ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍អាកាសធាតុដំបូងបង្អស់នៅថ្ងៃទី ១២ ខែវិច្ចិកានេះ ។ របាយការណ៍បានលើកឡើងថា ក្នុងចំណោមអ្នកត្រូវបង្ខិតបង្ខំឱ្យនិរាសព្រាត់ប្រាសគ្មានទីជម្រកចំនួន ១២០ លាននាក់ នៅលើពិភពលោក បច្ចុប្បន្ននេះ មានប្រហែល ៩០ លាននាក់កំពុងរស់នៅក្នុងប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ ហើយមានពាក់កណ្តាលកំពុងរស់នៅក្នុងកន្លែងដែលរងផលប៉ះពាល់ពីការប៉ះទង្គិចនិងគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ ។ របាយការណ៍នេះបានចេញផ្សាយក្នុងអំឡុងពេលមហាសន្និបាតនៃភាគីហត្ថលេខីនៃអនុសញ្ញាស្តីពីក្របខ័ណបម្រែបម្រួលអាកាសធាតុអង្គការសហប្រជាជាតិលើកទី ២៩ ។
របាយការណ៍បានលើកឡើងថា មនុស្សកាន់តែច្រើនឡើងៗដែលត្រូវបង្ខំឱ្យភៀសខ្លួនចេញពីសង្រ្គាម អំពើហិង្សា និងការបង្ខិតបង្ខំបានដឹងថា ខ្លួនឯងកំពុងស្ថិតនៅជួរមុខនៃវិបត្តិអាកាសធាតុពិភពលោក ប្រឈមមុខនឹងការគំរាមកំហែងដល់អាយុជីវិត ប៉ុន្តែគ្មានមូលធននិងការគាំទ្រដើម្បីសម្របខ្លួនទៅនឹងវិបត្តិនោះទេ។ របាយការណ៍នេះបានព្រមានថាតាមការប៉ាន់ប្រមាណនៅឆ្នាំ ២០៤០ ចំនួនប្រទេសដែលប្រឈមមុខនឹងគ្រោះមហន្តរាយខាងអាកាសធាតុជ្រុលអាចនឹងកើនឡើងដល់ ៦៥ ប្រទេសដោយភាគច្រើនជាប្រទសេដែលបានទទួលជនភៀសខ្លួនឱ្យស្នាក់នៅ ៕