ថ្ងៃទី ៣០ ខែតុលា តាមម៉ោងក្នុងតំបន់ ការបង្ហាញនិងចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍គុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅទីក្រុងលីម៉ា ប្រទេសប៉េរូ។ កម្មវិធីគុណភាពខ្ពស់របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាង ២០ រួមទាំង "ផ្លូវទៅកាន់វិបុលភាព" នឹងត្រូវចាក់ផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ប្រទេសប៉េរូជាបន្តបន្ទាប់។
លោក Gustavo Adrianson ប្រធានទីស្តីការគណៈរដ្ឋមន្ត្រី(នាយករដ្ឋមន្ត្រី)នៃប្រទេសប៉េរូ បានថ្លែងថា ប្រទេសប៉េរូ និងប្រទេសចិន គឺជាប្រទេសមានអរិយធម៌បុរាណ និងមានប្រវត្តិសាស្ត្រដ៏យូរលង់ ហើយទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរបានចាក់ឫសយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ប្រជាជន។ ខ្ញុំពិតជារីករាយណាស់ដែលបានមើលឃើញអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបាននាំយកមកនូវភាពយន្តនិងកម្មវិធីទូរទស្សន៍ចិនជាច្រើនសម្រាប់ចាក់ផ្សាយជូនទស្សនិកជនប៉េរូ ដែលនឹងលើកកម្ពស់បន្ថែមទៀតនូវមិត្តភាព និងការយល់ដឹងពីគ្នារវាងប្រជាជននៃប្រទេសទាំងពីរ។
លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយប៉េរូដើម្បីរៀបចំការបង្ហាញនិងចាក់ផ្សាយភាពយន្តនិងកម្មវិធីទូរទស្សន៍គុណភាពខ្ពស់លើកនេះ ក្នុងគោលបំណងអនុវត្តយ៉ាងសកម្មនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពចិន-ប៉េរូ ឱ្យចាក់ឫសយ៉ាងជ្រៅក្នុងដួងចិត្តរបស់ប្រជាជន ហើយជំរុញឱ្យមិត្តភក្តិប៉េរូមានការយល់ដឹងកាន់តែទូលំទូលាយអំពីប្រទេសចិនដែលជាប្រទេសមួយដ៏គួរឱ្យទុកចិត្ត គួរឱ្យស្រឡាញ់ និងគួរឱ្យគោរពក្នុងយុគសម័យថ្មី៕