ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ បានបិទបញ្ចប់នៅថ្ងៃទី១០ ខែវិច្ឆិកា ។ តាមទិន្នន័យបានបង្ហាញថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ទទួលបានផលផ្លែផ្កាគួរឱ្យកត់សម្គាល់៖ទំហំជួញដូរតាមបំណងបើគិតតាមមួយឆ្នាំមានចំនួន៨០,០១ប៊ីលានដុល្លារអាមេរិក បានកើនឡើង២ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ពាណិជ្ជករចំនួន៣៤៩៦ដែលមកពីប្រទេសនិងតំបន់ចំនួន១២៩បានចូលរួមពិព័រណ៍ ក្នុងនោះ ចំនួនសហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកនិងសហគ្រាសឈានមុខផ្នែកឧស្សាហកម្មដែលបានចូលរួមពិព័រណ៍បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ សហគ្រាសនិងស្ថាប័នចំនួន១៨៦ បានចូលរួមពិព័រណ៍ក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា ដែលបានជំរុញថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើវិស័យពាណិជ្ជកម្មនិងការវិនិយោគជាដើម ។
រីឯនៅក្រៅសាលពិព័រណ៍នាំចូលចិនអន្តរជាតិ គោលនយោបាយស្តីពីការបើកចំហមួយចំនួនក៏បានធ្វើឱ្យមិត្តបរទេសទាំងឡាយមានក្តីសប្បាយរីករាយផងដែរ៖នៅថ្ងៃទី៨ ខែវិច្ឆិកា ប្រទេសចិនបានពង្រីកចំនួនប្រទេសក្នុងបញ្ជីការលើកលែងទិដ្ឋាការ ហើយសាកល្បងលើកលែងទិដ្ឋាការចំពោះប្រទេសចំនួន៩ដូចជាស្លូវ៉ាគីនិងន័រវែសជាដើម ។ ប៉ុន្មានថ្ងៃមុន ប្រទេសចិនបានលុបបំបាត់ចោលទាំងអស់នូវការរឹតត្បិតសម្រាប់អនុញ្ញាតឱ្យទុនបរទេសចូលក្នុងទីផ្សារឧស្សាហកម្មផលិតកម្មរបស់ចិន ហើយចាប់ពីថ្ងៃទី១ ខែធ្នូឡើងទៅប្រទេសចិននឹងផ្តល់អនុគ្រោះពន្ធសូន្យដល់ផលិតផល១រយភាគរយរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ។ គោលនយោបាយទាំងនេះ ធ្វើឱ្យជនបរទេសអាចទទួលបានការអភិវឌ្ឍកាន់តែរលូន និងមានចន្លោះសហប្រតិបត្តិការកាន់តែទូលំទូលាយ ។
បច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយ គំនិតផ្ទុយពីការធ្វើសកលភាវូបនីយកម្មបានងើបឡើងវិញ ឯកតោភាគីនិយមនិងការពារនិយមផ្នែកពាណិជ្ជកម្មបានកើនឡើងយ៉ាងច្បាស់ ដូច្នេះ ការបើកទូលាយនិងកាលានុវត្តភាពបានក្លាយជារបស់ដ៏កម្រ ។
ស្របពេលដែលប្រទេសចិនបង្កបង្កើតវេទិកាបើកទូលាយប្រកបដោយកម្រិតខ្ពស់ដូចជាពិព័រណ៍នាំចូលចិនអន្តរជាតិជាដើមជាបន្តបន្ទាប់ និងដាក់ចេញវិធានការមួយចំនួនសម្រាប់ផ្តល់ភាពងាយស្រួលដល់ការចូលដែន សហគ្រាសបរទេសនឹងមានលក្ខខ័ណ្ឌទទួលបានការអភិវឌ្ឍថែមមួយកម្រិតទៀតនៅប្រទេសចិន ក៏ដូចជាចែករំលែកឱកាសនៃទីផ្សារធំរបស់ចិនផងដែរ ។ ព្រមពេលជាមួយគ្នានេះ សហគ្រាសបរទេសអាចដាក់ចេញផលិតផលបច្ចេកទេសឈានមុខ ដោយពឹងផ្អែកលើតួនាទីជំរុញរបស់ទីផ្សារធំរបស់ប្រទេសចិន ។ នៅប្រទេសចិន សហគ្រាសទាំងឡាយអាចរៀនសូត្រពីគ្នាទៅវិញទៅមក ធ្វើកិច្ចសហប្រតិបតិ្តការដោយបើកទូលាយ និងរួមគ្នាត្រួសត្រាយអនាគត ។
កិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះបានលើកឡើងថា ដោយពឹងផ្អែកលើឧត្តមភាពនៃទីផ្សារទ្រង់ទ្រាយធំរបស់ចិន លើកកម្ពស់សមត្ថភាពបើកទូលាយក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការអន្តរជាតិ នឹងជំរុញយ៉ាងខ្លាំងក្លានូវការបង្កបង្កើតសេដ្ឋកិច្ចសកលបែបបើកទូលាយ ក៏ដូចជាពន្លឿនល្បឿនអភិវឌ្ឍន៍របស់សកលលោកទាំងមូលផងដែរ ៕