ថ្ងៃទី១៩ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Javier Mileiប្រធានាធិបតីអាហ្សង់ទីនក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលG20នៅក្រុងRio de Janeiro ប្រទេសប្រេស៊ីល។
លោក Xi Jinping បានលើកឡើងថា ប្រទេសចិនថែរក្សាចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ គាំទ្រប្រទេសអាហ្សង់ទីនក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួនតាមរយៈការធ្វើកំណែទម្រង់ ហើយមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសអាហ្សង់ទីន ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអាហ្សង់ទីនឱ្យអភិវឌ្ឍប្រកបដោយស្ថិរភាពនិងយូរអង្វែង ដើម្បីជំរុញឱ្យកាន់តែល្អថែមទៀតនូវការអភិវឌ្ឍនៃប្រទេសរៀងៗខ្លួន។
លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសអាហ្សង់ទីន ដើម្បីបន្តជំរុញការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនិងធនធានរ៉ែ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការច្នៃប្រឌិតខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល និងវិស័យផ្សេងៗទៀត។
ជាការឆ្លើយតប លោក Milei បានថ្លែងថា អាហ្សង់ទីនសង្ឃឹមថានឹងក្លាយជាដៃគូដែលអាចទុកចិត្តបាន និងមានស្ថិរភាពរបស់ចិន។ អាហ្សង់ទីនគាំទ្រគោលជំហររបស់ប្រទេសចិនលើបញ្ហាតៃវ៉ាន់ និងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ។ ភាគីអាហ្សង់ទីនរំពឹងទុកថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសចិនក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ថាមពលនិងធនធានរ៉ែ និងហិរញ្ញវត្ថុជាដើម៕