ថ្ងៃទី ២ ខែវិច្ឆិកា សន្និបាតផ្លាស់ប្តូរធនធានមនុស្សអន្តរជាតិចិនលើកទី ២២ បានប្រារព្ធឡើងនៅទីក្រុងសៀងហៃ។ លោកស្រី Shen Yiqin សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើក និងថ្លែងសុន្ទរកថា។ លោកស្រីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវសិក្សានិងអនុវត្តឱ្យបានហ្មត់ចត់និងស៊ីជម្រៅនូវស្មារតីនៃអនុសាសន៍ណែនាំសំខាន់ៗរបស់លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អនុវត្តជាក់ស្តែងនូវការងារចាត់ចែងនៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ អនុវត្តគោលនយោបាយធនធានមនុស្សដែលមានភាពកាន់តែបើកចំហ និងកាន់តែមានប្រសិទ្ធភាពយ៉ាងសកម្ម ដើម្បីពង្រឹងការផ្លាស់ប្តូរធនធានមនុស្សអន្តរជាតិ និងផ្តល់ការគាំទ្រជាតម្រិះបញ្ញានៃធនធានមនុស្សសម្រាប់ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ។
លោកស្រី Shen Yiqin បានបន្តថា ការធ្វើទំនើបកម្មតាមបែបផែនចិនមិនត្រឹមតែបង្កើតឱកាសកាន់តែច្រើនសម្រាប់ការអភិវឌ្ឍពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏បានផ្តល់ជាវេទិកាកាន់តែធំសម្រាប់ធនធានមនុស្សគ្រប់ប្រភេទដើម្បីបញ្ចេញទេពកោសល្យរបស់ពួកគេ។ ប្រទេសចិននឹងបន្តធ្វើឱ្យប្រសើរឡើងនូវយន្តការគាំទ្រ និងធានាសម្រាប់ការនាំចូលធនធានមនុស្សពីបរទេស ផ្តល់សេវាកម្មកាន់តែល្អប្រសើរសម្រាប់អ្នកជំនាញនិងធនធានមនុស្សបរទេសដែលមានទេពកោសល្យគ្រប់ប្រភេទដើម្បីធ្វើការនិងរស់នៅក្នុងប្រទេសចិន ហើយស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកមានទេពកោសល្យជុំវិញពិភពលោកមកកាន់ប្រទេសចិនដើម្បីអភិវឌ្ឍខ្លួន និងចូលរួមក្នុងកិច្ចកសាងទំនើបកម្មតាមបែបផែនចិន៕