ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក
2024-11-15 18:17:28cri
Share with:

APEC (អង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៩ ដោយបច្ចុប្បន្នមានរដ្ឋសមាជិកចំនួន ២១ គឺជាមហាគ្រួសារដ៏ធំព្រមទាំងជាវេទិកាសហប្រតិបត្តិការពហុភាគីសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលបានផ្សារភ្ជាប់នូវផលប្រយោជន៍រួមនៅក្នុងការជំរុញសេដ្ឋកិច្ចបើកចំហនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អមជាមួយនឹងការអភិវឌ្ឍប្រកបដោយនវានុវត្តភាព ការតភ្ជាប់គ្នានៃកំណើន និងធ្វើការផ្សារភ្ជាប់ផលប្រយោជន៍ ហើយផ្អែកតាមទិន្នន័យស្ថិតិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានរំលេចថា APECរួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោករហូតដល់ទៅ ៦០% ឬអាចនិយាយបានថា APECជា«ក្បាលម៉ាស៊ីន»មួយនៃកំណើនសេដ្ឋកិច្ចពិភពលោក និងជាតំបន់ដែលផ្តល់សន្ទុះរស់រវើកបំផុតដល់កម្លាំងសេដ្ឋកិច្ចសកល។ ដើម្បីសម្រេចបាននូវគោលដៅនេះ សេដ្ឋកិច្ចទាំងអស់នៅក្នុងតំបន់ដែលជាពិសេសសេដ្ឋកិច្ចរបស់ប្រទេសចិនដែលបានកើនឡើង៤,៦% ក្នុងត្រីមាសទី ៣ ឆ្នាំ២០២៤ នៅបន្តក្លាយជាកម្លាំងចលករដល់APECរួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកនៃការជឿទុកចិត្តគ្នា មានបរិយាប័ន្ន មានកិច្ចសហប្រតិបត្តិការ និងមានវឌ្ឍភាពឈ្នះ-ឈ្នះ ហើយតួនាទីកាន់តែសកម្មរបស់ប្រទេសចិនក្នុងAPEC ២០២៤ នឹងបញ្ចូលថាមពលថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកទាំងមូល។

 

 APEC២០២៤ដែលប្រទេសប៉េរូជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនេះជាលើកទីបីហើយដែលប្រទេសប៉េរូបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ (លើកទី១នៅឆ្នាំ២០០៨ និងលើកទី២នៅឆ្នាំ២០១៦)។ ប្រទេសចិនចាប់ពីឆ្នាំ១៩៩១មក ត្រូវបានពិភពលោកសម្លឹងឃើញថាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការកសាងភាពជាដៃគូលើការជឿទុកចិត្តគ្នា មានបរិយាប័ន្ន មានកិច្ចសហប្រតិបត្តិការ និងមានវឌ្ឍភាពឈ្នះ-ឈ្នះ ហើយកិច្ចការនេះនឹងបញ្ចូលថាមពលថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដល់បណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ កាលពីAPEC ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសរំលេចថា «ឱ្យតែឈរជាប់ជានិច្ចជាមួយសច្ចភាព ទោះបីជាត្រូវប្រឈមមុខនឹងការរារាំងរបស់មនុស្សរាប់លាននាក់ក៏ដោយ ក៏ខ្ញុំឆ្ពោះទៅមុខដោយមិនស្ទាក់ស្ទើរឡើយ» ដែលនេះបានស្តែងឱ្យឃើញថា ចិនតែងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបេសកកម្មបង្កើតAPEC ហើយរួមគ្នាកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដែលមានលក្ខណៈបើកចំហ និងសន្តិភាព ដើម្បីភាពចម្រុងចម្រើននៃប្រជាជនយើងទាំងអស់ និងមនុស្សជំនាន់ក្រោយ។

 

APEC ជាវេទិកាដ៏សំខាន់មួយដែលប្រទេសចិនតែងយកឱកាសនេះជំរុញបុព្វហេតុថែរក្សាសុខសន្តិភាព និងចែករំលែកបទពិសោធន៍របស់ប្រទេសចិនដែលបាននិងកំពុងអនុវត្តយ៉ាងជោគជ័យនូវការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន ហើយគ្មានភាពងាករេឡើយដែលថាប្រទេសចិននឹងបន្តមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព សំដៅធ្វើឱ្យជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើង។ បន្ថែមពីលើនេះ ភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសចិនក្រោមគោលនយោបាយកំណែទម្រង់និងបើកទូលាយកាលពី៤៦ឆ្នាំ បាននិងកំពុងផ្តល់កាលានុវត្តភាពដល់APECក្នុងរយៈពេល៣ទសវត្សរ៍មកនេះ។ ចាប់ពីឆ្នាំ១៩៩១មក ប្រទេសចិនតែងបាននាំAPECក្នុងដំណើររួមគ្នាកសាងភាពជាដៃគូ ដែលមានន័យថាចូលរួមធ្វើការក្នុងគោលដៅរួមនិងគំនិតផ្តួចផ្តើមទាំង៤របស់ចិន ហើយវត្តមានរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងវេទិកាAPEC២០២៤នេះនឹងជំរុញភាពប្រសើរឡើងនៃការប្រកៀកស្មាគ្នាដល់រដ្ឋសមាជិកទាំងអស់រួមគ្នាសាងសង់APECក្លាយទៅជាវេទិកាសំខាន់៤រួមមាន៖ ១-សម្រាប់ជំរុញការធ្វើសមាហរណកម្ម ២-គោលនយោបាយដោយផ្អែកលើការចែករំលែកបទពិសោធន៍ ៣-បើកចំហលើការប្រឆាំងនឹងគោលនយោបាយគាំពារពាណិជ្ជកម្ម និង ៤-អភិវឌ្ឍដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ក៏ដូចជាវេទិកាសម្រាប់ការជំរុញការតភ្ជាប់នៃទំនាក់ទំនងគ្នានិងការផ្លាស់ប្តូរគ្នាផងដែរ។ បន្ថែមពីលើនេះ ឆ្នាំ២០២៤នេះ ស្ថិតក្នុងបរិបទនៃបម្រែបម្រួលនិម្មាបនកម្មពិភពលោកដ៏ស្មុគស្មាញ APECរំពឹងទុកជាមុនថា ប្រាជ្ញាចិននឹងរឹងរឹតតែជាដំណោះស្រាយដ៏សំខាន់ចំពោះបញ្ហារអាក់រអួលផ្នែកខ្សែសង្វាក់ផ្តត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ពង្រីកវិសាលភាពនៃសេដ្ឋកិច្ចបៃតងតាមរយៈកិច្ចបង្កើនចរន្តអរិយធម៌អេកូឡូស៊ី ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីទទួលបានកំណើនប្រកបដោយនិរន្តភាព។

 

APEC២០២៤ដោយប្រមូលផ្តុំថ្នាក់ដឹកនាំប្រទេសទាំង២០ដែលជាសមាជិក បាននិងកំពុងត្រៀមខ្លួនចូលរួមជាមួយចិនក្នុងការរៀបចំផែនការសម្រាប់ការអភិវឌ្ឍនាពេលអនាគតនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ វាមានសារៈសំខាន់ណាស់ចំពោះផលប្រយោជន៍របស់សមាជិកAPECក្នុងរយៈពេល៣៥ឆ្នាំនេះ ដោយបានឈានដល់យល់ស្របនិងរួមគ្នា     អនុវត្តសកម្មភាពជាក់ស្តែងនៃតំបន់ពាណិជ្ជកម្មសេរីនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក(FTAAP) ការជំរុញទំនាក់ទំនងគ្នានឹងការផ្លាស់ប្តូរគ្នា និងការបន្តធ្វើការអភិវឌ្ឍដោយនវានុវត្តន៍។ ជាមួយគ្នា តាមរយៈវេទិកាAPEC ប្រទេសចិនបានចែករំលែកនូវបទពិសោធន៍ជោគជ័យរបស់ខ្លួនក្នុងការដោះស្រាយបានយ៉ាងល្អលើបញ្ហាជាសកលដូចជាជំងឺឆ្លង សន្តិសុខស្បៀង និងសន្តិសុខថាមពល ហើយយន្តការរបស់ប្រទេសចិនបានជួយសម្រួលសកម្មភាពសមូហភាពតាមរយៈការពិគ្រោះយោបល់ និងជំរុញកិច្ចសហប្រតិបត្តិការតំបន់តាមរយៈជំនួយទៅវិញទៅមក។

 

ជារួម APEC២០២៤គឺជាក្តីរំពឹងដ៏សំខាន់សម្រាប់ពិភពលោក ដោយមានចិនដែលតែងដើរតួនាទីផ្តល់កិច្ចសហប្រតិបត្តិការក្នុងការបន្តកិច្ចអភិវឌ្ឍគ្នាទៅវិញទៅមក។ លោក Xi Jinping ប្រធានរដ្ឋចិនតែងបានបង្ហាញពីជំហរត្រៀមរួចជាស្រេចរបស់ប្រទេសចិនក្នុងភាពជាដៃគូ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការសិក្សាពីគ្នាទៅវិញទៅមក ដើម្បីនាំAPECរួមគ្នាដោះស្រាយប្រឈមមុខនឹងបញ្ហាសកល ដែលជាគន្លឹះនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូលទៅសម្រេចបាននូវការអភិវឌ្ឍសន្តិភាព ការអភិវឌ្ឍធំទូលាយ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពតាមរយៈសកម្មភាពជាក់ស្តែងរបស់រដ្ឋសមាជិកAPECដោយប្រទេសចិននឹងបន្តបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីផ្តល់ភាពពេញលេញដល់ភាពសម្បូរបែបនៃសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ទាញយកកម្លាំងពីគ្នាទៅវិញទៅមក បង្កើនអានុភាពកាន់តែប្រសើរឡើងនៃឥទ្ធិពលនៃសកម្មភាពដែលទាក់ទងគ្នា និងសម្រេចបាននូវការអភិវឌ្ឍរួម៕

 

ដោយបណ្ឌិត ជា មុនីឫទ្ធិ

សមាជិកប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន


 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស