សន្និសីទប្រចាំឆ្នាំប្រធានបទអំពីកិច្ចសហប្រតិបត្តិការជាក់ស្តែងស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងប៉េរូបានបើកធ្វើនៅក្រុងលីម៉ា រដ្ឋធានីប្រទេសប៉េរូកាលពីថ្ងៃទី៨ខែវិចិ្ឆកា តំណាងចិននិងប៉េរូចំនួនជាង១រយរូបបានពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ដោយផ្តោតលើកាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្រោមក្របខ័ណ្ឌនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានឈានដល់សមិទ្ធផលសហប្រតិបត្តិការជាច្រើន ដែលបានបំពេញបន្ថែមកម្លាំងរស់រវើកថ្មីសម្រាប់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងប៉េរូ ។
លោក Ángel Manero Campos រដ្ឋមន្ត្រីក្រសួងការអភិវឌ្ឍនិងស្រោចទឹកកសិកម្មរបស់ប៉េរូបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប៉េរូនិងចិនក្នុងពិធីសម្ពោធបើក លោកសម្គាល់ថា ការវិនិយោគនិងបច្ចេកទេសដែលមកពីប្រទេសចិននឹងនាំមកនូវ “បដិវត្តន៍បច្ចេកវិទ្យាដ៏ធំធេង”មួយលើកដល់ប៉េរូ ដែលនឹងបំផុសសក្តានុពលផលិតកម្មកសិកម្មរបស់ប៉េរូនិងលើកកម្ពស់ការនាំចេញកសិផល ។
លោក Gonzalo Gutiérrez អគ្គលេខាធិការនៃសហគមន៍រួមអង់ដេសបានថ្លែងថា ចិនជាប្រទេសគោលដៅនៃការនាំចេញដ៏សំខាន់របស់ប្រទេសអង់ដេសចំនួនបួនដូចជា កូឡុំប៊ី អេក្វាឌ័រ ប៉េរូនិងបូលីវី ។ បច្ចុប្បន្ននេះ ពាណិជ្ជកម្មពហុប៉ូល ការចែករំលែកបច្ចេកវិទ្យាដូចជាថាមពលដែលអាចកកើតឡើងវិញជាដើមនិងការវិនិយោគក្នុងវិស័យងើបឡើងថ្មី កំពុងបើកទ្វារថ្មីចំពោះកិច្ចសហប្រតិបត្តិការនៃតំបន់ទាំងពីរនេះ ។ សន្និសីទប្រចាំឆ្នាំលើកនេះនឹងជំរុញឱ្យភាគីទាំងពីរបង្កើតកាលានុវត្តភាពសហប្រតិបត្តិការថ្មី ដើម្បីមានអំណោយផលដល់សេដ្ឋកិច្ច សង្គមនិងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ៕