លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៨ខែវិច្ឆិកាថា ពេលថ្មីៗនេះ ការប្រាស្រ័យទាក់ទងរវាងចិននិងប្រទេសអាស៊ីអាគ្នេយ៍មានសភាពកើតឡើងខ្លាំងម្តងទៀត ដែលបានបង្ហាញពីបំណងរួមនៃសាមគ្គីភាពធ្វើកិច្ចសហប្រតិបត្តិការនិងការពួតដៃគ្នាក្នុងការអភិវឌ្ឍរបស់ប្រទេសក្នុងតំបន់ ក៏ដូចជាបង្ហាញពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃទំនាក់ទំនងរវាងចិននិងប្រទេសជិតខាង។ ប្រទេសចិនរីករាយរួមជាមួយប្រទេសអាស៊ីអាគ្នេយ៍ក្នុងការបង្កើនថែមមួយកម្រិតទៀតនូវការយោគយល់គ្នានិងកសាងទំនុកចិត្តទៅវិញទៅមក ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការមេត្រីភាព និងរួមគ្នាអភិវឌ្ឍនិងស្តារភាពរុងរឿងឡើងវិញ ដើម្បីរួមចំណែកជាកម្លាំងកាន់តែខ្លាំងសម្រាប់សន្តិភាព វិបុលភាពនិងការអភិវឌ្ឍក្នុងតំបន់។
លោក Lin Jian បានថ្លែងទៀតថា ប្រទេសចិនបានចាត់ទុកប្រទេសជិតខាងក្នុងឋានៈជាអាទិភាពនៃទំនាក់ទំនងការទូត រីករាយធ្វើការជាមួយប្រទេសអាស៊ីអាគ្នេយ៍ បន្តអនុវត្តទស្សនៈជិតស្និទ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាបន្ន រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ជំរុញការកសាង “ផ្ទះធំទាំង៥” ពោលគឺសន្តិភាព សន្តិសុខ វិបុលភាព ស្រស់ស្អាតនិងមេត្រីភាព ដើម្បីបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាម្រាប់ដំណើរទំនើបកម្មរៀងៗខ្លួន និងរួមចំណែកជាកម្លាំងកាន់តែខ្លាំងក្លាសម្រាប់សន្តិភាព វិបុលភាពនិងការអភិវឌ្ឍក្នុងតំបន់។