ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក
2024-11-18 15:48:42cri
Share with:

      ថ្ងៃទី១៦ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់   លោកXi Jinpingប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកBidenប្រធានាធិបតីអាមេរិកនៅទីក្រុងLimaនៃប្រទេសប៉េរូ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានធ្វើកិច្ចប្រាស្រ័យទាក់ទងយ៉ាងស្មោះត្រង់ ស៊ីជម្រៅនិងប្រកបដោយលក្ខណៈស្ថាបនាជុំវិញទំនាក់ទំនងចិន-អាមេរិកនិងបញ្ហាអន្តរជាតិនិងតំបន់។ លោកXiJinpingប្រធានរដ្ឋចិនបានបូកសរុបបទពិសោធន៍និងការបំផុសគំនិត៧ចំណុចនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកក្នុងរយៈពេល៤ឆ្នាំកន្លងមក ដោយគូសបញ្ជាក់ថា  ភាគីចិនបានប្រកាន់ខ្ជាប់នូវ"ការមិនកែប្រែចំនួន៤" ហើយរីករាយបន្តរក្សាការសន្ទនាគ្នា  ពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតជាមួយភាគីអាមេរិក ដើម្បីបន្តនិន្នាការស្ថិរភាពនៃទំនាក់ទំនងរវាងចិននិងអាមេរិកដែលទទួលបានមកដោយមិនងាយស្រួល។ ព្រមពេលជាមួយគ្នានេះ   ភាគីទាំងពីរក៏មិនបានបញ្ច្រៀសពីការខ្វែងគំនិតដែរ។ លោកXi Jinpingប្រធានរដ្ឋចិនបានអធិប្បាយយ៉ាងស៊ីជម្រៅអំពីគោលជំហរជាគោលការណ៍របស់ភាគីចិនលើបញ្ហាសំខាន់ៗ។លោកBidenប្រធានាធិបតីអាមេរិកបានរំលឹកឡើងវិញនូវពាក្យសន្យាផ្នែកនយោបាយរបស់ភាគីអាមេរិក ដូចជាមិនស្វែងរក"សង្រ្គាមត្រជាក់ថ្មី"ជាមួយប្រទេសចិន និងមិនគាំទ្រឱ្យ"តៃវ៉ាន់ឯករាជ្យ"ជាដើម។

       ក្នុងរយៈពេល៤ឆ្នាំកន្លងទៅ  ទំនាក់ទំនងរវាងចិននិងអាមេរិកបានជួបប្រទះនឹងការឡើងចុះ  ប៉ុន្តែសម្រេចបាននូវស្ថិរភាពជាទូទៅ។ ភាគីទាំងពីរបានស្ដារឡើងវិញនិងបង្កើតជាថ្មីនូវយន្តការប្រាស្រ័យទាក់ទងចំនួនជាង២០ ហើយទទួលបានសមិទ្ធផលវិជ្ជមានក្នុងវិស័យការទូត សន្តិសុខ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម  យោធា ការបង្រ្កាបគ្រឿងញៀននិងវប្បធម៌មនុស្សជាតិជាដើម។

      ក្នុងកិច្ចជំនួបលើកនេះ   លោកXiJinpingប្រធានរដ្ឋចិនបានបូកសរុបនូវបទពិសោធន៍និងការបំផុសគំនិត៧ចំណុច រួមមាន៖ ត្រូវមានការយល់ដឹងជាយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ ត្រូវគោរពពាក្យសន្យានិងអនុវត្តតាមពាក្យសន្យា  ត្រូវរាប់អានគ្នាដោយស្មើភាព  មិនបំពានលើខ្សែបន្ទាត់ក្រហម   ត្រូវធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការឱ្យបានច្រើន   ត្រូវឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាជន និងត្រូវបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំ។ ប្រការទាំងនេះ  សុទ្ធតែជាសេចក្តីសង្ខេបនៃបទពិសោធន៍បន្ទាប់ពីបានបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាមេរិកអស់រយៈពេល៤៥ឆ្នាំមក   ដែលពាក់ព័ន្ធនឹងបញ្ហាគន្លឹះដូចជា  តើភាគីអាមេរិកគួរចាត់ទុកប្រទេសចិនយ៉ាងដូចម្តេច  តើភាគីទាំងពីរគួរធ្វើការប្រាស្រ័យទាក់ទងដោយស្មើភាពយ៉ាងដូចម្តេច  តើភាគីទាំងពីរគួរគ្រប់គ្រងការខ្វែងគំនិតនិងរួមគ្នារ៉ាប់រងទំនួលខុសត្រូវសកលយ៉ាងដូចម្តេចជាដើម ដែលបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក។

      ទន្ទឹមនឹងនេះ   លោកXiJinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា គោលដៅរបស់ភាគីចិនស្តីពីការធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកទទួលការអភិវឌ្ឍប្រកបដោយស្ថិរភាព ភាពល្អបរិសុទ្ធនិងនិរន្តរភាពមិនបានកែប្រែ   គោលការណ៍សម្រាប់ដោះស្រាយទំនាក់ទំនងរវាងចិននិងអាមេរិកដោយអនុលោមតាមការគោរពគ្នាទៅវិញទៅមក  ការរួមរស់នៅដោយសន្តិភាពនិងការធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះមិនបានកែប្រែ គោលជំហរស្តីពីការគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព  សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួនមិនបានកែប្រែ ហើយបំណងប្រាថ្នាស្តីពីការបន្តពង្រឹងនិងពង្រីកចំណងមិត្តភាពប្រពៃណីរវាងប្រជាជនចិននិងអាមេរិកក៏មិនបានកែប្រែដែរ។"ការមិនបានកែប្រែទាំង៤"នេះបានឆ្លុះបញ្ចាំងពីភាពទទួលខុសត្រូវនិងបេសកកម្មរបស់ភាគីចិន ក្នុងការគាំពារផលប្រយោជន៍ជាស្នូលរបស់ប្រជាជននៃប្រទេសទាំងពីរ និងគាំពារសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក  ក៏ដូចជាបានបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំ។

       ផ្ទុយទៅវិញ   មនុស្សមួយចំនួនរបស់ភាគីអាមេរិកបានប្រកាន់ខ្ជាប់នូវគំនិតសង្រ្គាមត្រជាក់  ចាត់ទុកប្រទេសចិនជា"ដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រធំបំផុត"ដោយខុសឆ្គង ញុះញង់ឱ្យ"កាត់ផ្តាច់ទំនាក់ទំនងនិងផ្តាច់ខ្សែសង្វាក់"និងបង្កើតរបាំងគ្រប់បែបយ៉ាង ដែលបណ្តាលឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក។ ការពិតបានបញ្ជាក់ម្តងហើយម្តងទៀតថា  បើចិននិងអាមេរិកមានទំនាក់ទំនងល្អ នោះនឹងមានអំណោយផលដល់ប្រទេសទាំងពីរ តែបើបដិបក្ខគ្នាវិញ នោះនឹងត្រូវខាតបង់ទាំងអស់គ្នា។មានតែបោះបង់ចោលនូវគំនិតល្បែងផលបូកសូន្យ  និងកែតម្រូវការយល់ដឹងជាយុទ្ធសាស្រ្តចំពោះប្រទេសចិន  ទើបអាចអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យបានល្អ។

       "ផែនដីមានទំហំធំគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍរួមគ្នានិងមានវិបុលភាពរៀងៗខ្លួនរបស់ប្រទេសចិននិងអាមេរិក។"ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ការវិវឌ្ឍរីកចម្រើននៃទំនាក់ទំនងរវាងចិននិងអាមេរិកគឺទទួលបានមកដោយមិនងាយស្រួលទេ ហើយគួរតែរួមគ្នាថែរក្សា។ ក្នុងរយៈពេលពីរខែខាងមុខ  រដ្ឋាភិបាលថ្មីរបស់អាមេរិកនឹងចូលកាន់អំណាច។ សង្ឃឹមថា  ភាគីទាំងពីរនឹងប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីការគោរពគ្នាទៅវិញទៅមក រួមរស់នៅដោយសន្តិភាពនិងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះហើយចាត់ទុកបទពិសោធន៍និងការបំផុសគំនិត៧ចំណុចដែលលើកឡើងដោយលោកXiJinpingប្រធានរដ្ឋចិនជាការណែនាំ ដើម្បីសម្រេចបាននូវស្ថិរភាពនៃទំនាក់ទំនងរវាងចិននិងអាមេរិក   ព្រមទាំងរកឃើញផ្លូវរួមរស់នៅជាមួយគ្នាដ៏ត្រឹមត្រូវសម្រាប់ចិននិងអាមេរិកក្នុងយុគសម័យថ្មី ដើម្បីផ្តល់សុខសុភមង្គលនិងផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងសកលលោក៕


អ្នកបកប្រែ:冯辉
ប្លុកពិសេស