ការប្រែប្រួលអាកាសធាតុពិភពលោកកាន់តែខ្លាំងឡើងៗ ខណៈការគ្រប់គ្រងអាកាសធាតុត្រូវការមហិច្ឆតាកាន់តែខ្លាំងនិងសកម្មភាពកាន់តែច្រើន។ បណ្តាញទូរទស្សន៍អន្តរជាតិ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសហការជាមួយសកលវិទ្យាល័យRenmin របស់ចិន ដើម្បីស្ទង់មតិតាមរយៈវិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយអន្តរជាតិក្នុងយុគសម័យថ្មី ចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៦៥៨ នាក់មកពីប្រទេសចំនួន៣៨ ។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួនដល់ទៅ 90,3% សម្គាល់ថា ការឆ្លើយតបនឹងការប្រែប្រួលនៃអាកាសធាតុជាភារកិច្ចបន្ទាន់ដែលពុំអាចអូសបន្លាយបានឡើយ សហគមន៍អន្តរជាតិត្រូវប្រមូលគំនិតឯកភាពរួមហើយធ្វើសកម្មភាពជាក់ស្តែងឱ្យបានកាន់តែច្រើន។
«ក្រោមព្យុះនិងរលកនៃវិបត្តិសកល ប្រទេសនានាមិនមែនជិះលើទូកដោយឡែកពីគ្នានោះទេ គឺជិះលើនាវាធំដែលរួមជោគវាសនាតែមួយ។» ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន 87% សម្គាល់ថា ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេសជាវិធីសាស្ត្រនិងមាគ៌ាដើម្បីគ្រប់គ្រងអាកាសធាតុពិភពលោកប្រកបដោយប្រសិទ្ធភាព។ ការស្ទង់មតិបានបង្ហាញទៀតថា បើប្រៀបធៀបនឹងអ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសជឿនលឿន អ្នកផ្តល់បទសម្ភាសន៍ដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍បានបង្ហាញនូវឆន្ទៈធ្វើកំណែទម្រង់កាន់តែច្បាស់លាស់ស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហើយការប្តេជ្ញាចិត្តក៏កាន់តែខ្លាំងក្លា។
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកផ្តល់បទសម្ភាសន៍ដែលចូលរួមការស្ទង់មតិ មានអ្នកមកពីប្រទេសជឿនលឿនដូចជាអាមេរិក អាល្លឺម៉ង់ ជប៉ុនជាដើមផង ហើយក៏មានអ្នកមកពីប្រទេសកំពុងអភិវឌ្ឍន៍ផងដូចជាអាហ្សង់ទីន ឥណ្ឌា និងកេនយ៉ាជាដើម៕