នៅថ្ងៃទី ១៤ ខែវិច្ឆិកា កិច្ចសន្ទនានៃធនាគារគំនិត "សកលខាងត្បូង" លើកទី ២ ក្រោមប្រធានបទ "សកលខាងត្បូង ៖ សមភាព បើកទូលាយ និងកិច្ចសហប្រតិបត្តិការ" បានបើកធ្វើនៅទីក្រុងណានជីងប្រទេសចិន ។ តំណាងចិននិងបរទេសជាង ៤០០ រូបដែលមកពីជាង ១០០ ប្រទេសបានចូលរួម ។
លោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីយស្តចិនបានថ្លែងថា កិច្ចសន្ទនាលើកនេះធ្វើឡើងក្នុងគោលបំណងអនុវត្តគំនិតផ្តួចផ្តើមដ៏សំខាន់ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនក្នុងកិច្ចជំនួបថ្នាក់ដឹកនាំ BRICS+ និងផ្តួចផ្តើមជាផ្លូវការនូវការបង្កើតសម្ព័ន្ធសហប្រតិបត្តិការធនាគារគំនិត "សកលខាងត្បូង"។ ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាប្រទេសនៃ "សកលខាងត្បូង"ដើម្បីបន្តវេនស្មារតី "សកលខាងត្បូង"ដែលឯករាជ្យម្ចាស់ការ សាមគ្គីភាព និងជួយគ្នាទៅវិញទៅមក សច្ចធម៌និងយុត្តិធម៌ ភាពបើកទូលាយនិងបរិយាប័ន្ន ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនា "សកលខាងត្បូង" ។ សម្ព័ន្ធធនាគារគំនិតនឹងដើរតួរនាទីនៃឧត្តមភាពរបស់ខ្លួន ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញាបន្ថែមទៀតដល់ការអភិវឌ្ឍរួមនៃ "សកលខាងត្បូង"។
ភ្ញៀវបរទេសដែលចូលរួមកិច្ចសន្ទនាបានថ្លែងថា ការបង្កើតសម្ព័ន្ធធនាគារគំនិតបានផ្តល់នូវវេទិកាដ៏សំខាន់សម្រាប់ "សកលខាងត្បូង"ក្នុងការពង្រឹងការផ្លាស់ប្តូរ ការសន្ទនា ការរួមសាមគ្គីគ្នា និងការធ្វើកិច្ចសហប្រតិបត្តិការ ។ រីករាយរួមសហការជាមួយភាគីចិនក្នុងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំង ៣ និងជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ៕