ថ្ងៃទី៦ខែវិច្ឆិកា លោកWang Huningប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាការងារជាមួយលោក Kövér Lászlóប្រធានរដ្ឋសភាហុងគ្រីនៅទីក្រុងប៉េកាំង។
លោកWang Huningបានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងចិន-ហុងគ្រី បានត្រូវលើកកម្ពស់ទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរយ៉ាងប្រាកដប្រជា។ ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីហុងគ្រីដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្តរឹងចំណងមិត្តភាពប្រពៃណីនិងរួមគ្នាត្រួសត្រាយអនាគតកាន់តែទូលំទូលាយសម្រាប់ទំនាក់ទំនងទ្វេភាគី។
ជាការឆ្លើយតប លោកKövér Lászlóបានថ្លែងថា ភាគីហុងគ្រីសូមកោតសរសើរចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជំរុញសន្តិភាពនិងការអភិវឌ្ឍរួមនៃពិភពលោក ហើយរំពឹងទុកថានឹងអាចជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងកិច្ចសហប្រតិបត្តិការពហុភាគីអន្តរជាតិកាន់តែស្អិតល្មួតថែមទៀត៕