ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងធ្វើដំណើរទៅកាន់ទីក្រុង Rio de Janeiro រដ្ឋធានីប្រទេសប្រេស៊ីលដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រទេស G20 លើកទី ១៩ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល សកម្មភាពចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍ឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅប្រទេសប្រេស៊ីលបានចាប់ដំណើរការនៅក្រុង Rio de Janeiro កាលពីពេលថ្មីៗកន្លងទៅនេះ ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ លោកបានថ្លែងថា ឆ្នាំនេះគឺជាខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងប្រេស៊ីល ។ ក្រោមការដឹកនាំនិងគ្រោងផែនការពីសំណាក់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិននិងប្រេស៊ីលក្នុងយុគសម័យថ្មីកំពុងត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ។ សកម្មភាពចាក់ផ្សាយកម្មវិធីពិសេសដែលរួមគ្នារៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មានប្រេស៊ីលលើកនេះគឺជាវិធានការដ៏សកម្មមួយសម្រាប់ធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសចិននិងប្រេស៊ីលមានភាពជិតស្និទ្ធ ក៏ដូចជាពង្រឹងមូលដ្ឋានគ្រឹះនៃឆន្ទ:ប្រជាជនស្តីពីការកសាងចំណងមិត្តភាពរវាងចិននិងប្រេស៊ីល ។ ការចាក់ផ្សាយនូវកម្មវិធីឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដូចជាភាពយន្តឯកសាររឿង«ជួបជាមួយលោក Xi Jinping»និងភាពយន្តឯកសាររឿង«ផ្លូវឆ្ពោះទៅរកភាពរុងរឿង»ជាដើមនឹងធ្វើឱ្យទស្សនិកជនប្រេស៊ីលឈ្វេងយល់ពីបុគ្គលិកលក្ខណៈដ៏មានភាពទាក់ទាញរបស់លោកប្រធានរដ្ឋចិន Xi Jinping និងចាប់អារម្មណ៍ពីភាពរាក់ទាក់កក់ក្តៅនិងមិត្តភាពរបស់ប្រជាជនចិន ក៏ដូចជាភាពទូលំទូលាយនិងជ្រាលជ្រៅនៃវប្បធម៌ចិន ៕