យប់ថ្ងៃទី៨ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិននិងលោកMattarellaប្រធានាធិបតីអ៊ីតាលីបានរួមគ្នាជួបសន្ទនាជាមួយតំណាងទ្វេភាគីដែលចូលរួមសន្និបាតយន្តការកិច្ចសហប្រតិបត្តិការវប្បធម៌ចិន-អ៊ីតាលីនិងកិច្ចប្រជុំសន្ទនានៃសាកលវិទ្យាធិការចិន-អ៊ីតាលី។
លោកXi Jinpingបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗកន្លងទៅនេះ យន្តការកិច្ចសហប្រតិបត្តិការវប្បធម៌ចិន-អ៊ីតាលីបានជំរុញប្រទេសទាំងពីរឱ្យរៀបចំឆ្នាំវប្បធម៌និងទេសចរណ៍ទៅវិញទៅមក បង្កើតទម្រង់ភ្ជាប់ចំណងមិត្តភាពរវាងតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូជាលើកដំបូង សាកលវិទ្យាធិការនៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរផ្នែកការសិក្សានិងយុវជនយ៉ាងទូលំទូលាយ ពង្រីកការស្រាវជ្រាវរួមគ្នាផ្នែកវិទ្យាសាស្ត្រដែលរីកចម្រើនថ្មីនិងទទួលបាននូវសមិទ្ធផលជាផ្លែផ្កា។
លោកXi Jinpingបានលើកឡើងថា សង្ឃឹមឱ្យភាគីទាំងពីរនឹងធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញឱ្យឥស្សរជនដែលមានទស្សនៈវែងឆ្ងាយក្លាយជាអ្នកអនុវត្តនៃកិច្ចសហប្រតិបត្តិការជាមេត្រីភាពរវាងចិននិងអ៊ីតាលី ជាអ្នកផ្សព្វផ្សាយការរៀនសូត្រគ្នាទៅវិញទៅមករវាងអរិយធម៌បូព៌ានិងបស្ចិម និងជាអ្នកចូលរួមក្នុងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ដើម្បីរួមចំណែកក្នុងការជំរុញសន្តិភាពនិងការអភិវឌ្ឍពិភពលោក។
លោកMattarellaបានវាយតម្លៃយ៉ាងវិជ្ជមានចំពោះការរួមចំណែកដ៏សំខាន់ដែលធ្វើឡើងដោយយន្តការកិច្ចសហប្រតិបត្តិការវប្បធម៌អ៊ីតាលី-ចិននិងកិច្ចប្រជុំសន្ទនារបស់សាកលវិទ្យាធិការក្នុងការជំរុញការយល់ដឹងគ្នាទៅវិញទៅមក មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរអ៊ីតាលីនិងចិន ហើយថ្លែងថាប្រទេសទាំងពីរអ៊ីតាលីនិងចិនគួរបូកសរុបបទពិសោធន៍ បន្តវេនចំណងមិត្តភាពនិងកសាងស្ពាននៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឱ្យកាន់តែច្រើន ដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះនិងការគាំទ្រដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអ៊ីតាលីនិងចិន៕