្ស៊ី ដើម្បីជំរុញឱ្យអង្គការកិច្ចសហប្រតិបត្តិការសៀងហៃទទួលបានការអភិវឌ្ឍកាន់តែធំ និងឡើងដល់កម្រិតថ្មីថែមទៀត ។
ជាការឆ្លើយតប លោក Lavrov បានថ្លែងថា ទំនាក់ទំនងរុស្ស៊ី-ចិន កំពុងស្ថិតក្នុងកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធ និងបានកំណត់គោលដៅសហប្រតិបត្តិការថ្មី ។ ជានិច្ចកាល ទំនាក់ទំនងរុស្ស៊ី-ចិន តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សមភាព ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ ដែលសមស្របនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏ទទួលបានការគាំទ្រពីបណ្តាប្រទេសសកលលោកខាងត្បូងផងដែរ។