ថ្ងៃទី៧ខែវិចិ្ឆកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកសន្និបាតអរិយធម៌បុរាណពិភពលោកលើកទីមួយ ។
លោក Xi Jinping បានលើកឡើងថា អរិយធម៌បុរាណមានភាពត្រចះត្រចង់ ដែលបានផ្តល់ផលប្រយោជន៍និងបំផុសគំនិតចំពោះមនុស្សជំនាន់ក្រោយ ។ ប្រការដែលចិននិងក្រិករួមគ្នារៀបចំសន្និបាតអរិយធម៌បុរាណពិភពលោកលើកទីមួយនិងបង្កើតវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីអរិយធម៌បុរាណរបស់ចិននៅក្រុងអាថែន បានផ្តល់ជាវេទិកាថ្មីសម្រាប់ប្រទេសទាំងពីរចិននិងក្រិកនិងប្រទេសនានាលើពិភពលោកផ្លាស់ប្តូរនិងរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ។
លោក Xi Jinping បានគូសបញ្ជាក់ថា ចិនខិតខំប្រឹងប្រែងយ៉ាងសកម្មនូវការបន្តវេននិងអភិវឌ្ឍន៍អរិយធម៌ បង្កើនការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិអន្តរជាតិនិងជំរុញកិច្ចសន្ទនាអរិយធម៌សកល ។ រំពឹងថា អ្នកជំនាញនិងបញ្ញវន្តគ្រប់រូបនឹងរ៉ាប់រងពីបេសកកម្មសិក្សាស្រាវជ្រាវអំពីអរិយធម៌បុរាណ ដើម្បីរួមចំណែកកាន់តែធំក្នុងការជំរុញការបន្តវេននិងអភិវឌ្ឍន៍អរិយធម៌និងជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ។
សូមបញ្ជាក់ថា សន្និបាតអរិយធម៌បុរាណពិភពលោកលើកទីមួយធ្វើក្រោមប្រធានបទ “អរិយធម៌បុរាណនិងពិភពលោកទំនើប” សហការរៀបចំដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ក្រសួងអប់រំចិន ក្រសួងវប្បធម៌និងទេសចរណ៍របស់ចិន ក្រសួងវប្បធម៌ក្រិកនិងបណ្ឌិត្យសភាវិទ្យាសាស្ត្រអាថែនរបស់ក្រិក ៕