រសៀលថ្ងៃទី៧ខែវិចិ្ឆកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង ។
លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសទាំងពីរចិននិងម៉ាឡេស៊ីសុទ្ធតែស្ថិតក្នុងដំណាក់កាលគន្លឹះនៃការស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិរៀងៗខ្លួន ភាគីទាំងពីរគួរតែចាត់ទុកការអបអរសាទរខួបទី៥០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងម៉ាឡេស៊ីនិង “ឆ្នាំមិត្តភាពចិន-ម៉ាឡេស៊ី”ជាឱកាសមួយ ដើម្បីពួតដៃគ្នាជំរុញឱ្យការកសាងសហគមន៍រួមវាសនារវាងចិននិងម៉ាឡេស៊ីមានភាពកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ ដើម្បីរួមចំណែកកាន់តែធំសម្រាប់វិបុលភាពនិងស្ថិរភាពក្នុងតំបន់ ។
លោក Xi Jinping បានគូសបញ្ជាក់ថា ភាគីទាំងពីរគួរតែបង្កើនការតភ្ជាប់គ្នាផ្នែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដោយគ្រប់ជ្រុងជ្រោយ បន្តជំរុញការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ រួមគ្នាអនុវត្តគម្រោងសំខាន់ៗដូចជា “សួនទាំងពីរនៃប្រទេសទាំងពីរ”ឱ្យបានល្អ ដើម្បីជំរុញកំណើនថ្មីនៃកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចឌីជីថល ភាពវៃឆ្លាតសិប្បនិម្មិតនិងថាមពលថ្មីជាដើម ។
ជាការឆ្លើយតប លោក Anwar bin Ibrahim បានថ្លែងថា រដ្ឋាភិបាលម៉ាឡេស៊ីបានខិតខំប្រឹងប្រែងធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន បង្កើនកិច្ចសហប្រតិបត្តិការខាងបច្ចេកវិទ្យាព័ត៌មាន សេដ្ឋកិច្ចឌីជីថលនិងថាមពលជាដើម ។ ភាគីម៉ាឡេស៊ីប្រកាន់ខ្ជាប់ភាពម្ចាស់ការខាងយុទ្ធសាស្ត្រ រីករាយធ្វើកិច្ចសហប្រតិបត្តិការពហុភាគីដ៏ជិតស្និទ្ធជាមួយភាគីចិន ដើម្បីគាំពារសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់ ៕