នាពេលថ្មីៗកន្លងទៅនេះ ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា ដែលជាសកម្មភាពផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍ដែលបានប្រារព្ធធ្វើនៅក្រុងចេងចូវ ខេត្តហឺណាន ប្រទេសចិន ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសកម្ពុជា ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារជាច្រើនលើកអំពីការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជានៅបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍ ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញលើកនេះទៅកាន់ពិភពលោកទាំងមូល ។
ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាចំណែកដ៏សំខាន់សម្រាប់ប្រទេសទីទៃគ្នា តំបន់ទីទៃគ្នានិងជនជាតិទីទៃគ្នាធ្វើការផ្លាស់ប្តូរខាងវប្បធម៌ ដែលបានដើរតួនាទីជាស្ពាននិងខ្សែចំណងក្នុងការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ ។ ឆ្នាំនេះ ជា “ឆ្នាំផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន” ក្រោមការយកចិត្តទុកដាក់និងជំរុញដោយផ្ទាល់ពីថ្នាក់ដឹកនាំនៃភាគីទាំងពីរ ប្រទេសទាំងពីរចិននិងកម្ពុជាបានរួមគ្នាធ្វើការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដ៏សម្បូរបែបលើវិស័យកីឡា វប្បធម៌ ទេសចរណ៍និងអប់រំជាដើម ។
ដូចប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងក្នុងឱកាសអញ្ជើញអបអរសាទរសមិទ្ធផលកែលម្អបរិស្ថាន សាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ក្រោមជំនួយរបស់ចិនថា ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិន បានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ។ ក្នុងដំណាក់កាលប្រវត្តិសាស្ត្រថ្មី ទំនាក់ទំនងរវាងចិននិងកម្ពុជាបានឈានចូលយុគសម័យថ្មីនៃការកសាងសហគមន៍រួមវាសនាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់ ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ យោងតាមកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាមានភាពកាន់តែជាក់ស្តែងនិងកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបតិ្តការជាក់ស្តែងក្នុងគ្រប់វិស័យរវាងប្រទេសទាំងពីរទទួលបានការរីកចម្រើនដ៏ល្អប្រសើរ ។ ជាពិសេស គឺរដ្ឋាភិបាលនៃប្រទេសទាំងពីរចិននិងកម្ពុជា បានជំរុញឱ្យទំនាក់ទំនងកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្មនិងវិនិយោគមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ កិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងកម្ពុជាមានភាពកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ។ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាបានចូលជាធរមាននិងចាប់ផ្តើមអនុវត្តជាផ្លូវការនៅឆ្នាំ២០២២មក ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងឆាប់រហ័ស ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់ជាង១១,១៤ ប៊ីលានដុល្លារអាមេរិក កើនឡើង ២២,៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅចិន មានតម្លៃ ១,២៧ ប៊ីលានដុល្លារអាមេរិក កើនឡើង ២០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ទំនិញនាំចេញសំខាន់គឺអង្ករ ចេក ស្វាយនិងដំឡូងមីជាដើម ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាបានផ្តល់ឱកាសទីផ្សារកាន់តែច្រើនសម្រាប់ឱ្យកម្ពុជាពង្រីកផលិតកម្មកសិកម្ម និងការកែច្នៃកសិផល ។
ក្រៅពីនេះ បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ វិស័យទេសចរណ៍កម្ពុជាមាននិន្នាការងើបឡើងវិញយ៉ាងច្បាស់លាស់ ចំនួនអ្នកទេសចរចិនបានកើនឡើងដោយនឹងនរ ។ ក្នុងរយៈពេល ៨ ខែ ឆ្នាំនេះ កម្ពុជាបានទទួលអ្នកទេសចរចិនចំនួន៥៣៨០០០នាក់ បានកើនឡើង៤៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ មន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរចិន មិនត្រឹមតែជាឱកាសសម្រាប់ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប៉ុណ្ណោះទេ ថែមទាំងក៏ជាឱកាសសម្រាប់ជំរុញការវិនិយោគនិងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជាផងដែរ ។
របាយការណ៍របស់ធនាគារពិភពលោកដែលចេញផ្សាយនៅខែមិថុនាឆ្នាំនេះ បានបង្ហាញថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនជាប្រភពប្រាក់ទុនបរទេសធំជាងគេរបស់ប្រទេសកម្ពុជាជាប់រហូត ដែលបានជំរុញការអភិវឌ្ឍរបស់កម្ពុជាយ៉ាងខ្លាំងក្លា ។ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលផ្តល់ការគាំទ្រដល់គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”មុនគេនិងចូលរួមមុនគេ ។ ក្នុងដំណើរការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រទេសទាំងពីរចិននិងកម្ពុជាបានកសាងគម្រោងសំខាន់ៗជាច្រើន ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ផ្លូវល្បឿនលឿនក្រុងភ្នំពេញ -ក្រុងព្រះសីហនុនិងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាដើម ។
ប៉ុន្តែ ដោយគិតពីភូមិសាស្ត្រនយោបាយនិងទស្សនៈមនោគមវិជ្ជា ប្រទេសមួយចំនួនតូចបានរកគ្រប់មធ្យោបាយ ដើម្បីរិះគន់និងមួលបង្កាច់គំនិតផ្តួចផ្តើមនេះ ដោយបានអះអាងថា កិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”បានបង្កបង្កើតអន្ទាក់បំណុល ។ ចំពោះបញ្ហានេះ ដៃគូសហប្រតិបត្តិការក្នុងកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”មានសិទ្ធិបញ្ចេញមតិបំផុត ។ ខណៈពេលផ្តល់បទសម្ភាសណ៍តាមប្រព័ន្ធវីដេអូជាមួយទូរទស្សន៍ប៉ូស្តិ៍ព័ត៌មាននិងពាណិជ្ជកម្មនៃអ្នកប្រើប្រាស់អាមេរិក លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”របស់ចិន មិនបានជះឥទ្ធិពលអាក្រក់ ឬធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់បំណុលឡើយ ប៉ុន្តែវាបានផ្តល់មូលនិធិដ៏ច្រើនសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ សម្តេច ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាក៏ធ្លាប់និយាយត្រង់ៗថា បើខ្ញុំមិនពឹងចិនទេ តើឱ្យខ្ញុំទៅពឹងអ្នកណា នរណាជួយសាងសង់ផ្លូវនិងស្ពានឱ្យកម្ពុជា ? ប្រទេសចិនបានផ្តល់ជំនួយយ៉ាងច្រើនសម្រាប់កសាងហេដ្ឋារចនាសម័្ពន្ធរបស់កម្ពុជា ហើយបានជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង ។
មិត្តភក្តិ៍ពិតប្រាកដ ជាសាក្សីនៃពេលវេលា ឆ្លងកាត់បម្រែបម្រួលអន្តរជាតិ ចំណងមិត្តភាពអាចឆ្លងសតវត្សរ៍ ហើយឆ្លងកាត់ពេលវេលារឹតតែយូររឹតតែរឹងមាំ ។ មិត្តភក្តិ៍ពិតប្រាកដក៏ជាអ្នករួមដំណើរនៅពេលអនាគតដែរ ក្រោមការណែនាំជាយុទ្ធសាស្ត្រពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ភាគីទាំងពីរនឹងពួតដៃគ្នា បន្តវេនមិត្តភាពដែកថែបនៅចន្លោះអភិវឌ្ឍន៍កាន់តែទូលំទូលាយ ហើយនឹងចារទំព័រថ្មីនៃមេត្រីភាព!