ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Arce ប្រធានាធិបតីបូលីវី
2024-11-19 23:21:16cri
Share with:

ថ្ងៃទី១៩ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Arce ប្រធានាធិបតីបូលីវីក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលG20នៅក្រុងRio de Janeiro ប្រទេសប្រេស៊ីល។


លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងបូលីវី គឺជាមិត្តល្អ និងជាបងប្អូនល្អ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានរក្សានូវនិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ភាគីទាំងពីរបានគាំទ្រគ្នាយ៉ាងមុតមាំលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងកង្វល់សំខាន់ៗរៀងៗខ្លួន ព្រមទាំងទទួលបានសមិទ្ធផលក្នុងការរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ"  ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ប្រទេសចិនគាំទ្របូលីវីក្នុងការស្វែងរកដោយឯករាជ្យម្ចាស់ការនូវមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ហើយមានឆន្ទៈចាត់ទុកខួបលើកទី ៤០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបូលីវីនៅឆ្នាំក្រោយជាឱកាសមួយ ដើម្បីបន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបូលីវី និងពង្រឹងទំនុកចិត្តគ្នាផ្នែកយុទ្ធសាស្ត្រ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រចិន-បូលីវីឱ្យឡើងដល់កម្រិតថ្មីថែមទៀត។

ជាការឆ្លើយតប លោក Arce បានថ្លែងថា ប្រទេសបូលីវីមានឆន្ទៈរួមជាមួយប្រទេសចិនក្នុងការប្រារព្ធសកម្មភាពអបអរសាទរខួបលើកទី ៤០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យតភ្ជាប់គ្នាខាងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត ក្នុងន័យជំរុញការអភិវឌ្ឍរបស់ប្រទេសបូលីវី និងបង្កើនសុខុមាលភាពរបស់ប្រជាជនបូលីវី។ ប្រទេសបូលីវីមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងយន្តការពហុភាគីដូចជា BRICS និងវេទិកាចិន-សហគមន៍ប្រទេសអាមេរិកឡាទីននិងការាបៀនជាដើម៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស