ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អវកាសយានិកនៃយានអវកាស Shenzhou-១៨ បានត្រលប់ភពផែនដីវិញនៅពេលយប់ ហើយបានបង្កើតកំណត់ត្រាបំពេញការងារអស់រយៈពេល ១៩២ ថ្ងៃនៅលើអវកាស
2024-11-04 15:32:09cri
Share with:

      នៅព្រឹកព្រលឹមថ្ងៃទី ៤ ខែវិច្ឆិកា នៅទីលានចុះចត Dongfeng សំឡេងទ្រហឹងនៃយន្តហោះបានបំបែកភាពស្ងប់ស្ងាត់នៅទីជ្រៅនៃតំបន់ហ្កាប៊ីភាគពាយ័ព្យប្រទេសចិន ឧទ្ធម្ភាគចក្រជាច្រើនបានប្រមូលផ្តុំគ្នាយ៉ាងលឿនឆ្ពោះទៅកាន់កាប៊ីនត្រឡប់របស់យានអវកាសលើផ្ទៃដី ក្នុងកាប៊ីនយាន Shenzhou-18 ដែលទើបត្រឡប់មកកាន់ស្រុកកំណើតវិញ គឺមានវត្តមានរបស់អវកាសយានិកលោក Ye Guangfu, លោក Li Cong និងលោក Li Guangsu។

      ចាប់តាំងពីពួកគេហោះហើរទៅកាន់ទីអវកាសនៅល្ងាចថ្ងៃទី ២៥ ខែមេសា ដល់ពេលត្រឡប់មកវិញដោយសុវត្ថិភាពនៅព្រឹកនេះ អវកាសយានិកទាំងបីនាក់ដែលកើតក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ បានស្នាក់នៅក្នុងគន្លងតារាវិថីរយៈពេល១៩២ ថ្ងៃដោយបានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់រយៈពេលនៃ "ការបំពេញការងារនៅក្នុងលំហអវកាស"សម្រាប់ក្រុមអវកាសនាយកចិន។ ក្នុងអំឡុងពេលនេះ ពួកគេបានធ្វើសកម្មភាពនៅក្រៅកាប៊ីនចំនួនពីរលើក សកម្មភាពលើកដំបូងចំណាយពេលប្រហែល ៨ ម៉ោងកន្លះ ដែលបានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់សកម្មភាព នៅក្រៅកាប៊ីនតែមួយរបស់អវកាសយានិកចិន។

      នៅវេលាម៉ោងសូន្យនិង ២៤ នាទី មជ្ឈមណ្ឌលគ្រប់គ្រងការហោះហើរអវកាសយានិកប៉េកាំងបានចេញបទបញ្ជាវិល ត្រលប់មកវិញ កាប៊ីនត្រឡប់និងកាប៊ីនតាមគន្លងតារាវិថីនៃយានអវកាសផ្ទុកមនុស្ស  Shenzhou-18 បានបំបែកចេញពីគ្នាដោយជោគជ័យ ហើយអវកាសយានិកទាំងបីនាក់បានធ្វើដំណើរត្រឡប់មកភពផែនដីវិញ។ កាប៊ីនត្រឡប់បានហោះកាត់ស្រទាប់អូហ្សូន បីដូចជា ទេពច្យុតហោះកាត់ផ្ទៃមេឃពេលយប់។ នៅពេលដែលវាស្ថិតនៅចម្ងាយ ១០ គីឡូម៉ែត្រពីផ្ទៃដី កាប៊ីនត្រឡប់ចាប់ផ្តើមបន្ថយល្បឿន។ បន្ទាប់មក ផ្កាឆ័ត្រពណ៌ក្រហម និងសទំហំ ១២០០ ម៉ែត្រការ៉េបានរីកពេញផ្ទៃមេឃ កាប៊ីនត្រឡប់បានចុះ ចតយ៉ាងរលូន ហើយផ្កាឆ័ត្រដ៏ធំបានធ្លាក់ចុះដល់ដី។

      ចាប់តាំងពីអនុវត្តបេសកកម្មយានអវកាសផ្ទុកមនុស្ស Shenzhou-12 មក ទីចុះចត Dongfeng បានក្លាយជាកន្លែងដ៏សំខាន់សម្រាប់ការវិលត្រឡប់មកវិញនៃយានអវកាសផ្ទុកមនុស្ស។ បេសកកម្មលើកនេះគឺជាលើកទី ២ ហើយដែលទីចុះចត Dongfeng បានស្វាគមន៍អវកាសយានិកត្រឡប់មកផ្ទះវិញនៅពេលយប់ងងឹត ពេលយប់និងបរិយាកាសសីតុណ្ហភាពទាបធ្វើឱ្យការស្វែងរក និងជួយសង្គ្រោះកាន់តែពិបាក ជាពិសេស ការត្រឡប់មកវិញនេះ ស្របពេលនឹងថ្ងៃ៤កើតនៃប្រតិទិនគិតតាមច័ន្ទគតិ ព្រះច័ន្ទរាងតូចធ្វើឱ្យមានការលំបាកកាន់តែខ្លាំងសម្រាប់ការស្វែងរកអវកាសយានិកនៅទីលានចុះចតដែលគ្មានឧបករណ៍បំភ្លឺ។

      បន្ទាប់ពីកាប៊ីនត្រឡប់បានចុះចត ក្រុមរុករកនិងជួយសង្គ្រោះបានទៅដល់ទីតាំងភ្លាមៗ។ ក្រុមការងារបានដំឡើងអំពូលភ្លើងយ៉ាងឆាប់រហ័ស ដើម្បីជួយសម្រួលដល់ក្រុមការងារស្វែងរក និងជួយសង្គ្រោះផ្សេងទៀត។ នៅវាលខ្សាច់ដ៏ធំល្វឹងល្វើយងងឹតសូន្យឈឹង មានតែជុំវិញនៃកាប៊ីនត្រឡប់ប៉ុណ្ណោះភ្លឺចែងចាំងដូចថ្ងៃ។ ប្រឈមនឹងអាកាសធាតុត្រជាក់ អ្នកស្រាវជ្រាវវិទ្យាសាស្ត្របានប្រើ "វិធីដ៏កក់ក្តៅបំផុត" ដើម្បីស្វាគមន៍អវកាសយានិកត្រឡប់មកផ្ទះវិញ ពួកគេមិនត្រឹមតែរៀបចំថង់គេង និងភួយសម្រាប់ការពារភាពត្រជាក់ប៉ុណ្ណោះទេ ក៏ថែមទាំងធ្វើអាហារពេលល្ងាចក្តៅៗ រួមទាំងសម្លស៊ុតមាន់ដែលកុម្មង់ដោយអវកាសយានិកទាំងបីនាក់ និងមីសាច់គោ សាច់គោអាំងជាមួយសាច់ចៀម បបរ និងផ្លែត្រសក់ស្រូវនិងទំពាំងបាយជូរ។ល។

      នៅម៉ោង ២ និង ១៥នាទី អវកាសយានិកទាំងបីនាក់បានចេញពីកាប៊ីនដោយសុវត្ថិភាពនិងរលូន ហើយមានសុខភាពល្អ។ គិតតដល់ពេលនេះ ដំណើរអវកាសរបស់អវកាសយានិកឆ្នាំ ៨០ ទាំងបីនាក់បានឈានដល់ទីបញ្ចប់ដោយជោគជ័យ។ ដំណើរសម្រេចសុបិន្តរបស់លោក Ye Guangfu ក្នុងការវិលត្រឡប់ទៅកាន់ ស្ថានីយអវកាស "Tiangong" បានឈានដល់ទីបញ្ចប់ដ៏ល្អឥតខ្ចោះ លោកបានក្លាយជាអវកាសយានិកដំបូងគេរបស់ប្រទេសចិនជាមួយនឹងពេលវេលាហោះហើរក្នុងទីអវកាសសរុបលើសពីមួយឆ្នាំ។ គាត់បាននិយាយថា "ជាមួយនឹងការបន្តវេននៃគ្រួសារយានអវកាស Shenzhou ខ្ញុំជឿជាក់ថានៅពេលអនាគតដ៏ខ្លីខាងមុខនេះ កំណត់ត្រារបស់ប្រជាជនចិនដែលស្នាក់នៅក្នុងគន្លងតារាវិថីនឹងត្រូវបានបំបែកក្នុងពេលឆាប់ៗ" ។

      ឯកលោក Li Cong និងលោក Li Guangsu បានបញ្ចប់ការហោះហើរក្នុងអវកាសលើកដំបូងរបស់ពួកគេដោយជោគជ័យ។ "ការរុករកទីអវកាសគ្មានទីបញ្ចប់ឡើយ" លោកLi Cong បាននិយាយដោយត្រង់ថា គាត់នឹងស្តារឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីចាប់ផ្តើមការហ្វឹកហាត់ឱ្យបានឆាប់ ហើយត្រឡប់ទៅទីអវកាសដ៏ធំទូលាយម្តងទៀត។ លោក Li Guangsu ដែលជាអ្នក ចេញពីកាប៊ីនចុងក្រោយគេបានបន្តគ្រវីដៃទៅកាន់មនុស្សដែលមកស្វាគមន៍ពួកគេ។ ត្រឡប់ពីស្ថានីយអវកាសក្នុងលំហអវកាសមកលើផែនដីវិញ លោកLi Guangsu មិនត្រឹមតែរំភើបនិងរីករាយប៉ុណ្ណោះទេ គាត់ក៏មានការនឹករលឹកនិងស្ទាក់ស្ទើរក្នុងការចាកចេញពីលំហអវកាស។ គាត់បានទទួលស្គាល់ថា គាត់ពិតជារីករាយនឹងបទពិសោធពិសេសដែលគ្មានទម្ងន់។

      ដូចដែលលោក Li Guangsu បាននិយាយថា "លំហអាកាសគឺធំល្វឹងល្វើយ អស្ចារ្យនិងស្រស់ស្អាត"។ សម្លឹងមើលទៅលើមេឃ ស្ថានីយអវកាសចិននៅតែធ្វើដំណើរចម្ងាយ ៤០០ គីឡូម៉ែត្រ។ មុនពេលដែលអាវកាសយានិក Shenzhou-18 ត្រលប់មកផែនដីវិញ អវកាសយានិក Shenzhou-19 បានទទួល "កូនសោ"នៃស្ថានីយអវកាស ហើយបានចូលមកប្រចាំការនៅ "ទីលំនៅអវកាស"របស់ប្រជាជនចិន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស