ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFRComment#បទវិភាគ៖ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះ“ច្បាប់អាក្រក់”របស់ហ្វីលីពីន
2024-11-10 15:22:04cri
Share with:

    ថ្ងៃទី៨ខែវិច្ឆិកា  លោកMarcosប្រធានាធិបតីហ្វីលីពីនបានចុះហត្ថលេខាលើអ្វីដែលហៅថាសេចក្តីព្រាងច្បាប់ស្តីពីដែនសមុទ្រនិងសេចក្តីព្រាងច្បាប់ស្តីពីផ្លូវសមុទ្រនៃប្រជុំកោះ ដែលបានដាក់បញ្ចូលកោះHuangyan  កោះនិងថ្មប៉ប្រះទឹកភាគច្រើននៃប្រជុំកោះNanshaព្រមទាំងដែនសមុទ្រពាក់ព័ន្ធនៃប្រទេសចិនទៅក្នុងដែនសមុទ្រហ្វីលីពីនដោយខុសច្បាប់។ទង្វើរបស់ហ្វីលីពីននេះ មិនត្រឹមតែជាការប៉ុនប៉ងចង់ពង្រឹងការកាត់ក្តីដោយខុសច្បាប់នៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងតាមរយៈទម្រង់នីតិប្បញ្ញត្តិក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងក៏ជា"កលល្បិចសម្ងាត់"ខាងនយោបាយមួយរបស់រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្នក្នុងបរិបទនៃយុទ្ធសាស្ត្រសន្តិសុខជាតិនិងគោលនយោបាយការទូតថ្មីផងដែរ។

      លោកChen Xiangmiaoប្រធានមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពីកងទ័ពជើងទឹកពិភពលោកនៃវិទ្យាស្ថានស្រាវជ្រាវសមុទ្រចិនខាងត្បូងចិនបានវិភាគថា  វាមិនមែនជារឿងចៃដន្យទេដែលហ្វីលីពីនបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ទាំងពីរនេះនៅមួយថ្ងៃបន្ទាប់ពីការបញ្ចប់ការបោះឆ្នោតសកលរបស់អាមេរិក តែគឺជាការរៀបចំចាត់ចែងយ៉ាងម៉ត់ចត់ហើយមានការប៉ុនប៉ង៣ចំណុច៖ ទីមួយ  គឺប៉ុនប៉ងកកូរទឹកឱ្យល្អក់ ដើម្បីចាប់ត្រី ដែលឆ្លៀតឱកាសនៃស្ថានភាពអន្តរជាតិដ៏រង្គោះរង្គើនិងការបញ្ចប់នៃការបោះឆ្នោតសកលរបស់អាមេរិក ដើម្បីកាត់បន្ថយសម្ពាធពីមតិសាធារណៈក្នុងតំបន់និងអន្តរជាតិដែលបណ្តាលមកពីការចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់។  ទីពីរ  គឺព្យាយាមធ្វើឱ្យប្រតិបត្តិការខុសច្បាប់របស់ខ្លួននៅសមុទ្រចិនខាងត្បូងក្លាយជារឿងស្របច្បាប់ និងបង្កបង្កើតជា"ការពិតជាស្រាប់"ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលអាមេរិកអាណត្តិក្រោយឱ្យបន្តផ្តល់ការគាំទ្រដល់ហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង។ ទី៣  ហ្វីលីពីនក៏មានគោលបំណងចង់ស្ទាបស្ទង់គំនិតរបស់រដ្ឋាភិបាលអាមេរិកអាណត្តិក្រោយនិងផ្គាប់ចិត្តរដ្ឋាភិបាលអាមេរិកអាណត្តិក្រោយ។

     មិនថាភាគីហ្វីលីពីនលេងកលល្បិចយ៉ាងណាក៏ដោយ  ក៏វាពិបាកនឹងសម្រេចបាននូវគោលបំណងទេ។ ពិព្រោះថា៖ សេចក្តីព្រាងច្បាប់ទាំងពីរនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង  បានល្មើសនឹងគោលការណ៍សំខាន់ស្តីពី"ការដោះស្រាយការខ្វែងគំនិតតាមរយៈការចរចារសន្ទនានិងការពិគ្រោះពិភាក្សាគ្នា"ដែលបានកត់សម្គាល់ក្នុងសេចក្តីប្រកាសប្រតិបត្តិនៃបណ្ដាភាគីសមុទ្រចិនខាងត្បូងនិងបំផ្លិចបំផ្លាញប្រព័ន្ធច្បាប់អន្តរជាតិដែលមានស្រាប់  គឺខុសច្បាប់និងត្រូវទុកជាមោឃៈ។

      ប្រទេសចិនមានអធិបតេយ្យភាពលើប្រជុំកោះNanshaនិងដែនទឹកនៅជុំវិញ  ក៏ដូចជាប្រជុំកោះZhongshaនិងដែនទឹកនៅជុំវិញដែលក្នុងនោះបូករួមទាំងកោះHuangyan ហើយមានសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិគ្រប់គ្រងលើដែនទឹកពាក់ព័ន្ធ  ប្រការទាំងនេះមានភស្តុតាងប្រវត្តិសាស្ត្រនិងផ្លូវច្បាប់ដ៏ពេញលេញ។

     ក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ភាគីហ្វីលីពីនបានប្រើប្រាស់អនុសញ្ញានេះជាឧបករណ៍សម្រាប់ពង្រីកដែនសមុទ្រនិងទឹកដីរបស់ខ្លួន បានរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិនិងផលប្រយោជន៍របស់ប្រទេសដទៃ វាមុខជានឹងនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ស្ថានភាពនៅសមុទ្រចិនខាងត្បូងនិងទំនាក់ទំនងរវាងបណ្តាប្រទេសក្នុងតំបន់។

      ដើមឡើយ សមុទ្រចិនខាងត្បូងគួរជាសមុទ្រសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ។ ប៉ុន្តែ អ្វីដែលហ្វីលីពីនបានធ្វើ គឺល្មើសនឹងសេចក្តីប្រាថ្នារួមរបស់ប្រជាជនក្នុងតំបន់ហើយបានក្លាយជាអ្នកបំផ្លាញដ៏សំខាន់នៃសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ប្រសិនបើភាគីហ្វីលីពីនបន្តរំលោភសិទ្ធិនិងបង្កហេតុតទៅទៀតនៅក្នុងសមុទ្រចិនខាងត្បូងដោយអនុលោមតាម"ច្បាប់អាក្រក់" នោះភាគីចិនមុខជានឹងឆ្លើយតបតវិញយ៉ាងដាច់ខាត ហើយនឹងអនុវត្តតាមពាក្យសន្យារបស់ខ្លួនយ៉ាងដាច់ខាតជាមិនខាន៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស