ក្រសួងការពារជាតិចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំនៅរសៀលថ្ងៃទី ៣១ ខែតុលា មានអ្នកយកព័ត៌មានបានសួរថា៖ យោងតាមការផ្សាយដំណឹងបង្ហាញថា ក្រសួងការពារជាតិអាមេរិកបានប្រកាសពីការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការលក់សព្វាវុធក្នុងតម្លៃ ១,៩៨៨ ពាន់លានដុល្លារអាមេរិកទៅឱ្យតំបន់តៃវ៉ាន់ ក្នុងនោះបូករួមទាំង ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅលើអាកាស និងប្រព័ន្ធរ៉ាដា។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?
លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយថា សហរដ្ឋអាមេរិកបានរំលោភលើការសន្យារបស់ខ្លួន ដោយបំពាក់អាវុធដល់តំបន់តៃវ៉ាន់យ៉ាងគឃ្លើន ប៉ុនប៉ងជំរុញតំបន់តៃវ៉ាន់ឱ្យធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់នៃសង្គ្រាម។ អាវុធប៉ុន្មានឈុតដែលផលិតដោយសហរដ្ឋអាមេរិក មិនអាចផ្លាស់ប្តូរគម្លាតរវាងកម្លាំងយោធានៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់បានទេ ហើយក៏មិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានដែរ។ កងទ័ពរំដោះប្រជាជនចិននឹងបន្តពង្រឹងការហ្វឹកហ្វឺនយោធានិងត្រៀមលក្ខណៈសម្រាប់ប្រយុទ្ធ ពង្រឹងសមត្ថភាពយកឈ្នះក្នុងសង្គ្រាម ក្នុងន័យការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕